ពាក្យផ្ទុយ/បដិសព្ទ (តទី១)

ពាក្យផ្ទុយ/បដិសព្ទ (តទី១)

នៅក្នុងអត្ថបទនេះ ជាអត្ថបទដែលបន្តចេញពី អត្ថបទមុនដែលជាអត្ថបទ(ពាក្យផ្ទុយ/បដិសព្ទ) ហើយវាមានទំនាក់ទំនងនឹង(គូកំណាន់/ពាក្យបញ្ច្រាស)។ ហើយក្នុងនោះ យើងក៏បាន បង្ហាញខ្លះៗហើយដែរស្ដីអំពីពាក្យផ្ទុយឬបដិសព្ទ។

តទៅនេះ

យើងនឹងធ្វើការសិក្សាទៅលើពាក្យផ្ទុយជាដំណាក់ៗ ដូចមានក្នុងអត្ថបទមុន(១.កម្រិតធៀប, ២.កម្រិតគូ, ៣.កម្រិតទ្វេ, ...)។ ដូចដែលលោកអ្នក អានធ្លាប់ដឹងកន្លងមកហើយ រាល់អត្ថបទនីមួយៗ របស់យើង យើងមិនចង់ឱ្យវែងពេកនោះទេ គឺខ្លី ទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន តែក៏មិន ចង់ឱ្យបាត់ន័យខ្លាំងនោះដែរ។ ដូច្នេះក្នុងអត្ថបទ នេះក៏អនុវត្តតាមលំអាននោះដែរ គឺយើងនឹងលើកតែករណីកម្រិតធៀបមួយសិនប៉ុណ្ណោះ។

កម្រិតធៀប

កម្រិតធៀប ជាពាក្យផ្ទុយដែលមានការប្រៀបធៀបគ្នារវាងពាក្យពីរ ដែលពាក្យនីមួយៗជាធាតុគោល។ ជាឧទាហរណ៍៖ ធំ-តូច ជាពាក្យផ្ទុយនឹងគ្នា ដែលធំនិងតូចជាធាតុគោល។ ធំ យើងអាចថា ធំល្មម ធំខ្លាំង ធំបំផុត ចំណែកតូច យើងអាចថា តូចល្មម តូចខ្លាំង តូចបំផុតជាដើមបាន។ ដូច្នេះពាក្យផ្ទុយ កម្រិតធៀប គឺជាពាក្យពីរដែលជាគុណនាម មិនមែនជាកិរិយានោះទេ ហើយក៏មិនមែនជានាមសព្ទអ្វី នោះដែរ។ 

បើយោងទៅតាមអំណោយនៃនិយមន័យខាងលើ យើងអាចបញ្ជាក់សេចក្ដីបានដូចតទៅ៖

១. មាន-ក្រ(ជាគុណនាម) ខុសពី មាន-ទទេ(ជាកិរិយា)

២. សុខ-ទុក្ខ ស្ថិតនៅក្នុងកន្សោមគុណនាម មាន/កើត ដូចកើតទុក្ខ-កើតសុខ មានសុខ-មានទុក្ខ (ពាក្យមាន)

៣. ស្រឡាញ់-ស្អប់ ល្អ-អាក្រក់ ជាដើម។

ឧទាហរណ៍ខាងលើ យើងឃើញថា មានភាពផ្សេងគ្នាដែល១.(មាន-ក្រ)ជាគុណនាម ដោយឆ្លើយនឹង

សំណួរថា ...កម្រិតណា? មានកម្រិតណា? ក្រកម្រិតណា?

ចំណែក(មាន-ទទេ)ជាកិរិយាសព្ទ មិនបានឆ្លើយនឹងសំណួរខាងលើនោះទេ ព្រោះទទេមិនអាចសួររក កម្រិតបានឡើយ ព្រោះគ្មានព្រឹត្តិការណ៍កើតឡើង ចំណែកមានអាចសួរបានព្រោះតែមានព្រឹត្តិការណ៍។

នេះជារូបតំណាងក្នុងការពន្យល់នៃកម្រិត៖

ល្អបំផុត ល្អណាស់ ល្អមធ្យម ល្អគ្រាន់បើ មិនសូវល្អ ; អាក្រក់បំផុត អាក្រក់ណាស់ អាក្រក់មធ្យម អាក្រក់គ្រាន់បើ មិនសូវអាក្រក់។ សូមបញ្ជាក់៖ យើងអាចដូរពីពាក្យល្អណាស់ទៅជាល្អខ្លាំងបាន ទៅតាម ស្ថានភាពនៃសម្ព័ន្ធរបស់ពាក្យ។ (យើងនឹងព្យាយាមរកភាពខុសគ្នាឬរកបរិបទនៃការប្រើប្រាស់រវាង ណាស់និងខ្លាំងយ៉ាងម៉េចនៅពេលក្រោយ)​​​។

សន្និដ្ឋាន៖ ពាក្យផ្ទុយឬបដិសព្ទកម្រិតធៀប ជាបដិសព្ទដែលអាចដាក់ពាក្យដែលជាគុណកិរិយាដើម្បី ប្រាប់អំពីកម្រិតរបស់វាងបាន ហើយពាក្យទាំងនោះ ជាពាក្យដែលមានព្រឹត្តិការណ៍កើតឡើង។ ពិសេស គឺមិនមែនជាកិរិយាឬនាមសព្ទឡើយ គឺគុណនាមឬកន្សោមគុណនាម។

Comments

Popular posts from this blog

ពាក្យផ្ទុយ-បដិសព្ទ

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

សង្គមភាសា-ការប្រើប្រាស់ពាក្យ