ព្យញ្ជនៈ ស្រៈ តាមសូរវិទ្យា

ព្យញ្ជនៈ ស្រៈ តាមសូរវិទ្យា

consonants, vowels in phonetics


ជាដំបូង យើងសូមពន្យល់ពាក្យខ្លះៗជាមុនសិន ដើម្បីឱ្យមានភាពងាយស្រួលដល់ប្រិយមិត្រដែលមិនទាន់ដឹងឬក៏ទើបតែនឹងដឹងខ្លះៗ អំពីសូរវិទ្យា។ ហើយយើងនៅតែសូមប្រិយមិត្រមេត្តាដោះខ្លួនឱ្យរួចស្រលះចេញពីវេយ្យាករណ៍ ព្រោះសូវវិទ្យាមិនទាក់ទងនឹងវេយ្យាករណ៍ទេ បើនិយាយឱ្យប្រាកដ គឺវេយ្យាករណ៍មានលក្ខណៈឯកជនលើភាសាមួយៗ ចំណែកសូវវិទ្យាមានលក្ខណៈសាកលលើភាសាទាំងអស់ គ្រាន់តែនៅទីនេះ យើងលើកករណីភាសាខ្មែរមកសិក្សាច្រើនជាងភាសាផ្សេងដែលត្រូវលើកយកមកបង្ហាញ។

អក្សរ = ព្យញ្ជនៈ + ស្រៈ

ដើម្បីបានអក្សរគេត្រូវការ សួតជាប្រភពខ្យល់ បំពង់ខ្យល់ជាផ្លូវខ្យល់ដែលភ្ជាប់ពីសួតមកត្រឹមចុងនៃឆ្អឹងបំពង់ក បំពង់មាត់ជាលម្ហដែលគិតពីចុងឆ្អឹងបំពង់កដល់ចុងបបូរមាត់ ផ្នែកខាងលើមានកន្លើត ក្រអូមទន់ ក្រអូមរឹង ប្រទល់ធ្មេញលើ ធ្មេញលើ បបូរមាត់លើ ផ្នែកខាងក្រោមមានអណ្ដាត ធ្មេញក្រោម បបូរមាត់ក្រោម នៅមានទៀត តែយើងមិនលើកយកមកលម្អិតទៅនេះទេ។
ផ្នែកនៃបំពង់មាត់

ខ្យល់ដែលចេញពីក្នុងសួតទៅបរិយាកាសខាងក្រៅតាមបំពង់មាត់ បំពង់មាត់និងបំពង់ច្រមុះ។

ព្យញ្ជនៈ
តាមទីបន្លឺនៃសូរវិទ្យា
ព្យញ្ជនៈគឺជាការប៉ះគ្នារវាងផ្នែកខាងក្រោមនឹងផ្នែកខាងលើនៃបំពង់មាត់ ដូចជា ចន្លោះខ្សែសំឡេងចំណុចខ្មៅនៃរូបសូមមើលរូប(អ ហ) ខ្នងអណ្ដាតក្រអូមទន់(កខគឃង) ខ្នងអណ្ដាតកណ្ដាលក្រអូមរឹងកណ្ដាល(ចឆជឈញ យ) ខ្នងអណ្ដាតមុខប្រទល់ធ្មេញលើ(ដឋឌឍណ តថទធន រ លឡ ស) បបូរមាត់ទាំងពីរ(បផពភម វ)
តាមលក្ខណៈខ្យល់នៃសូរវិទ្យា
ខ្យល់ស្ទះគឺជាការបិទផ្នែកខាងក្រោមនិងខាងលើដោយបើឱ្យខ្យល់ចេញតាមមាត់មាន(កខគឃ ចឆជឈ ឋឍតថទធ បផពភ អ) ខ្យល់ចេញតាមមាត់ផងច្រមុះផង(ងញណនម) ខ្យល់ត្រដុសញ័រនៃអណ្ដាតច្រើនដង ហើយចេញតាមមាត់ដោយបើកបំពង់មាត់បន្តិច(រ) ខ្យល់ត្រដុសចេញតាមមាត់ដោយបើកបំពង់មាត់បន្តិច(សហ) ខ្យល់ត្រដុសចេញតាមថ្គាមសងខាងនៃមាត់ដោយបើកបំពង់មាត់បន្តិច(ល) ខ្យល់ត្រដុសចេញតាមមាត់ដោយបើកបំពង់មាត់ធំ(វ យ) ខ្យល់ស្ទះចូលពីបរិយាកាសមកក្នុងបំពង់មាត់វិញ(ប ដឌ)។ ចំពោះប៑មានការកត់ត្រាសូរពីប្រភេទ គឺប(បាយ បី) ប៉(បរិស្ថាន ប្រសាសន៍)
តារាងព្យញ្ជនៈ ស្រៈ និងសញ្ញាបន្ថែម
ឃោសៈអឃោសៈ
អឃោសៈ៖ កខគឃ ចឆជឈ ឋឍតថទធ បផពភ សហអ
ឃោសៈ៖ ងញណនម យរលវឡ ដឌប

ស្រៈ
ជាការបើកទាំងស្រុងនៃបំពង់មាត់ដោយគ្មានការប៉ះគ្នានៃផ្នែកទាំងពីរនៃបំពង់មាត់ ដើម្បីបង្កើតស្រៈគឺអាស្រ័យទាំងស្រុងទៅលើចលនាអណ្ដាននិងបបូរមាត់។ ចំពោះស្រៈនិងទៀតសោតមានលក្ខណៈបីយ៉ាងចំពោះសំណេរខ្មែរយើង គឺស្រៈទោល(អ អ៊ អា អិ អ៊ិ អ៊ី អឹ អឺ អុ អ៊ុ អ៊ូ អ៊ើ អ៊េ អ៊ោ) ស្រៈផ្សំ(អ៊ា អ៊ី អូ អួ អើ អឿ អេ អែ អៃ អោ អៅ) ស្រៈផ្សំនឹងព្យញ្ជនៈ(ម៑៖ អុំ អំ អាំ, ហ៑៖ អះ អុះ អេះ អោះ អិះ អឹះ, ង៑៖ អាំង)។ ស្រៈទាំងអស់ជាឃោសៈ។

ប្រព័ន្ធសំណេរអក្សរខ្មែរនិងអក្សរអន្តរជាតិ
ខ្មែរ៖ វ៉ាន់ឌីកាអុន ២០១៣ ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា រោងពុម្ពពន្លឺ ទំព័រ១៦២៖ ចំពោះ ម៉ុងតេសគីយើ ប្រវត្តិសាស្ត្រមានដំណើរស្របនឹងវិចារណញ្ញាណ ហើយអតីតកាលស្ថិតនៅជាប់ជានិច្ច ក្នុងបច្ចុប្បន្ន។ ដូចនេះ បទពិសោធន៍ក្នុងអតីតកាល អាចយកមកបំភ្លឺហេតុផលនៅបច្ចុប្បន្នកាលបាន។ វដ្ដកាលទាំងឡាយនោះពុំមែនមកពីបុព្វទេពដូចកាអះអាងរបស់បុស្សុយអេឯណានោះទេ គឺចេញមកពីក្រឹត្យក្រមលោកីយ៍សច្ចៈតែម្ដង។ API/IPA៖ β̞anɗi: kaʔon, 2013, təttᵊphiɜp kʰlah kʰlah neɨ tɔssɘnaʔβ̞icciɜ, ro:ŋpʊm pɔnlɨ:, tʊmpoa 162; cɒmpɔh mʊŋtehsɘki:jɤ: prɒβ̞oattᵊsah miɜn ɗɒmnaɜ srɒ:p nəŋ β̞icarɘnaʔɲiɜn haɜj ʔateɨtaʔka:l sthɜt nəɨ coap ciɜnɨc kʰnoŋ paccoɓɒnnᵊka:l. ɗoʊc nih ɓɒtpisaot kʰnoŋ ʔateɨtaʔka:l ʔa:c jɔ:k mɔ:k ɓɒmpʰlɨ: haɛtphɒ:l nəɨ paccoɓɒnnᵊka:l ɓa:n. β̞oattᵊka:l teaŋla:j nʊh pʊmmɛ:n mɔ:kpi: popᵊte:p ɗoʊc kaʔahʔa:ŋ rɔɓɒh ɓohsʊjʔɛe ʔaɛna: nʊh te: kɨ: ceɲpi: krɜtkrɒm lo:kkeɨ saccaʔ taɛ mᵊɗɒ:ŋ.

ញ៉.ផល្លី សុផេន
២៥ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ