នឹង-ជាមួយ
នឹង-ជាមួយ
ភាពខុសគ្នារវាង
នឹង-ជាមួយ
តើនឹងជាអ្វី?
តើជាមួយជាអ្វី?
១. ខ្ញុំនឹងទៅផ្សារ។
២. ខ្ញុំទៅផ្សារនឹងគាត់។
៣. ខ្ញុំនៅផ្ទះនឹងបងស្រី។
៤. ខ្ញុំហូបបាយនឹងស្លាបព្រា។
៥. ខ្ញុំហូបបាយនឹងស្វាយទុំ។
៦. ខ្ញុំមានកំបិតនៅនឹងដៃ។
៧. ឱ្យខ្ញុំឆ្លើយលឿនម្ដេចនឹងកើត បើបាយនៅនឹងមាត់។
៨. ម្ដេចមិនទៅមើលល្ខោននឹងគេ?
៩. ទឹកនឹងពិបាកហែលណាស់ ទឹកហូរបានស្រួលហែល។
១០. ខ្ញុំទើបនឹងមកដល់មិញទេ។
បើសិនជាយើងមើលទៅលើឧទាហរណ៍ទាំងដប់ខាងលើ មានខ្លះដាក់ពាក្យនឹង/ជាមួយមើលទៅហាក់បីដូចជាមិនមានការប្រែប្រួលន័យសោះ ដូចជា ២. ខ្ញុំទៅផ្សារនឹងគាត់។/២.១. ខ្ញុំទៅផ្សារជាមួយគាត់។ ប៉ុន្តែ បើយើងមើលទៅលើប្រយោគផ្សេងៗមានប្រយោគខ្លះអាចជំនួយគ្នាបាន ហើយមើលទៅហាក់បីដូចជា មិនមានប្រែប្រួលន័យដែរ ; មានប្រយោគខ្លះអាចជំនួយគ្នាបានមែន តែមានការប្រែប្រួលន័យ ; មានប្រយោគខ្លះទៀតមិនអាចជំនួយគ្នាបានទេ។
តទៅនេះ យើងនឹងសាកល្បងជំនួសប្រយោគនីមួយ ហើយពិនិត្យមើលលើន័យដែលវាស្ដែង រួចហើយនឹងសន្និដ្ឋានលើប្រយោគទី ២. និង ២.១. ថាតើវាខុសគ្នាយ៉ាងម៉េច។ ចំពោះការសិក្សាហើយនឹងពិនិត្យមើលលើសម្ព័ន្ធរបស់វាជាមុនសិន បន្ទាប់មកយើងនឹងពិនិត្យលើន័យតាមក្រោយ។
ទម្រង់៖
ក. ប្រធាន/នាម + នឹង ...។
៩. ទឹកនឹងពិបាកហែលណាស់ ទឹកហូរបានស្រួលហែល។ ទឹកនឹង ជាកន្សោមនាម ដែលទឹកជានាម ហើយ នឹង ជាគុណនាម បង្កើតបានជាកន្សោមនាម គឺទឹកនឹង។ ប៉ុន្តែបើសិនជានៅក្នុងឃ្លាថា ទប់ដបឱ្យវានឹង។ នឹង ជាកិរិយា។ ដូចក្នុងករណីខាងលើ ហើយមិនអាចជំនួសពាក្យជាមួយបានឡើយ ទោះបីជាក្នុងកម្រិតណាក៏ដោយ។ ?៩.១. ទឹកជាមួយពិបាកហែលណាស់ ទឹកហូរបានស្រួលហែល។ ហើយយើងក៏មិនអាចថា ទប់ដបឱ្យវាជាមួយ បានដែរ។
ខ. ប្រធាន + នឹង + កិរិយា ...។
១. ខ្ញុំនឹងទៅផ្សារ។ ដែលពាក្យនឹងជាបំបែកកាលថាអាចឬក៏កើតមានសកម្មភាពទៅផ្សារនាពេលអនាគត ដែលកំឡុងពេលនិយាយមិនទាន់មានសកម្មភាពទៅផ្សារនៅឡើយទេ។ បើសិនជាយើ់ងជំនួសដោយពាក្យជាមួយលទ្ធភាពផ្នែកសម្ព័ន្ធមិនអាចកើតឡើងបានទេ។ ?១.១. ខ្ញុំជាមួយទៅផ្សារ។
គ. ប្រធាន + បំណែប + នឹង + កិរិយា ...។
១០. ខ្ញុំទើបនឹងមកដល់មិញទេ។ នឹង ជាបំណែបដូចគ្នានឹងទម្រង់ខ. ប៉ុន្តែការបញ្ជាក់លក្ខណៈមិនដូចគ្នាទេ គឺខ.ពាក្យនឹងបញ្ជាក់ឱ្យកិរិយាទៅ ប៉ុន្តែក្នុងទម្រង់គ.ពាក្យនឹងបញ្ជាក់ឱ្យបំណែបទើប។ ទោះបីជាមានពាក្យនឹងឬគ្មាននឹងក៏ដោយក៏លេខ១០នៅតែស្ដែងន័យសកម្មភាពនៅអតីតកាលថ្មីៗកំឡុងពេលគេនិយាយដដែល អ្វីដែលខុសនោះ គឺនឹងស្ដែងហួសពីភាពជាក់ស្ដែងនៃសម្ព័ន្ធ គឺស្ដែងអារម្មណ៍របស់អ្នកនិយាយ ដែលអ្នកនិយាយនោះមានអារម្មណ៍ថាខ្លួនមិនទាន់មកដល់។ ហើយករណីនេះក៏យើងមិនអាចជំនួយដោយពាក្យជាមួយបានដែរ។ ?១០.១. ខ្ញុំទើបជាមួយមកដល់មិញទេ។
ឃ. ឃ្លា + នឹង + នាម/កន្សោមនាម។ ឧទាហរណ៍ ២-៨
៤. ខ្ញុំហូបបាយនឹងស្លាបព្រា។ ដែលគេថាដូច្នេះ គឺគេយកស្លាបព្រាជាមធ្យោបាយដួសបាយឬម្ហូបដើម្បីបញ្ចូលមាត់។ ដែលស្លាបព្រាមិនមានសកម្មភាពអ្វីឬក៏ចូលរួមនឹងមនុស្សទេ គឺមនុស្សជាអ្នកដឹកនាំសកម្មភាពទាំងស្រុង។ បើយើងជំនួសដោយពាក្យជាមួយ *៤.១.ខ្ញុំហូបបាយជាមួយស្លាបព្រា។ ដូចគ្នាអីចឹងដែរនៅត្រង់លេខ៧.ឱ្យខ្ញុំឆ្លើយលឿនម្ដេចនឹងកើត បើបាយនៅនឹងមាត់។ ដែលគេបង្ហាញថា បាយដែលជាធាតុចម្បងមិនឱ្យមានសកម្មភាពឆ្លើយលឿនបាន មិនមែនមាត់ទេ ដែលមាត់គ្រាន់តែជាមធ្យោបាយប៉ុណ្ណោះ។ ដូច្នេះហើយបានជាគេមិននិយាយថា*៧.១.ឱ្យខ្ញុំឆ្លើយលឿនម្ដេចនឹងកើត បើបាយនៅជាមួយមាត់។ ចំពោះឃ្លា ឱ្យខ្ញុំឆ្លើយលឿនម្ដេចនឹងកើត មើលក្នុងករណីខ.។ ៦.ខ្ញុំមានកំាបិតនៅនឹងដៃ។ ក៏មិនមានអ្វីប្លែងពីលេខខាងលើដែរ គ្រាន់តែខាងក្រោយនឹងប៉ុណ្ណោះដែលខុស បើសិនជាយើងមើលទៅលើលេខ៤ ស្លាបព្រាជាមធ្យោយដើម្បីចាប់ឬដួសបាយបញ្ចូលមាត់ ចំណែកលេខ៦. គឺដៃដែលដៃជាមធ្យោបាយកាន់កំាបិតប៉ុណ្ណោះ ដែលអ្វីដែលគេមានគឺកាំបិត ដែលកាំបិតនៅជាប់នឹងខ្លួនមនុស្សនោះបានអាស្រ័យដោយដៃ។ ប៉ុន្តែ បើគេជំនួសដោយពាក្យជាមួយ នោះមើលទៅហាក់បីដូចជាដូចគ្នា ៦.១. ខ្ញុំមានកំាបិតនៅជាមួយដៃ។ ដល់ពេលយើងផ្ទៀងផ្ទាត់ដោយប្រើឃ្លាផ្សេងថា ៦.ក. ខ្ញុំទុកកាំបិតនៅជាមួយកន្ត្រៃ។ បានសេចក្ដីថា កំាបិត កន្ត្រៃ នៅទីតាំងតែមួយ។ តែបើថា ៦.ក.១. ខ្ញុំទុកកំាបិតនៅនឹងកន្ត្រៃ។ អាចស្ដែងន័យថា កាំបិតនៅលើឬអាស្រ័យដោយកន្ត្រៃ ដែលទីតាំងរបស់កំាបិតមិនឯករាជ្យឡើយ។ យើងនឹងបញ្ជាក់ឱ្យច្បាស់ឡើងទៀតនៅក្នុងចំណុចលេខ៨.ម្ដេចមិនទៅមើលល្ខោននឹងគេ? ដែលគេមិនដឹងជានរណាម្នាក់សោះ ហើយគេនោះក៏មិនមានទំនាក់ទំនងនឹងមនុស្សដែលបង្គាប់និងទទួលបង្គាប់ឱ្យទៅមើលល្ខោននោះដែរ គឺព្រឹត្តិការណ៍លេងល្ខោន មានអ្នកមើលជារឿងធម្មតា ការទៅមើលល្ខោនក៏ជារឿងសាមញ្ញ ព្រោះជាការបើកឱ្យទស្សនាជាសាធារណៈ។ ចំណែកការទៅមើល្ខោនជាសកម្មភាពរបស់អ្នកទៅមើល ដូច្នេះឃ្លានេះបញ្ជាក់ថា ការទៅមើលល្ខោនរបស់គាត់គ្មានទំនាក់ទំនងនឹងអ្នកដែលទៅមើលផ្សេងនោះទេ គឺសកម្មភាពតែម្នាក់ឯង ដែលពេលខ្លះទៅប្រទះនឹងអ្នកទៅមើលតាមផ្លូវដូចគ្នាក៏ដោយ។ បើគេចង់ស្ដែងន័យថាមានទំនាក់ទំនងឬក៏ភ្ជាប់ខ្លួនឱ្យមានទំនាក់ទំនង គេថា ៨.១.ម្ដេចមិនទៅមើលល្ខោនជាមួយគេ? ដែលគេនោះអាចជាមិត្រភក្តិឬក៏ជាមនុស្សដែលគេបាននិយាយរួចម្ដងហើយ។ ដល់ពេលយើងមកមើលលើឧទាហរណ៍លេខ៥.ខ្ញុំហូបបាយនឹងស្វាយទុំ។ បើយើងយោងទៅលើពាក្យដែលគេសរសេរនិង នឹង មានដូចគ្នាទេ។ លេខ៥. ជាការស្ដែងន័យថាបាយជាធាតុចាំបាច់ ឯស្វាយទុំជាធាតុបន្ទាប់បន្សំមិនចាំបាច់ ដែលគេយកមកធ្វើជាម្ហូបជំនួសម្ហូបធម្មតាមានសម្ល ត្រី សាច់ ជាដើម។ តែបើគេថា ៥.១.ក. ខ្ញុំហូបបាយនិងស្វាយទុំ។ នោះពាក្យ បាយ ស្វាយទុំ ជាធាតុតែមួយ ហើយស្មើគ្នា គឺ ខ្ញុំជាប្រធាន ហូបជាកិរិយា បាយនិងស្វាយទុំជាកម្មបទ។ តែបើគេថា ៥.១.ខ្ញុំហូបបាយជាមួយស្វាយទុំ។ គឺគេភ្ជាប់ទំនាក់ទំនងរវាងបាយនិងស្វាយទុំជារឿងតែមួយឬក៏អាចថាគេចាត់ទុកស្វាយទុំជាម្ហូបដែលតំឡើងដូចជាសម្ល ត្រី សាច់ អីចឹងដែរ។ មកដល់ចំណុចចុងក្រោយគឺលេខ៣ និងលេខ២ ដែលយើងពិបាកនឹងជឿថាជាប្រយោគដែលស្ដែងន័យខុសគ្នានោះ តែបើយើងព្យាយាមមើលនៅចំណុចដែលយើងបាននិយាយជាបន្តបន្ទាប់នោះដោយយកចិត្តទុកដាក់ យើងជឿច្បាស់ថា អ្នកអាននឹងមើលឃើញពីភាពខុសគ្នាតែម្ដង ដោយគ្រាន់តែយើងសាកបន្ថែមពាក្យមួយនៅក្នុងចំណុចលេខ២.ជា ២.ក.១. ខ្ញុំទៅផ្សារនឹងម៉ូតូគាត់។ គេមិនអាចថា *២.ខ.១.ខ្ញុំទៅផ្សារជាមួយម៉ូតូគាត់។ បើគេថាដូចលេខ២. នោះវាស្ដែងសេចក្តីថា យើងទៅផ្សារ គឺអាស្រ័យគាត់ មិនមែនទៅដោយខ្លួនឯងនោះតែ អាចជាមធ្យោបាយ ឬក៏មានអ្វីមួយជាហេតុ។ ហើយបើយើងមើលទៅលើចំណុចលេខ៣. ខ្ញុំនៅផ្ទះនឹងបងស្រី។ ច្បាស់ណាស់ ខ្ញុំ រស់នៅមិនមែនរស់ដោយខ្លួនឯងនោះតែ គឹមានបងស្រីជាអ្នកពំនុកបំរុង តែបើថា ៣.១.ខ្ញុំនៅផ្ទះជាមួយបងស្រី។ ន័យដែលស្ដែងអាចមានបងស្រីជាអ្នកពំនុកបំរុង ឬក៏ចេញស្មើគ្នាតែរួមរស់នៅផ្ទះតែមួយ។
សន្និដ្ឋាន៖ ពាក្យនឹង ជាមួយ មិនដូចគ្នានោះទេ ទោះបីស្ថិតនៅក្នុងសម្ព័ន្ធដូចគ្នាក៏ដោយ តែស្ដែងន័យខុសគ្នា ដោយពាក្យជាមួយ មានភាពជារួម ពាក្យនឹង គ្មានភាពជារួមទេ តែទាញបញ្ចូលឬក៏មធ្យោបាយដើម្បីមកជារួម។
ញ៉.ផល្លី សុផេន
០៩ កុម្ភៈ ២០២០

Comments
Post a Comment