ដម្បូងឬតម្បូង

ដម្បូងឬតម្បូង?

ដូចដែលយើងបានដឹង បានស្គាល់ បានឃើញកន្លងមកហើយនូវពាក្យដំបូង/ដម្បូងដែលគេសរសេរ ហើយយើងក៏យល់ព្រមថាមិនមានបញ្ហាអ្វីដែរ ចំពោះខ្ញុំអ្នកសរសេរអត្ថបទក៏មិនយល់ទាស់ដែរ គ្រាន់តែលើកយកចំណោទបញ្ហាខ្លះៗដើម្បីធ្វើការពិចារណា ហើយការពិចារណានេះមិនមែនធ្វើឱ្យសំណេរខ្មែរមានភាពមិនយល់ស្របគ្នាដូចករណីព្យាង្គតម្រួត ព្យាង្គរាយទេ គឺត្រឹមតែជាការពិចារណាប៉ុណ្ណោះ។

ដម្បូងជាអ្វី? ហើយប្រភពមកពីណា?
ជាទីមួយ ជាមុនបង្អស់ ជាដើម ជាកម្ពូល បើសិនជាយើងមើលពីអត្ថន័យនៃពាក្យនេះ គួរណាស់តែចេញពីផ្នត់ដែលមានន័យដូចគ្នានេះដែរ។ បើយើងមើលលើសំណេរដែលកត់ត្រាដោយ នោះយើងពិបាកនឹងរកពាក្យឫសណាស់ តើអាចទេមកពីពាក្យបូង›បួង (+ [ដម៑-] › ដម្បូង) ដែលមានន័យថាទៅលើ ស្រួចទៅលើ? បើតាមន័យនេះមិនសមហេតុផលទេ ព្រោះក្នុងការប្រើប្រាស់សព្វថ្ងៃមិនបានស្ដែងន័យដូចនេះទេ។ ដូច្នេះមិនអាចទៅរួចទេ ចំពោះករណីដែលបាននិយាយហើយខាងលើ។

ឥឡូវ យើងនឹងពិនិត្យទៅលើពាក្យឫសត្បូងវិញម្ដង តើអាចទៅរួចទេចំពោះពាក្យនេះ ជាដម្បូង យើងសូមពិចារណាលើពាក្យត្បូងនេះសិន ន័យដើម គឺក្បាល ដូចក្នុង ជីវិតតម្កល់លើត្បូង ត្បូងចម ហើយន័យរបស់ត្បូងដែលត្រូវគ្នានឹងក្បាលដែលខ្ចីពីភាសាសំ.បា.ថា កបាល នោះ យើងអាចយល់បានភ្លាមថា ជាកំពូល ជាធំ ជាមុនបង្អស់ ជាដើម ដែលត្រូវនឹងន័យនៃពាក្យដែលយើងសរសេរថា ដម្បូង ដែលយើងបានលើកយកមកនិយាយ។

ត្បូង + [-អម៑-] › តម្បូង 

ដូច្នេះ យើងគួរតែសរសេរតាមជាតិសព្ទឬក៏អ្វី តាមតែការយល់ឃើញរបស់យើង។ 

ញ៉.ផល្លី សុផេន
២៤ ធ្នូ ២០១៩

Comments