ស្រៈផ្សំ
ស្រៈផ្សំ
វិភាគស្រៈផ្សំនឹងព្យញ្ជនៈក្នុងប្រព័ន្ធសំណេរខ្មែរ
/អី; អៃ,អ៊ៃ; អៅ,អ៊ៅ; អុំ,អ៊ុំ; អំ,អ៊ំ; អាំ,អ៊ាំ; អះ,អ៊ះ; អុះ,អ៊ុះ; អេះ,អ៊េះ; អោះ,អ៊ោះ; អិះ,អ៊ិះ; អឹះ,អ៊ឹះ/
ហេតុអ្វីបានជាយើងលើកយកស្រះផ្សំប្រភេទនេះមកពិភាក្សា? ដោយសារតែវាជាប្រភេទស្រៈផ្សំនឹងព្យញ្ជនៈ និងមិនមានព្យញ្ជនៈប្រកបនៅខាងចុងវាឡើយ។ មូលហេតុដែលមិនមានដោយសារតែវាជាស្រៈផ្សំមានព្យញ្ជនៈប្រកបរួចស្រេចទៅហើយ។ ប៉ុន្តែ សូមកុំច្រឡំនឹងសំណេរដែលយើងឃើញក្នុងប្រព័ន្ធសំណេររបស់អក្សរខ្មែរយើង ដូចស្រៈខាងលើ យើងមិនឃើញមានព្យញ្ជនៈណាមួយសោះនោះ តើថាជាស្រៈផ្សំនឹងព្យញ្ជនៈម្ដេចនឹងកើតទៅ។
ជាដំបូង យើងសូមស្នើមិត្រអ្នកអាន បំភ្លេចសំណេរចេញសិន ហើយទៅជាមួយយើងដើម្បីវិភាគសូរវិទ្យា។ បន្ទាប់មក យើងនឹងពិនិត្យមើលទៅលើអក្ខរាវិរុទ្ធខ្មែរយើងវិញ។
វិភាគសូរ៖ អី/ej/ គឺជាការផ្សំគ្នារវាងស្រៈ/េ/នឹង/យ/ ដោយយើងពិសោធន៌លើការបញ្ចេញសំឡេង/ី/ឱ្យវែងកុំឈប់ នោះយើងនឹងទទួលបានសូរមួយដែលយើងឮ គឺ/យ/។ ប៉ុន្តែ ក្នុងសូរវិទ្យាសទ្ទតា/អ៊ី, -យ/(សូមមើល៖ ១)មិនសំខាន់ឡើយ ក៏ប៉ុន្តែសទ្ទតាវិទ្យាសំខាន់ (សូមមើល៖ ២)។ ឧ. ត្រី/trej/, ប្រិយ/prej/។ អៃ,អ៊ៃ ; /aj, ɛj/ គឺជាសូរផ្សំគ្នារវាងស្រៈ/ា, ែ/នឹង/យ/ ដោយយើងពិសោធន៍ដូចគ្នានឹងករណីស្រៈអី នោះយើងនឹងឃើញកើតមានដូចគ្នាតែម្ដង។ ឧ. កៃ/kaj/, ថ្ងៃ/tʰŋaj/; ព្រៃ/prɛj/, ន័យ/nɛj/។ ចំណែកឯ អៅ, អ៊ៅ ; /aɨ,aβ̞ ; əɨ,əβ̞/ ក៏ស្ថិតនៅក្នុងករណីដូចគ្នាដែរ គ្រាន់តែមានលក្ខណៈព្យញ្ជនៈដែលផ្សំនឹងវាប៉ុណ្ណោះ គឺ សទ្ទតាខាងចុងមិនមែនជា[-យ] បែរជា[-ឺឬជាវ៑]ទៅវិញ (សូមមើល៖ ៣)។ ករណីផ្សេងៗដែលមានសញ្ញា[-ំ, -ះ] គឺជាសញ្ញាដែលតាងឱ្យសទ្ទតា [-ំ=ម៑, -ះ=ហ៑,ស៑] (សូមមើល៖៤ )។ ឧ. ខ្ញុំ/kʰɲom/, នំ/nʊm/, ចាំ/cam/ ; ផ្ទះ/pʰteah/, ម្ទេស/mᵊteh/, ពោះ/pɔh,pʊɜh/, ជិះ/cih/។
សម្គាល់៖ សីល ប្រណីត ឆ្នាំង រនាំង ដែលយើងឃើញមានស្រៈ-ី, -ាំង មែន ប៉ុន្តែការបញ្ចេញសូរមិនដូចនឹងអក្ខរាវិរុទ្ធនោះទេ គឺសីល/sɘl/ ប្រណីត/prɒnɜt/ ឆ្នាំង/cʰnaŋ/ រនាំង/rɔneaŋ/។
ដូច្នេះ៖ ស្រៈដែលមានដូចករណីខាងលើគ្មានព្យញ្ជនៈប្រកបនៅខាងក្រោយដូចស្រៈផ្សេងៗឡើយ គឺមានព្យញ្ជនៈប្រកបរួចស្រេចហើយនៅក្នុងនោះ។ បើសិនជាវាមាននៅក្នុងពាក្យដែលខ្ចីពីបាឡី សំស្ក្រឹត ក៏ដោយក៏សូរដែលបញ្ចេញមិនមែនដូចនោះទេ គឺដូចជាស្រៈផ្សេងវិញ(មើលក្នុងសម្គាល់)។
ញ៉.ផល្លី សុផេន
០៦ កុម្ភៈ ២០២០

Comments
Post a Comment