ប្រព័ន្ធសទ្ទតា-រ៑-ន៑_មិនត្រួតលើគ្នា

ប្រព័ន្ធសទ្ទតា-រ៑-ន៑_មិនត្រួតលើគ្នា

ហេតុដូចម្ដេចបានជាសទ្ទតារ៑មិនអាចស្ថិតនៅក្រោមសទ្ទតាន៑ដូចជាករណី៖
ង្ក,ង្ខ,ង្គ,ង្ឃ,?ង្ង; ញ្ច,ញ្ឆ,ញ្ជ, [...]ម្ប,ម្ផ,ម្ព,ម្ភ,ម្ម

ប្រព័ន្ធសទ្ទតា-រ៑-ន៑_មិនត្រួតលើគ្នា
តារាងសូរវិទ្យាអន្តរជាតិ
ដូចដែលយើងបានបង្ហាញខាងលើរួចមកហើយថា ហេតុដូចម្ដេចក៏រ៑មិនមានលក្ខណៈដូចគ្នានឹងក៑ ខ៑ ... ដែលតម្រួតនៅក្រោមង៑ដែលស្ថិតនៅក្រុមជាមួយគ្នាបាន?

មុននឹងធ្វើការវិភាគ យើងសូមធ្វើបំណែងចែងអំពីការវិភាគនេះសិន គឺយើងវិភាគតែទៅលើទម្រង់នៃការបង្កើតពាក្យដោយប្រើផ្នត់ដើម[ពស] ពដិតជាតំណាងឱ្យព្យញ្ជនៈខ្យល់ច្រមុះគឺ ង៑ ញ៑ ណ៑ ន៑ ម៑។ ដូចក្នុងពាក្យ កើត + [បង៑-] › បង្កើត, ចេញ + [បញ៑-] › បញ្ចេញ, ដើរ + [បណ៑-] › បណ្ដើរ, តិច + [បន៑-] › បន្តិច, ភ័យ + [បម៑-/បំ-] › ?បម្ភ័យ/ បំភ័យ។ ប៉ុន្តែយើងមិននិយាយដល់ពាក្យកម្លាយដែលកើតចេញពីវិធីផ្សេងៗទៀតដូចជា ស្រេច + [-អម៑-] › សម្រេច នោះទេ ព្រោះមានអ្វីដែលទាក់ទងនឹងប្រព័ន្ធសទ្ទតាឡើយ។

នៅមានសំណេរក្នុងអក្សរខ្មែរយើងផ្សេងទៀតដែលគួរតែលើកយកមកពិចារណា ដូចជា៖ វិល + [បង៑-] › បង្វិល ហេតុអ្វីមិនជា បំវិល/បម្វិល, យល់ › ពន្យល់ ហេតុអ្វីមិន ពញ្យល់ នៅក្នុងចំណុចនេះ ខ្ញុំធ្លាប់ស្ដាប់គេនិយាយថា បង្វិល[ɓɒŋβ̞ɘl, ɓɒmβ̞ɘl, pᵊβ̞ɘl] ពន្យល់[pɔnjɔl, pʊɲjɔl, pᵊjɔl]។ ប៉ុន្តែយើងនឹងមិនវិភាគនៅក្នុងអត្ថបទនេះទេ នៅពេលក្រោយយើងនឹងសាកល្បងពន្យល់និងរកមូលហេតុ។

យើងមើលក្នុងតារាងសូរវិទ្យាអន្តរជាតិ ប្រព័ន្ធសទ្ទតាវិទ្យានៅក្នុងសំណេរជាខ្មែរយើងគោរពតាមប្រព័ន្ធនេះ លើកលែងតែអ្វីដែលយើងបានបង្ហាញពីភាពមិនប្រក្រតីខាងលើ ហើយនៅទីនេះយើងនឹងពិចារណាលើភាពមិនប្រក្រតីត្រឹមតែសទ្ទតារ៑មួយសិនប៉ុណ្ណោះ។

វគ្គ កខគឃ ង
ក ; កើត › បង្កើត
ខ ; ខក › បង្ខក
គ ; គង › គេច › បង្គេច
ឃ ; ឃាំង › បង្ឃាំង
ង ;
វគ្គ ចឆជឈ ញ
ច ; ចូល › បញ្ចូល
ឆ ; ឆេះ › បញ្ឆេះ
ជ ; ជូន › បញ្ជូន
ឈ ; ឈប់ › បញ្ឈប់
ញ ; ញ៉ែម › បញ្ញែម
វគ្គ ដឋឌឍ ណ
ដ ; ដើរ › បណ្ដើរ
ឋ, ឌ, ឈ មិនមានប្រើក្នុងភាសាខ្មែរទេ គឺទិដ្ឋភាពកម្ចី
វគ្គ តថទធ ន
ត ; តិច › បន្តិច
ថ ; ថោក › បន្ថោក
ទ ; ទាប › បន្ទាប
ធ ; ធូរ › បន្ធូរ
ន ;
វគ្គ បផពភ ម
ប ; បែក › បំបែក/?បម្បែក
ផ ; ផុស › បំផុស/?បម្ផុស
ព ; ពុល › បំពុល/?បម្ពុល
ភ ; ភាយ › បំភាយ/?បម្ភាយ
ម ;

តាមឧទាហរណ៍ទាំងអម្បាល់ខាងលើប្រព័ន្ធសំណេរតាមបែបសទ្ទតាក្នុងការត្រួតនៃព្យញ្ជនៈខ្យល់ច្រមុះអាស្រ័យលើទីបន្លឺ គឺទីកន្លែងរបស់វា ហេតុដូច្នេះហើយបានជា ង អាចត្រួតបានលើ ហ(ហូរ › បង្ហូរ) អ(អន់ › បង្អន់) ចំណែក ន ត្រួតលើ ស(ស៊ី › បន្ស៊ី) ល(លិច › ពន្លិច) ។

បើយោងទៅលើងលក្ខណៈខាងលើប្រាកដណាស់ ន ត្រូវតែត្រួតលើ រ មិនមែន ង ទេ ព្រោះពួកវាស្ថិននៅតំបន់ដូចគ្នា។

ចំពោះការសរសេរយកសទ្ទតា ង៑ ត្រួតលើ រ៑ មិនមែនជារឿងច្រឡំទេ នេះបើយោងទៅតាមលោកហ្សង់ មីសែលហ្វ៊ីលីពី។ តាមទស្សនៈលោក សទ្ទតារ៑ពីមុនមិនមែនជារ៑ដែលនៅទីបន្លឺនឹងសទ្ទតាន៑នោះទេ គឺស្ថិតនៅត្រង់កន្លើត។ ព្រោះលោកសម្អាងទៅលើភូមិសាស្ត្រខាងលិចនៃប្រទេសមានសៀមរាប សុរិន្ទ្រ ជាដើម រ៑ នៅតំបន់នោះស្ថិននៅក្រុមនឹងន៑ ប៉ុន្តែភាគខាងកើតនៃប្រទេសមានស្វាយរៀង កម្ពុជាក្រោម ជាដើម រ៑ នៅតំបន់នោះស្ថិតនៅក្រុមផ្នែកខាងក្រោយង៑បន្តិច។ ហើយការសរសេរកើតមានឡើងដំបូង គឺចេញពីភាគខាងកើតនៃប្រទេស ដូច្នេះហើយបានជាគេសរសេរនឹងង៑ ក្រោយៗមកក៏ជាប់ដូច្នេះទៅ។ មូលហេតុដែលលោកអះអាងយ៉ាងដូច្នេះក៏មកពីលោកពិនិត្យមើលសទ្ទតារ៑ដែលមាននានាភាព ជា ហ៑ ដូចពាក្យ រៀន[riɜn > ɦ̤i̤ɜn], ត្រង់[trɑŋ > to̤ɑ̤ŋ]។

ដូច្នេះពីមុន ក្នុងភាសាខ្មែរមានរ៑ពីរប្រភេទ គឺ [r, ʁ] ប៉ុន្តែសព្វថ្ងៃមាន រ៑[r] ចំណែករ៑[ʁ] ជា[ɦ]។

ញ៉.ផល្លី សុផេន
០៤ ធ្នូ ២០២០

Comments