ជាង
ជាង
សិក្សាពាក្យ "ជាង" ក្នុងទម្រង់នានា ដោយពិនិត្យមើលលើន័យទូទៅ
|
| សម្ព័ន្ធវិទ្យាខ្មែរ-សិក្សាពាក្យ "ជាង" |
២- មុននឹងអានអត្ថបទនេះ ខ្ញុំស្នើឱ្យលោកអ្នកគិតបន្តិចសិន ហើយចាំអានអត្ថបទសិក្សារបស់ខ្ញុំដែលយោងទៅតាមសម្ព័ន្ធ និងន័យដែលមិនច្រឡំ រហូតដល់ន័យដែលស្មុគ្រស្មាញ។
៣- ដើម្បីសិក្សា យើងមិនភ្លេចទេអំណោយន័យរបស់វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំព័រ២៥៦ ជាង អា.និ. លើស, លើសលែង : ផ្ទះនេះល្អជាងផ្ទះនុ៎ះ។ បើយោងតាមវចនានុក្រម យើងឃើញថាកន្សោមនាមទី១(ផ្ទះនេះ)មានលក្ខណៈល្អប្រសើរ មានកម្រិតខ្ពស់ ដោយធៀបនឹងកន្សោមនាមទី២(ផ្ទះនុ៎ះ)ដែលមានលក្ខណៈមិនសូវល្អ មិនសូវប្រសើរ មានកម្រិតមិនសូវខ្ពស់ដូចនឹងកន្សោមនាមទី១។ ដូច្នេះនាំឱ្យយើងសន្និដ្ឋានបានថា៖ ១)ន័យ : កន្សោមនាមខាងមុខជាងមានលក្ខណៈក្នុងកម្រិតខ្ពស់ ចំណែកកន្សោមនាមទី២ដែលនៅខាងក្រោយជាងមានកម្រិតទាប បើខ្ពស់ក៏មិនខ្ពស់ដល់កន្សោមនាមទីមួយដែរ។ ២)សម្ព័ន្ធ : ន.១ + គុ. + ជាង + ន.២។
សម្គាល់៖ ១) យើងមិនសិក្សាលើពាក្យ ជាង ដែលសម្ដៅដល់មនុស្សដូចជា ជាងកាត់សក់ ជាងដេរជាដើមនោះទេ។ ២) យើងនឹងមិនប្រើពាក្យ ជាង ក្នុងពន្យល់របស់យើងទេ ដោយយើងប្រើពាក្យផ្ទុយឬក៏ប្រើពាក្យណាមួយផ្សេងដែលអាចបញ្ចែកពីភាពខុសគ្នាបាន ដើម្បីបញ្ជៀសនូវការច្រឡំសេចក្ដីនាំឱ្យមានពិពិធភាពផ្នែកគំនិត។ ដូចផ្ទះនេះល្អជាងផ្ទះនោះ។ យើងនឹងប្រើពាក្យថា ផ្ទះនេះល្អ ផ្ទះនោះមិនល្អ ឬមិនសូវល្អ ឬអន់តែម្ដង។
៤- តទៅនេះ យើងនឹងសិក្សាលើគ្រប់បរិបទនៃសម្ព័ន្ធរបស់ជាង ដើម្បីរកឱ្យឃើញថា ដូចអំណោយន័យរបស់វចនានុក្រមឬក៏មានអ្វីប្លែងជាង? ដើម្បីនឹងឈានទៅសិក្សា យើងត្រូវពិនិត្យលើឧទាហរណ៌ជាមុនសិនដើម្បីជាទិន្នន័យក្នុងការសិក្សា។
ក- ឧទាហរណ៍ :
a- ខ្ញុំមានលុយច្រើនជាងសីហា។
b- ប្រទេសរុស្ស៊ីធំជាងគេ។
c- តា ឆ្នាំនេះដូចជាចាស់ជាងឆ្នាំទៅ។
d- កូនខ្ញុំ វា[មាន]អាយុជាង២០ហើយ។
e- ទើបនឹងមកដល់ ម៉ោងជាងដប់ហើយហ្នឹង?
f- កូនបងនិងកូនប្អូន មួយណារៀនល្អជាង?
ខ- វិភាគ :
a- ខ្ញុំមានលុយច្រើនជាងសីហា។ គឺគេចង់ប្រៀបធៀប"លុយ" ដែលលុយរបស់ខ្ញុំមានច្រើន ហើយលុយរបស់សីហាមានច្រើនដែរ តែបើសិនជាគេប្រៀបធៀបឃើញថា លុយរបស់ខ្ញុំ គឺមានច្រើន ឯលុយរបស់សីហា មានច្រើនដែរ តែមិនច្រើនដល់លុយរបស់ខ្ញុំ។
b- ប្រទេសរុស្ស៊ីធំជាងគេ។ គឺគេចង់ប្រៀបធៀប"ទំហំដី"ដែលប្រទេសនីមួយៗមានក្នុងលោកទាំងមូល។ ហើយទំហំដីរបស់ប្រទេសរុស្ស៊ីមានចំណែកធំ។ រីឯប្រទេសផ្សេងៗមិនមិនទំហំធំដល់ប្រទេសរុស្ស៊ីទេ គឺតូចបើធៀបនឹងប្រទេសរុស្ស៊ី។ គេ គឺជាសព្វនាមដែលសម្ដៅដល់ប្រទេសនានាដែលមានក្នុងលោក តែមិនមែនជាប្រទេសរុស្ស៊ី។
c- តា ឆ្នាំនេះដូចជាចាស់ជាងឆ្នាំទៅ។ គឺគេចង់ប្រៀបធៀបខ្លួនតា ដែលមានការវិវត្តពីក្មេងទៅចាស់ដែលជារឿងធម្មតា ប៉ុន្តែបើធៀបរវាងឆ្នាំមុន គឺក្មេង ហើយឆ្នាំនេះគឺចាស់ដែលអាចឱ្យគេកត់សម្គាល់បាន និយាយឱ្យចំ គឺប្រែប្រួលខ្លាំង។
សន្និដ្ឋាន១៖ បើសិនជាយើងមើលទៅលើសេចក្ដីនៃការវិភាគទំាងបី[a, b, c]ខាងលើ យើងឃើញថា កន្សោមនាមខាងមុខជាង មានភាពល្អប្រសើរ ខ្ពស់ ពិសេស លើសកន្សោមនាមដែលនៅខាងក្រោយវា។
d- កូនខ្ញុំ វាអាយុជាង២០ហើយ។ បើសិនជាយើងយោងទៅលើសន្និដ្ឋាន១ យើងឃើញថាដូចគ្នាទាំងស្រុងទៅលើផ្នែកន័យ ប៉ុន្តែមានលក្ខណៈដោយឡែកលើផ្នែកសម្ព័ន្ធ។ គឺ នាម + ជាង + គុ. ; អាយុជាង២០។ នៅក្នុងលក្ខណៈបែបនេះ ការប្រៀបធៀបមិនមែន ប្រៀបធៀបកន្សោមនាមដែលនៅខាងមុខជាងនឹងគុណនាមនៅខាងក្រោយវាទេ គឺជាការប្រៀបធៀបរវាងគុណនាមនៅខាងក្រោយនាមដែលនៅខាងមុខជាង តែគុណនាមនោះមិនបានរំលេចចេញនោះទេដោយសារតែវាជាប្រភេទគុណនាមមិនច្បាស់ តែយើងដឹងថាវាជាប្រភេទគុណនាមដូចគ្នានឹងគុណនាមដែលនៅខាងក្រោយជាង។ បានសេចក្ដីថា បើខាងក្រោយជាងជាគុណនាមចំនួន នោះគុណនាមដែលនៅខាងមុខក៏ជាគុណនាមចំនួនដែរ។ ទម្រង់៖ [(នាម + គុណនាម?) + ជាង + គុណនាម] ; អាយុ + ច្រើន(ជាគុណនាមប្រាប់អំពីចំនួនដែលគេមិនប្រាប់ថាប៉ុន្មាន) + ជាង + ២០ (សូមមើល ដើម្បីជាគំនិតក្នុងការយល់លើភាពស្រដៀងគ្នានៃអវត្តមាន-វត្តមាននៃគុណនាមវត្តមាន-អវត្តមាននៃកម្មបទក្នុងប្រយោគ)។ ប៉ុន្តែ ប្រសិនដូរសម្ព័ន្ធរបស់dជា d1- កូនខ្ញុំ វាអាយុ២០ជាងហើយ។ នោះយើងនៅតែយល់ថាវាស្ដែងន័យដូចគ្នានឹងប្រយោគdដែរ គ្រាន់តែដូរទម្រង់ប៉ុណ្ណោះ។ នៅចំណុចនេះ យើងអាចថាដូច្នេះបាន ប៉ុន្តែយើងពិនិត្យទៅ យើងមិនដឹងថាយកអ្វីទៅធៀបនឹងអ្វីនោះទេ ពីព្រោះនៅខាងក្រោយជាងមិនមានអ្វីសោះដែលត្រូយកមកធៀបនឹងគុណនាមខាងមុខវា។ ដោយសារតែវាខុសពីលក្ខខណ្ឌនៃការប្រៀបធៀបទូទៅ គឺត្រូវមានរបស់ពីរឬច្រើនមកធៀបមើល។ ហើយបើយើងយោងទៅលើលក្ខណៈទូទៅនៃការប្រៀបធៀប នាំឱ្យយើងទាញសន្និដ្ឋាន(២)បានថា៖ d1 មិនមែនជាការប្រៀបធៀបនោះទេ គឺជាការប្រើទម្រង់ផ្សេងទៅវិញ គឺ d2 កូនខ្ញុំ វាអាយុ២០ (ឬ)២០ជាងហើយ។ ដែលជាងក្នុង(d2)មិនមែនជាពាក្យសម្រាប់ប្រៀបធៀបទៀតទេ គឺជាពាក្យដែលស្ដែងថា"លើស" ; d2' កូនខ្ញុំ វាអាយុ២០ (ឬ)២០លើសហើយ។
e- ទើបនឹងមកដល់ ម៉ោង១០ជាងហើយហ្នឹង? នៅចំណុចនេះក៏មិនខុសពីចំណុច d, d1, d2, d2' ដែរ ដូច្នេះហើយមិនបកស្រាយម្ដងទៀតទេ សូមលោកអ្នកប្រៀបធៀបនឹងចំណុចខាងលើផងចុះ។
f- កូនបងនិងកូនប្អូន មួយណារៀនល្អជាង? ចំពោះចំណុចនេះក៏មិនមានអ្វីដែលត្រូវវិភាគទៀតដែរ ត្បិតយើងបានវិភាគច្រើនរួមមកហើយនៅផ្នែកខាងលើ។ តែទោះបីជាយ៉ាងណាក៏យើងឃើញថាវាមានលក្ខណៈផ្សេងពីចំណុចខាងលើខ្លះដែរ ១)ជាប្រភេទសំណួរ ២) ទម្រង់៖ កន្សោមកិរិយា + ជាង។ បើសិនជាងយើងមើលលើទម្រង់នេះ និងមើលលើសន្និដ្ឋាន២ នោះឃើញថាមិនមែនជាការប្រៀបធៀបទេ ពីព្រោះដូចគ្នាទាំងស្រុង តែន័យបែរជាស្ដែងតាមលក្ខណៈប្រៀបធៀបទៅវិញ។ គំនិតនេះមិនខុសទេ ប៉ុន្តែយើងភ្លេចគិតថា នៅក្នុងfមានរបស់ធៀប គឺកូនបង និងកូនប្អូន ជារបស់ដែលគេយកមកធៀបគ្នា តែការធៀបនោះជាចំណោទដោយគេមិនដឹងថាមួយណាជាមួយណាល្អ ប្រសើរ ពិសេស ហើយមួយណាមិនសូវល្អ មិនសូវប្រសើរ មិនសូវពីសេស។ ដោយហេតុនេះហើយបានជា គឺយករបស់ធៀបទាំងពីរ មកដាល់នៅខាងមុខ។ បើសិនជាគេឆ្លើយនឹងf គឺគេថា៖ g- កូនបងរៀនល្អជាង[កូនបង]។/ កូនបងរៀនល្អជាង។ មូលហេតុដែលអវត្តមានកន្សោមនាមខាងក្រោយជាងក៏ដោយសារតែមានការប្រាប់រួមហើយនៅសំណួរដែលគេសួរខាងលើ(f) ដូច្នេះវត្តមានឬអវត្តមានមិនសំខាន់ទេ។
៥- សន្និដ្ឋានរួម : ១) បើជាង ជាការប្រៀបធៀប លុះត្រាតែមានរបស់ចាប់ពីពីរឡើងទៅ ២) បើជាង មិនមែនជាការប្រៀបធៀប លុះត្រាតែមិនមានរបស់ដែលត្រូវប្រៀបធៀប។
ញ៉.ផល្លី-សុផេន
២៥ កក្កដា ២០២១

Comments
Post a Comment