អ-អ៊ ជាអ្វី

អ-អ៊ ជាអ្វី?

៙ មានគំនិតជាច្រើនដែលមិនទាន់យល់ស្របនឹងគ្នាថា «អ/អ៊» ជាស្រៈឬព្យញ្ជនៈ ហើយគំនិតនេះនៅតែមិនទាន់មានការសិក្សាណាមួយជារួមឡើយ ដូច្នេះ យើងសូមសាកល្បសិក្សាប្រៀបធៀបមើល៍ ថាតើវាជាអ្វីឲ្យប្រាកដឬក៏ទាំងពីរ។

៙ ចំពោះយើង យល់ឃើញថាខ្មែរមានព្យញ្ជនៈចន្លោះខ្សែសំឡេងដែលកត់ត្រាសូរដោយសញ្ញា[អ] បើជាតួប្រកបនៅក្នុង[ក]ដែលជាការសម្រួលសូរឬលំឲនសូរក្នុងការនិយាយ។

៙ ព្យញ្ជនៈចន្លោះខ្សែសំឡេងនៅទីតាំង
*ដើម៖ អាន[ʔa:n] អាទិត្យ[ʔatət] អួត[ʔʊɜt] អ៊ំ[ʔɔm]
*កណ្ដាល៖ ក្អម[kᵊʔɒ:m] ល្អ[lᵊʔɒ:] ប្អូន[pᵊʔoʊn]
*ចុង៖ កាក[ka:ʔ] កក់[kɒʔ] ប្រាក់[praʔ] ត្រចៀក[trɒciɜʔ]

៙ សន្និដ្ឋាន៖ ភាសាខ្មែរពិតជាមានសំឡេងចន្លោះខ្សែសំឡេងមែន ហើយមានគ្រាប់បរិបទនៃពាក្យ គឺព្យញ្ជនៈដើមព្យាង្គ(ពេលដែលយើងបញ្ចេញសូរ[អ]ដូចជាយើងបញ្ចេញសូរ[ក ង ច ឆ ជាដើមដែរ]) កណ្ដាលព្យាង្គ(ពេលដែលយើងបញ្ចេញសូរ[អ]ដូចជាយើងបញ្ចេញសូរ[ដែលជាជើងនៃព្យញ្ជន ក ង ច ឆ ជាដើមដែរ]) ចុងព្យាង្គ ប៉ុន្តែចុងព្យាង្គមិនមានមានក្នុងទិដ្ឋភាពសំណេរឡើយ មានតែក្នុងទិដ្ឋភាពសូរប៉ុណ្ណោះ ហើយជាលទ្ធផលនៃការសម្រួលសូរឬលំឲនសូរពី ក/ខ/គ/ឃ។

ញ៉. ផល្លី សុផេន
០៨ តុលា ២០១៩

អត្ថបទអានបន្ថែម
៙ វេយ្យាករណ៍នានា រួមទាំងវចនានុក្រមខ្មែរ ក៏មានគំនិតថាជាព្យញ្ជនៈដែរ ព្រោះពួកគេបានដាក់ចូលក្នុងក្រុមព្យញ្ជនៈទាំង៣៣តួ/អង្គ។
៙ ឃួន សុខម្ភូ ១៩៧០ ទម្រង់សូរវិទ្យាខ្មែរ, សិក្សាឃើញថា (អាន អំណោយ ...)តួប្រកបនៅខាងមុខគ្មានទេ ប៉ុន្តែវាមានៅតួប្រកបកណ្ដាលដូចជា ប្អូន ត្អើក ជាដើម។ មួយទៀត វាជាកាឡាសូររវាងកាលណានៅជាតួប្រកបនឹងស្រៈមួយចំនួន។ ទោះបីជាក្នុងសំណេរជាក៏ដោយ ប៉ុន្តែសូរជាអ (កក់ ប្រាក់ ជាដើម)។ 
៙ នៅ ស៊ុន ឯកសារប​ង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លក្ខណៈភាសាខ្មែរ ទំព័រ៣១ដល់៣៣, លោកយល់ថា ជាស្រៈដែលតាងដោយ[ɒ:] ចំណែកពាក្យដែលសំណេរយកមកជាជើង(ត្អើក ក្អម ជាដើម) លោកយល់ថាត្រឹមតែជាបាតុភូតសូរប៉ុណ្ណោះឬក៏ជាកាឡាសូរពី[k] មិនមែនជាតួព្យញ្ជនៈចន្លោះខ្សែសំឡេង[ʔ]នោះទេ។
៙ ហ្សង់ មីស៊ែល ហ្វ៊ីលីពី និង ហៀប ច័ន្ទ វិចិត្រ ២០០៩ ឯកសារណែនាំ អំពីសូរវិទ្យា, លោកទំាំងពីរយល់ឃើញថា អ ជាព្យញ្ជនៈចន្លោះខ្សែសំឡេងទាំងនៅខាងមុខ(អាន អំនួត) នៅកណ្ដាល(ត្អើក ប្អូន) និងខាងចុងដែលជាការកាឡាសូរចេញពីសំណេរ(ក្អក ប្រាក់)។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ