អាយុ-វិហារ
អាយុ-វិហារ
ពិចារណាលើអំណាននៃពាក្យ
អាយុនិងវិហារ
៙ វិហារ (វិ ហ៊ា), វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១២០៥-០៦ ; មានអំណានថាវិហារ បើសិនជាមានយុគលពិន្ទុនោះខាងមុខរ៑ គឺ វិហារៈ អានថា៖ វិ ហា រ៉ៈ, ប៉ុន្តែបើសិនជាគ្មានតួរ៑ទេ គឺ វិហា អានថា៖ វិ ហ៊ា យ៉ាងដូច្នេះវិញ។ បើតាមការអង្កេត យើងឃើញថាបើសិនជាពាក្យនេះមានលក្ខណៈជាភាសាសំ.បា. នោះមានទម្រង់ដើរតាមលំឱននៃអំណាន ប៉ុន្តែបើសិនជាយើងមើលទៅលើន័យដែលស្ដែងតាមលក្ខណៈខ្មែរវិញ អំណានបែរជាប្រាស់ចាកលំឱននៃអំណានទៅវិញ។
៙ អាយុ ន. (បា.; សំ. អាយុស៑ ឬជា អាយុ ក៏មានខ្លះ) វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ១៧៤៤-៤៥។ បើយើងមើលទៅលើសំណេរលោកមិនបានបង្គាប់ថាអានយ៉ាងម៉េចទេ ដូច្នេះមានន័យថាត្រូវអាន អា យុ ដូច្នេះ។ ហើយលោកក៏បានបញ្ជាក់ផងដែរថា ខ្មែរប្រើជា អាយ៉ូស ក៏មានខ្លះ ដែលក្លាយពីសំ.។ បើតាមលំឱននៃអំណានគួរតែអានថា អា យ៉ុ ប៉ុន្តែមិនដូច្នេះទេ គឺ អា យុ ។
តទៅនេះ យើងនឹងសម្គាល់លើទម្លាប់នៃការនិយាយវិញម្ដងលើពាក្យ វិហារ ក្នុងសម្ដីធម្មតា ពិ ហ៊ារ /pᵊhiɜ/ យ៉ាងដូច្នេះវិញ។ បើយោងទៅតាមលំឱននៃអំណានខ្មែរ ព អាច ដូរសំឡេង ហ ជា ហ៊ បាន ដូច្នេះសម្ដីថា ពិ ហ៊ារ ជាសម្ដីដែលផ្លាស់ព្យញ្ជនៈ វ › ព បើតាមភាពលោស៊ីក គួរតែសរសេរថា ពិហារ តែប្រហែលជាការខំប្រឹងពត់ទៅរកបា.ពេកក៏មិនដឹង។ ដូច្នេះ មូលហេតុដែលគេសរសេរវិហារ អាចថា វិ ហ៊ា ដោយមិនមានប្រើត្រីសព្ទ គឺចេញពីលំឱននៃការផ្លាស់ប្ដូរព្យញ្ជនៈ វ › ព (ហ្សង់ មីសែលហ្វ៊ីលីពី)។ ដោយឡែក អាយុ ក៏មិនសូវជាខុសនឹងករណី វិហារ ដែរ តែប្លែកត្រង់ថាមួយនៅក្រុមអ មួយនៅក្រុមអ៊ ប៉ុណ្ណោះ។ បើយោងទៅតាមដំណើរដើមទងនៃខ្សែសម្ដី គឺខ្មែរប្រើ អាយុស៑ ដែលមកពីសំ. ហើយគេថា អា យ៉ូស ពិសេសនៅពេលដែលចាស់ឱ្យពរ គឺ អាយ៉ូសវែងណាស់ចៅ។ ក៏ប៉ុន្តែសព្វថ្ងៃមានការប្រែប្រួលដោយសារតែឥទ្ធិពលនៃសំណេរក្នុងវចនានុក្រម និងអ្នកបា. បានព្យាយាមទាញទៅរកបែបបា.។ មូលហេតុដែលឥទ្ធិពលនេះកើតមានបានយ៉ាងស្រួលបែបនេះមិនមានអ្វីដែលពិបាកនឹងយល់នោះទេ បើសិនជាយើងសម្គាល់លើករណី ខាងចុងពាក្យខ្មែរសព្វថ្ងៃមិនមានការបញ្ចេញសំឡេងខ្លីនៅខាងចុងនោះទេ បើសិនជាគេចង់រក្សាគឺគេបន្ថែមព្យញ្ជនៈចន្លោះខ្សែសំឡេងមួយ ឬក៏ដូរជាស្រៈវែងដែលជាស្រៈគូ។ ដូចជា៖ ពិន្ទុ/pɘntʊʔ/ និយាយ/niʔjiɜj, ni:jiɜj/ ធ្នូ(< ធនុ, ធនុស៑)/tʰnʊ:/ នេះជានិន្នាការដែលខ្មែរបានប្រើនិងវិវឌ្ឍមកក្នុងភាសាខ្មែរសព្វថ្ងៃ បើសិនជាគេចង់រក្សា ធាតុដើមនៃអំណានរបស់ឫសពាក្យដូចករណី អាយុ ប៉ុន្តែបើសិនជាគេធ្វើតាមបែបខ្មែរអាចជា អាយ៉ូ/ʔajoʊ/ អាយ៉ុ/ʔajoʔ/ ។ ចំពោះគោលការណ៍នេះក៏មានអនុវត្តខ្លះដែរនៅតាមខេត្តខ្លះដូចជាកំពង់ស្ពឺជាដើម។
ញ៉.ផល្លី សុផេន
២៣ មករា ២០២០

Comments
Post a Comment