អក្សរជាអ្វី
អក្សរជាអ្វី?
| រូបភាព |
២.នៅក្នុងការវិភាគនេះ យើងនឹងរៀបរាបបង្ហាញមិត្រអ្នកអានឲ្យយល់ច្បាស់ពីអក្សរខ្មែរ និងអាចបែងចែកគ្នាបានរវាងអក្សរនិងសំឡេង
៣.យើងនឹងធ្វើសញ្ញាណទូទៅឲ្យមិត្រអ្នកអានយល់ដោយប្រើទម្រង់ដូចតទៅ អក្សរ = ស្រៈ + ព្យញ្ជនៈ ហើយស្រៈ = ស្រៈពេញតួ + ស្រៈនិស្ស័យ ចំណែកព្យញ្ជនៈ = ទោល + ផ្សំ ។
៤.ចំពោះអត្ថបទមួយនេះ យើងចែកចេញជាពីរផ្នែកធំៗផងដែរ គឺ ក.ការសិក្សារបស់អ្នកសិក្សាមុនៗ ខ.យោបលរបស់ស្មេរ(សុផេន)
៥. បើយោងតាមការបង្ហាញរបស់អ្នកសិក្សាមុនៗ យើងឃើញថា៖ ការបែងចែកភាសាខ្មែរនិងភាសាបាលីសំស្ក្រឹតមិនទាន់ដាច់ស្រេចនៅឡើយទេ ពិសេសចំពោះអ្នកវេយ្យាករណ៍។ ដោយអស់លោកទាំងនោះបានភ្ជាប់ភាសាខ្មែរទៅនឹងភាសាបាលីសំស្ក្រឹត។ មួយទៀត ពួកលោកក៏មានភាពស្រពិចស្រពិលដែលជាហេតុមិនអាចបែងចែងរវាងអក្សរនិងសំឡេងបាន។ ដូចជា៖ ភាសាខ្មែរមានឃោសៈ អឃោសៈ ដែលវាមាននៅក្នុងភាសាបា.សំ.។ មិនត្រឹមតែប៉ុណោះទេ ភាសាខ្មែរមានទាំងលិង្គ(ភេទ) វចនៈ ទៅទៀត។ ចំណែកវេយ្យាករណិកខ្លះព្យាយាមបង្កើតវិភក្តិឲ្យភាសាជាតិទៀតផង ដោយលោកយល់ឃើញថាជាការធ្វើឲ្យភាសាខ្ពង់ខ្ពស់ដូចជាភាសាដទៃ មានភាសាបារាំង បា. សំ. ជាដើម។ បើយោងតាមការសង្កេតឲ្យល្អិតទៅ យើងអាចចាត់ក្រុមអ្នកសិក្សាមុនៗជា៣ផ្នែកគឺ ផ្នែក១ជាប់ភាសាបា.សំ. ផ្នែក២ចេញពីភាសាបា.ស.ខ្លះៗ ផ្នែក៣ចេញពីភាសាបា.សំ. ដោយមានបែរមករកភាសាវិទ្យាជាច្រើន។ (សូមមើល អត្ថបទអានបន្ថែម)។
៦. ដោយឈរលើការសង្កេតពីអ្នកសិក្សាមុនៗទាំងបីក្រុមកន្លងមក បានបើកផ្លូវឲ្យស្មេរសំយោគបានជាលក្ខណៈរួមមួយដែលមិនហួសសម័យនិងមិនជ្រុលសម័យពេក។ ដោយស្មេរយកលក្ខណៈវិទ្យាសាស្ត្រមកផ្ទៀងផ្ទាត់ ជាជាងមនោសញ្ចេតនាណាមួយ។ ដើម្បីកុំឲ្យយើងមានភាពច្របូកច្របល់ ស្មេរសូមបែងចែកពាក្យឲ្យមានលក្ខណៈច្បាស់លាល់ជាមុនសិន មុននឹងធ្វើការសំយោគ។
ក. អក្សរនិងសំឡេង
អក្សរ ជាស្នាមគំនូសតំណាងសូរសំឡេងរបស់ភាសា។ ដោយមានលក្ខណៈរឹងមិនងាយប្រែប្រួលទៅតាម សំដី ហើយមានប្រព័ន្ធមួយជាក់លាក់ក្នុងសំណេរ(មិនមែនក្នុងសំដីទេ)។ ម្យ៉ាងទៀត អក្សរមួយអាចតាងសំឡេង១ឬច្រើនជាង។ បើនិយាយឲ្យចំសេចក្តី គឺទាក់ទងនឹងសំណេរក្នុងវចនានុក្រម។
ឧទាហរណ៍៖ សុខ[សុក/sok/] ខាង[ខាង/kha:ŋ/]មានសំឡេងពីខុសគ្នា ប៉ុន្តែគេសរសេរអក្សរតែមួយ។
សំឡេង ជាសូរដែលចេញពីមាត់មនុស្ស ដែលមានប្រព័ន្ធមួយជាក់លាក់ក្នុងភាសាមួយ។ ហើយសំឡេងមានការប្រែប្រួលទៅតាម ភេទ វ័យ តំបន់ បុគ្គល(មនុស្សម្នាក់) ជាដើម។ បើនិយាយឲ្យងាយយល់ គឺជាសំដីមនុស្សម្នាក់ៗ។
ឧទាហរណ៍៖ ខ្លាច មនុស្សចាស់និយាយ[ខ្លាច/khla:c/] ក្មេងនិយាយ[ឡាច/la:c/] ឬ អ្នកខេត្តកំពង់ចាមខ្លះនិយាយ[ឡាច/la:c/] អ្នកភ្នំពេញខ្លះនិយាយ[ខ្លាច/khla:c/] ជាដើម។
ខ. អក្សរ (ស្រៈនិងព្យញ្ជនៈ)
ស្រៈ មានស្រៈពេញតួនិងស្រៈនិស្ស័យ
ស្រៈពេញតួដែលធ្លាប់កន្លងមកមាន១៥តួ (អ អា ឥ ឦ ឧ ឩ ឱ ឪ ឳ ឯ ឫ ឬ ឭ ឮ ឰ)។
ស្រនិស្ស័យដែលមានប្រើកន្លងមកមាន២៦តួ ((!) ា ិ ី ឺ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ុះ េះ ោះ ិះ ឹះ ែះ)។
ព្យញ្ជនៈ មានតួព្យញ្ជនៈ ជើងព្យញ្ជនៈ ព្យញ្ជនៈផ្គុំ
តួព្យញ្ជនៈដែលធ្លាប់ប្រើកន្លងមកមាន៣៣តួ (កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវសហឡអ។
ជើងព្យញ្ជនៈដែលយើងធ្លាប់ប្រើកន្លងមកមាន៣២តួ (្ក,្ខ,្គ,្ឃ,្ង ,្ច,្ឆ,្ជ,្ឈ,្ញ ,្ដ,្ឋ,្ឌ,្ឍ,្ណ ,្ត,្ថ,្ទ,្ធ,្ន ,្ប,្ផ,្ព,្ភ,្ម ,្យ,្រ,្ល,្វ,្ស,្ហ,្អ។ (ជើងឡគ្មានទេ)
ព្យញ្ជនៈផ្គុំដែលយើងធ្លាប់ប្រើកន្លងមកមាន៥តួ (ហ្កហ្គហ្វហ្ស ក្ស) បើរាប់ទាំង ហ្នហ្មហ្ល មាន៨តួ។
ដូច្នេះអក្សរមានដល់ទៅ១១៤តួ។
ដូច្នេះ យើងអាចនិយាយបានថា៖ អក្សរមានច្រើនជាងសំឡេង ព្រោះសំឡេងមួយ អាចមានសំឡេងដល់ទៅបី(៣)ក៏មាន។ ឧទាហរណ៍៖ ព ព្វ(រូបជាជើងវ ប៉ុន្តែមានសំឡេងជា ព) ព្ព(រូបដូចដូចគ្នា ប៉ុន្តែមានទម្រង់ប្រើប្រាស់ផ្សេងពីគ្នា។
១៧ សីហា ២០១៩
ញ៉.ផ.សុផេន
អត្ថបទអានបន្ថែម
ក.អ្នកសិក្សរមុនៗ
៙ ពុទ្ធសាសនបណ្ឌិត្យ វចនានុក្រមខ្មែរ ១៩៦៧ បោះពុម្ពឡើងវិញ ១៩៨៩ ទំព័រ១៥៦២, ១៤៦២
អក្សរ ន.(សំ. បា.អក្ខរ) អក្ខរៈ។ អក្សរខម អក្សរខ្មែរ (ហៅតាមសៀមដែលយកអក្សរខ្មែរទៅប្រើ, លុះចំណេរកាលតមក ខ្មែរហៅអក្សរមូល ដែលមានសណ្ឋានតួរាងខ្លាំងៗបន្តិច បែបភាពខុសគ្នាអំពីអក្សរមូលធម្មតាខ្លះថា អក្សរខម ឬ តួខម, បើចារឬសរសេរតួរាងបែបនោះ ប៉ុន្តែតូចៗហៅថា កូនខម)។ អក្សរខ្វៀក អក្សរខ្មែរមានសណ្ឋានតួរាងជាចំហៀងៗមិនពេញតួ សម្រាប់សរសេរខ្វៀកៗរំហ័សការ។ អក្សរគ្រវាត់ ឬ អក្សរក្រវាត់ អក្សរដែលមានជើង រ គ្រវាត់ឬក្រវាត់ព័ទ្ធពីក្រៅ គឺអក្សរដែលផ្សំជាមួយនឹងជើង រ ឬផ្ញើជើង រ ដូចជា ក្រ, គ្រ, ច្រ, ជ្រ ជាដើម។ អក្សរជ្រៀង អក្សរខ្មែរមានសណ្ឋានតួរាងទ្រេតៗ។ អក្សរបំបែក ព្យញ្ជនៈដែលផ្សំជាមួយនឹងស្រៈតាមលំដាប់, ដូចជា ក កា កិ កី កឹ។ល។ កុំ កំ កាំ កះ។ អក្សរប្រកប អក្សរដែលសរសេរពីខាងចុងពាក្យ ឥតចេញសំឡេង, ខ្មែរដូចជា កក, កង, ចក, ចង ជាដើម; បា.ឬសំ. ហរ៑, អន៑, កម៌ន៑, វិទ៑, វិទ្យុត៑ ជាដើម។ អក្សរប្រយោគ អក្សរផ្ញើរជើង ឬអក្សរគ្រវាត់ (ហៅ អក្ខរប្បយោគ ក៏បាន) អក្សរផ្ញើជើង អក្សរដែលផ្សំជាមួយនឹងអក្សរឯទៀត(អក្សរប្រយោគ), ដូចជា ក្ង, ក្ន, ខ្ច, ខ្ទ ជាដើម។ អក្សរពុម្ព អក្សរដែលសិនជាតួរាងសម្រាប់បោះពុម្ពឬស្នាមអក្សរដែលបោះពុម្ពហើយ។ អក្សរលក្ខណ៍ ឬ អក្សរលក្សណ៍ សំបុត្រសម្គាល់។ អក្សរសព្ទ អក្សរល្អិតៗដែលសរសេរដាក់សព្ទប្រែនៅប៉ែកខាងលើក្បែរភាសាដទៃ។ អក្សរសាស្ត្រ វិជ្ជាអក្សរ ក្បួនប្រាប់វិធីអក្សរ ការសរសេរត្រឹមត្រូវក្នុងភាសាណាមួយ មុខការខាងនិពន្ធ ...។ អក្សរសាសន៍ សំបុត្រឲ្យដំណឹង សំបុត្រសំណួរ។ល។
ស្រៈ ន.(បា.សរ, សំ.ស្វរ) អក្សរដែលអាចបញ្ចេញសំឡេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឲ្យចេញសំឡេងបាន មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង។ ស្រៈសម្រាប់ប្រើក្នុងភាសាបាលីមាន៨តួគឺ អ អា, ឥ ឦ, ឧ ឩ, ឯ ឱ។ សម្រាប់ប្រើក្នុងភាសាសំស្ក្រឹតមាន១៣តួគឺ អ អា, ឥ ឦ, ឧ ឩ, ឫ ឬ, ឭ, ឯ ឰ, ឱ ឳ ថែមស្រៈ ឮ មួយដោយឡែកមកទៀតជា១៤តួ។ សម្រាប់ប្រើក្នុងភាសាខ្មែរ(សម័យបច្ចុប្បន្ននេះ) រាប់ស្រៈផ្សំជាមួយនឹងនិគ្គហិតនិងវិសជ៌នីយផងមាន២១តួគឺ អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ រាប់ទាំង ឫ ឬ ឭ ឮ និងស្រៈ ឰ, ឪ ឳ ផងជា២៨តួ។ ស្រៈទាំងនេះ លើកតែ ឫ ឬ ឭ ឮ និង ឳ ចេញ ចែកចេញជា២យ៉ាងគឺ ស្រៈសុទ្ធដែលចេញសំឡេងតាមទំនើងខ្លួនឯង ហៅ ស្រៈពេញតួ(ត្រូវសរសេរពេញតួ) អ អា ឥ ឦ ឧ ឪ ឬ ឩ ឯ ឰ ឱ ឳ; អ អា។ល។ អុំ អំ អាំ អះ; (ចំពោះស្រៈ ឧ បុរាណសរសេរដាក់សញ្ញាត្រីសព្ទ(...៊)ពីលើជា ឧ៊ អ.ថ.(អានថា) អុក, ប៉ុន្តែតមក ឈប់ប្រើសញ្ញានេះ។ ស្រៈមិនពេញតួដែលប្រើផ្សំជាមួយនឹងព្យញ្ជនៈហៅ ស្រៈផ្សំ ត្រូវសរសេរគំនូសដូច្នេះ ! ា ិ ី ឺ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ , ផ្សំជា ក កា កិ កី កឹ កឺ។ល។ កុំ កំ កាំ កះ ឬផ្សំជាមួយនឹង អ ពេញតួជា អ អា អិ អី អឹ អឺ។ល។អុំ អំ អាំ អះ ផងក៏បាន។ ស្រៈផ្សំមាន២១តួនេះ កាលបើគ្របង្រៀនសិស្សឲ្យរៀនផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈត្រូវបង្គាប់សិស្សឲ្យអានជាសូរសំឡេងតូចថា ក ស្រៈអ ក, ក ស្រៈ អា កា, ក ស្រៈ អិ កិ, ក ស្រៈ អី កី, ក ស្រៈ អឹ កឹ, ក ស្រៈ អឺ កឺ
៙ រ៉ាយ ប៊ុក ខេមរវេយ្យាករណ៍សម្រាប់មជ្ឈិមដ្ឋាន ឧត្តមដ្ឋាននឹងទី៦ទំនើប ១៩៥៥ ក្រសួងឃោសនាការជាតិ បណ្ណាគារ គីម គី ទំព័រ២១ដល់៣២។
- អក្ខរៈ ឬអក្សរ បានន័យថាស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសំដីនឹងសេចក្ដីទាំងពួង ប្រើមិនចេះអស់។
- អក្ខរៈ ឬអក្សរ ឬវណ្ណៈ មានពីរយ៉ាងគឺ : ស្រៈ ឬសរៈ នឹងព្យញ្ជនៈ។
- ស្រៈមកពីមគធភាសាថាសរៈ ឬភាសាសំស្ក្រឹតប្រែថាសូរ។ ស្រៈជាអក្សរដែលអាចបញ្ចេញសំឡេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឲ្យចេញសំឡេងបាន មានសូរឮរំពងរបស់ព្យញ្ជនៈផង។
- ស្រៈទាំងអស់មាន២១តួ ដោយផ្សំនឹងនិគ្គហិត(ំ) វិសជិនីយ(ះ) ផង។ អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ។ បើរាប់ទាំង ឫ ឬ ឭ ឮ ឪ មាន២៦តួ។
- ស្រៈមានពីរពួក ស្រៈពេញតួ នឹងស្រៈនិស្ស័យ។
- ស្រៈពេញតួមាន១៥ គឺ : អ អា ឥ ឦ ឧ ឩ ឫ ឬ ឭ ឮ ឯ ឰ ឱ ឪ ។
- រស្សៈ គឺស្រៈខ្លី(អ ឥ ឧ ឩ ឫ ឭ ឰ ឧ៊ ឪ។
- ទីឃៈ គឺស្រៈវែង(អា ឦ ឯ ឬ ឮ ឪ)
- ស្រៈនិស្ស័យមាន២១(! ា ិ ី ឺ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ )។
- រស្សៈ គឺស្រៈខ្លី(! ិ ឹ ុ ុំ ំ ាំ)
- ទីឃៈ គឺស្រៈវែង(ា ី ឺ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ះ)។
- សំយុត្តសរៈ ជាស្រៈដែលមានសំឡេងពីរ (ឯ ឱ)។
- ស្រៈ(! ា)បើចង់ប្រែស្រៈវែងជាខ្លី គេប្រើបន្តក់(់) កត/កត់ ខាត/ខាត់ ជាដើម។
- ព្យញ្ជនៈមាន៣៣តួ(ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ដ ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្ព ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ .ំ)។
- ព្យញ្ជនៈអឃោសៈ(ក ខ ច ឆ ដ ឋ ត ថ ប ផ ស ហ ឡ .ំ)។
- ព្យញ្ជនៈឃោសៈ(គ ឃ ង ជ ឈ ញ ឌ ឍ ណ ទ ធ ន ព ភ ម យ រ ល វ)។
- ឋាននៃអក្ខរៈ(ទីបន្លឺ/កន្លែងនៅក្នុងមាត់)មាន៦
- កណ្ឋជៈ ព្យញ្ជនៈកើតក្នុងក (កខគឃងហ)
- តាលុជៈ ព្យញ្ជនៈកើតក្នុងពិដាន (ចឆជឈញយ)
- មុទ្ធជៈ ព្យញ្ជនៈកើតក្នុងក្បាល(ដឋឌឍណរឡ)
- ទន្តជៈ ព្យញ្ជនៈកើតត្រង់ប្រទល់ធ្មេញ (តថទធនលស)
- ឱដ្ឋជៈ ព្យញ្ជនៈកើតក្នុងបបូរមាត់ (បផពភម)
- នាសិកជ្ជៈ ព្យញ្ជនៈកើតក្នុងច្រមុះ (ំ)។
- ព្យញ្ជនៈសិថិល ជាព្យញ្ជនៈដែលគ្មានសំឡេង/ហ/លាយផ្សំ ហើយមានសំឡេងធូ រលុង ស្រាល (កគ ចជ ដឌ តទ បព)
- ព្យញ្ជនៈធនិត ជាព្យញ្ជនៈដែលមានសំឡេង/ហ/លាយផ្សំ ហើយមានសំឡេងតឹង ចង្អៀត ធ្ងន់ (ខឃ ឆឈ ឋឍ ថធ ផភ)។
៙ ឌ គាម វេយ្យាករណ៍ដោយរូបភាពសំរាប់ឧត្តមដ្ឋាន ១៩៥៧ បណ្ណាគារ សេងងួន ហួត ទំព័រ១ដល់៦
- អក្ខរវិធីក្នុងភាសាខ្មែរចែកជាពីរយ៉ាងគឺ
- ស្រៈ
- ស្រៈសុទ្ធឬស្រៈពេញតួមាន១៥គឺ អ អា ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឧ៊
- ស្រៈនិស្ស័យមាន២០គឺា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ។
- ចំពោះ/អ/ មានសំឡេង តែអត់រូប
- ព្យញ្ជនៈ
- មាន៣៣តួ (ក្កខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្ដឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ ស្សហ្ហឡអ។
- ឃោសៈ ជាព្យញ្ជនៈដែលមានសំឡេងធំគ្រល (គឃង ជឈញ ឌឍណ ទធន ពភម យរលវហឡ)។
- អឃោសៈ ជាព្យញ្ជនៈដែលមានសំឡេងតូគ្រលួច (កខ ចឆ ដឋ តថ បផ ស)។
- សិថិល ជាព្យញ្ជនៈដែលសំឡេងមួយ ហើយធូស្រាល ឥតមានអក្សរផ្សំ (កគ ចជ ដឌ តទ បព)
- ធនិត ជាព្យញ្ជនៈដែលមានសំឡេងតឹង មានអក្សរឯទៀតផ្សំទើបបានកើតជាសំឡេងឡើងគឺ (ក+ហ>ខ គ+ហ>ឃ ច+ហ>ឆ ជ+ហ>ឈ ដ+ហ>ឋ ឌ+ហ>ឍ ត+ហ>ថ ទ+ហ>ធ ប+ហ>ផ ព+ហ>ភ)។
៙ សៀង ខ័នឌី វេយ្យាករណ៍ខ្មែរទំនើបសម្រាប់គ្រប់ថ្នាក់ ១៩៥៧ បោះពុម្ពលើកទី២ បណ្ណាគារ តិច ហុង ទំព័រ ៣០ដល់៧៦
- អក្សរឬអក្ខរៈឬវណ្ណៈ អ្នកប្រាជ្ញទាំងឡាយគ្រប់ប្រទេស លោកសំដៅយកហេតុ២យ៉ាងមករួមឲ្យឈ្មោះគឺ៖ សូរសម្លេងដែលលាន់ឮប្រាកដឡើង១(សព្ទ) ស្នាមគំនូសជារូបរាងដេលល្មមកំណត់ចំណាំបានតាមស្រួល១(តួអក្សរ) ទាំងពីរនេះរួមមកហៅតែពាក្យមួយម៉ាត់ថា អក្សរឬ អក្ខរៈឬ វណ្ណៈ។
- អក្សរក្នុងភាសាខ្មែរយើងមាន៦៨តួ
- ស្រៈឬសរៈ ប្រែថា រឭក ឬថា បំពេញសម្លេង គឺអក្សរដែលអាចបញ្ចេញសម្លេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឲ្យចេញសម្លេងបាន មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង។
- ស្រៈពេញតួ បានជាគេហៅថាស្រៈពេញតួ ព្រោះគេប្រើជាតួអក្សរដូចជាតួព្យញ្ជនៈដែរ។ ស្រៈពេញតួមាន១៥(អ អា ឥ ឦ ឧ ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ)។ ស្រៈពេញតួ/អ/ អាចប្រើជាតួព្យញ្ជនៈបានដូចជា អ្នក ក្អម ស្អក ...)
- ស្រៈនិស្ស័យ ជាស្រៈដែលអាស្រ័យនឹងព្យញ្ជនៈទើបប្រើបាន។ ហើយវាមាន២០តួ (! ា ិ ី ឺ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ )។ ស្រៈនិស្ស័យ/អ/ គ្មានរូបទេ។
- ស្រៈខ្លីមាន(អិ អី អឹ អុ អៃ អៅ អុំ អំ អាំ អះ (១០អង្គ))
- ស្រៈវែងមាន(អ អា អឺ អូ អួ អើ អឿ អៀ អេ អែ អៅ (១១អង្គ))
- ស្រៈសុទ្ធ ជាស្រៈដែលគ្មានលាយឡំនឹងស្រៈនរណាឡើយ ហើយមាន(អ អា អិ អឺ អុ អូ ...)
- សំយុត្តស្រៈ(ស្រៈផ្សំ) ជាស្រៈដែលលាយឡំនឹងស្រៈនរណាមួយដូជា (អី<អិ+យ អួ<អូ+អា អៀ<អ៊ី+អា អៃ<អា+យ់ អៅ<អា+វ់ ...)
- ស្រៈមានរូប២០ឬ២១តួ ប៉ុន្តែមានសំឡេងដល់ទៅ៤០ ព្រោះវាប្រែប្រួលទៅតាមព្យញ្ជនៈសំឡេងគ្រលរ គ្រលួច។
- ព្យញ្ជនៈ ប្រែថា អក្សរធ្វើឲ្យប្រកដ។
- ព្យញ្ជនៈមាន៣៣តួតួ(ក្កខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្ដឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ ៑ំ(ំ អ័ង)។ ហើយ អក្សរទាំងនេះហៅថានិស្សិតគឺព្យញ្ចនៈឮសូរបានអាស្រ័យនឹងស្រៈ។ ហើយក៏មានឃោសៈអឃោសៈដែរ។
៙ អៀវ កើស ភាសាខ្មែរ(សាកល្បងពិនិត្យរកហេតុផល) ព.ស.២៥០៩/គ.ស.១៩៦៧ បណ្ណាគារ សេរីភាព បោះពុម្ពឡើងវិញ ដោយពុទ្ធសាសនបណ្ឌិត្យ ១៩៩៥ ទំព័រ ២៩ ដល់ ៤៤ ។
- អក្សរ ជាពាក្យដែលក្លាយពីសព្ទសំស្ក្រឹត ត្រង់គ្នានឹងពាក្យសព្ទបាឡី អក្ខរៈ មាន៥៤ ស្រៈ២១អង្គ ព្យញ្ជនៈ៣៣អង្គ។
- ស្រៈពេញតួ (អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ)។ ហើយនៅក្នុងស្រៈពេញតួមានរូបមួយយ៉ាងទៀត គឺ(ឥ/អិ ឦ/អី ឧ៊/អុ(ក) ឪ/?អូវ ឯ/អែ ឰ/អៃ ឱ/អោ ឳ/អៅ) និងមានបន្ថែម៤អង្គទៀត ដែលប្រើពាក្យមកពីសំស្ក្រឹត (ឫ ឬ ឭ ឭ)។
- ឈ្មោះស្រៈខ្លះៗ
- (ា ទាញយារ នៅក្នុងស្រៈ អា អោ អៅ អាំ)
- (ុ រុកជើង នៅក្នុងស្រៈ អុ អុំ)
- (េ បាំងឈើ នៅក្នុងស្រៈ អើ អឿ អៀ អេ អែ អៃ អោ អៅ)
- (ំ ដំលើឬនិគ្គហិត សំស្ក្រឹតអនុស្វារៈ មាននៅក្នុងស្រៈ អុំ អំ អាំ អឹ)
- (ះ រះមុខ សំស្ក្រឹតវិសជ៌នីយ មាននៅក្នុងស្រៈ អះ អិះ អឹះ អុះ អេះ អែះ អោះ)
- ស្រៈវែងខ្លី
- ស្រៈខ្លីឬរស្សៈ មាន១០អង្គ (អិ អី អឹ អុ អៃ អៅ អុំ អំ អំា អះ)
- ស្រៈវែងឬទីឃៈ មាន១១អង្គ (អ អា (អី) អឺ អូ អួ អើ អឿ អៀ អេ អែ អោ)
- ស្រៈសុទ្ធ សំយុត្តស្រៈ
- ស្រៈសុទ្ធ ជាស្រៈដែលគ្មានការផ្សំ លោករាប់ យ វ ជាអឌ្ឍស្រៈដែលជាស្រៈសុទ្ធដែរ។
- សំយុត្តស្រៈ ជាស្រៈដែលកើតពីការផ្សំគ្នារវាងស្រៈសុទ្ធ(អី<អិ+យ អួ<អូ+អា អៅ<អា+វ់ ជាដើម)។
- រូបនិងសំឡេង
- រូបមាន២១ ប៉ុន្តែមានសំឡេង៤២ ដោយប្រែប្រួលទៅតាមព្យញ្ជនៈ។
- ព្យញ្ជនៈ មាន៣៣អង្គ (ក្កខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្ដឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វស្សហ្ហឡអ។
- ឋានកើតនៃព្យញ្ជនៈ
- កណ្ឋជៈ កើតនៅក (កខគឃង ហអ)
- តាលុជៈ កើតនៅក្រអូមមាត់ (ចឆជឈញ យ)
- មុទ្ធជៈ កើតនៅក្បាល (ដឋឌឍណ រឡ)
- ទន្តជៈ កើតនៅធ្មេញ (តថទធន លស)
- ឱដ្ឋជៈ កើតនៅបបូរមាត់ (បផពភម វ)
៙ ពូវ អ៊ុម វេយ្យាករណ៍ខ្មែរសំរាប់ថ្នាក់មជ្ឈិមដ្ឋាន នឹង ឧត្តមដ្ឋាន បោះពុម្ពលើកទី៥ ព.ស.២៥១៥/គ.ស.១៩៧២ បណ្ណាគារ គីម សេង ភ្នំពេញ ទំព័រ ១ ដល់ ៥ ។
- ស្រៈនិស្ស័យមាន២០តួ គឺ ! ា ិ ី ឺ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។
- ព្យញ្ជនៈមាន៣៣តួ គឺ ក្កខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ចឈ្ឈញ្ញ ដ្ដឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ ំ ។
- អក្សរអឃោសៈ(កខ ចឆ ដឋ តថ បផ សហ ឡ អ ។ អក្សរឃោសៈ(គឃង ជឈញ ឌឍណ ទធន ពភម យរលវ។
- អក្សរសិថិល(កគ ចជ ដឌ តទ បព យរលវសហ និងនិគ្គហិត ង ញ ណ ន ម ំ។
- អក្សរធនិត(ខឃ ឆឈ ឋឍ ថធ ផភ។ តួព្យញ្ចនៈបន្ថែម(ង៉ ញ៉ ប៉ ម៉ យ៉ រ៉ វ៉ ប៊ ស៊ ហ៊ អ៊)។
៙ ម៉ម សុទ្ធ កុមារដ្ឋាន ១៩៥២ ទំព័រ៣ដល់៩ និង១៨ដល់១៩
- ស្រៈមាន១៨តួ(អអា ឥឦ ឧឪឫឬឭឮឯឰឱឦឱឳ អុំអំអាំអះ។
- ស្រៈពេញតួមាន១៤(អអា ឥឦ ឧឪ ឫឬ ឭឮ ឯឰ ឱឳ។
- ស្រៈផ្សំ២១(អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ។
- ស្រៈនិស្ស័យមាន២១(! ា ិ ី ឺ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ )។
- ព្យញ្ជនៈមាន៣៣(កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវសហឡអំ(អ័ង)។
- សំឡេង
- សំឡេងស្រៈនិស្ស័យមានពីរយ៉ាងគឺ សំឡេងតូច(អឃោសៈ) សំឡេងធំ(ឃោសៈ) ហើយវាប្រែប្រួលទៅតាមសំឡេងអក្សរ បើផ្សំនឹងអក្សរសំឡេងតូច ជាសំឡេងតូច បើផ្សំនឹងអក្សរសំឡេងធំ ជាសំឡេងធំ។
- អក្សរសំឡេងតូចមាន២៤តួ(កខ ចឆ ដឋ ណ តថ បផ ង៉ ញ៉ ន៉ ប៉ ម៉ យ៉ រ៉ ល៉ ស ហ ឡ អ។
- អក្សរសំឡេងធំមាន២២តួ(គឃង ជឈញ ឌឍ ទធន ពភម យរ លវ ប៊ ស៊ ហ៊ អ៊។
- អក្សរសម្លាប់ជាការប្រើវណ្ណយុត្តពីរគឺ មូសិកទន្ត ដើម្បីឲ្យប្រែសូរសំឡេងពីធំទៅតូចមាន៨តួ(ង ញ ន ម យ រ ល វ ជា ង៉ ញ៉ ន៉ ម៉ យ៉ រ៉ វ៉ ប៉ុន្តែ ប៉ជាការសម្លាប់ដើម្បីបំបែរសំឡេងតូចផ្សេងទៀត) បំបែរសំឡេងតូចឲ្យជាធំមាន៤តួ (ប ស ហ អ ជា ប៊ ស៊ ហ៊ អ៊)។ អក្សរដែលមានវណ្ណយុត្តទាំងពីរ ជាអក្សរសម្លាប់។
- អក្សរផ្ញើជើង ជាអក្សរដែលផ្សំនឹងជើងអក្សរឯទៀតមានសំឡេងលាន់ឮពីលើចុះមកក្រោម ឲ្យឮសំឡេងផ្អោបរួបគ្នាតែមួយ។ ហើយ អក្សរ៨តួ(ង ញ ន ម យ រ ល វ) បើផ្សំដោយផ្ញើជើងនឹងអក្សរសំឡេងតូចមានសំឡេងតូច ដោយមិនបាច់សម្លាប់ទេ។
- ក(ក្ង ក្ត ក្ន ក្ប ក្យ ក្ល ក្វ ក្ស ក្អ) ខ(ខ្ច ខ្ជ ខ្ញ ខ្ទ ខ្ព ខ្ម ខ្យ ខ្ល ខ្វ ខ្ស) គ(គ្ន គ្ម គ្យ (គ្ល) គ្វ) ឃ(ឃ្ន ឃ្ម ឃ្ល ឃ្វ)
- ច(ច្ន ច្ប) ឆ(ឆ្ក ឆ្ង ឆ្ន ឆ្ម ឆ្វ ឆ្អ) ជ((ជ្ញ) ជ្វ) ឈ(ឈ្ង ឈ្ន ឈ្ម ឈ្វ)
- ដ(ដ្ប)
- ត(ត្ន ត្ប (ត្យ ត្វ ត្ស) ត្អ) ថ(ថ្ក ថ្គ ថ្ង ថ្ន (ថ្ប) ថ្ព ថ្ម ថ្ល ថ្វ) ទ(ទ្យ ទ្វ) ធ(ធ្ង ធ្ន ធ្ម ធ្យ ធ្ល ធ្វ)
- ប(ប្ដ (ប្យ) ប្ល ប្ស) ផ(ផ្ក ផ្គ ផ្ច ផ្ញ ផ្ត ផ្ដ ផ្ទ ផ្ន ផ្យ ផ្ល ផ្ស ផ្អ) ព(ព្ន ព្យ) ភ(ភ្ង ភ្ជ ភ្ញ ភ្ន ភ្យ ភ្ល) ម(ម្ដ ម្ច ម្ជ ម្ន ម្ភ ម៉្យ ម្ល ម្ល៉ ម្ស ម្ហ ម្អ)
- ល(ល្គ ល្ង ល្ប ល្ព (ល្យ) ល្វ ល្ហ ល្អ)
- ស(ស្ក ស្គ ស្ង ស្ញ ស្ដ ស្ដ ស្ទ ស្ន ស្ប ស្ព ស្ម ស្យ ស្ល ស្វ ស្អ)
- ហ(ហ្ន ហ្ម ហ្វ)
- អក្សរក្រវាត់ ជាអក្សរដែលមានជើង/រ/ ដែលគេគូសពីក្រោមទៅលើផុត។
- ដូច ក្រ គ្រ ច្រ ជ្រ ត្រ ទ្រ ន្រ ប្រ ព្រ ម្រ ស្រ។
- ចំពោះ អក្សរផ្ញើជើរ អក្សរក្រវាត់ អាចសរសេរពាក្យចំណូលថ្មីបានដូចជា ដ្រ ឌ្រ ហ្វ្រ ហ្ស ហ្ស៊ ជាដើម។
៙ ឃឹន សុខ វេយ្យាករណ៍ភាសាខ្មែរ ២០០៧ រាជបណ្ឌិតសភាកម្ពុជា ទំព័រ៤១ដល់៦៥
- ព្យញ្ជនៈទាំងអស់មាន ៤៥តួ ដែលចែកជាពីរពួក គឺ៖
- ពួក/អ/មាន៖ ក ខ ង៉, ច ឆ ញ៉, ដ ឋ/ដ្ឋ, ត ថ ណ, ប៉ ផ ម៉, ប, យ៉ រ៉ ឡ វ៉ ស ហ អ។
- ពួក/អ៊/មាន៖ គ ឃ ង, ជ ឈ ញ, ឌ ឍ, ទ ធ ន, ព ភ ម, ប៊, យ រ ល វ, អ៊។
- ស្រៈមានពីរ គឺ៖
- ស្រៈនិស្ស័យមាន ២៥តួ ( ា ិ ី ឺ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ិះ ឹះ ុះ េះ ោះ ប៉ុន្តែស្រៈ/អ/គ្មានសញ្ញាទេ។
- ស្រៈពេញតួមាន ១៣តួ (ឥ ឦ ឧ ឩ ឫ ឬ ឭ ឮ ឯ ឰ ឱ ឪ ឳ)
- មិនត្រឹមតែប៉ុណ្ណោះទេ លោកក៏បង្ហាញពីស្រៈវែងខ្លី ផ្សំ ឈ្មោះរបស់ស្រៈនិស្ស័យផងដែរ(មើល, អៀវ កើស) ការប្រកបសូរព្យញ្ជនៈនៅខាងចុងព្យាង្គ ជាដើម។ខ
៙ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) គណៈកម្មការភាសាវិទ្យា សៀវភៅវេយ្យាករណ៍ភាសាខ្មែរ កម្រិតមធ្យម សម្រាប់ការប្រើប្រាស់ទូទៅ ២០១៨ ទំព័រ៣ដល់២៦
- មានការបែងចែកជាច្រើនប្រភេទ ប៉ុន្តែនៅទីនេះ យើងសិក្សាតែទៅលើរូបអក្សរប៉ុណ្ណោះ ដូច្នេះ យើងមិនលំអិតអំពីសូរទេ។
- ព្យញ្ជនៈមាន៣៣តួ(ក្កខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្ដឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ អ្អ។
- ស្រៈនិស្ស័យមាន ២៥( ា ិ ី ឺ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ិះ ឹះ ុះ េះ ោះ )។
- ស្រៈពេញតួមាន១៥ (អ អា ឥ ឦ ឧ ឩ ឫ ឬ ឭ ឮ ឯ ឰ ឱ ឪ ឳ)។
៙ នៅ ស៊ុន លក្ខណៈភាសាខ្មែរ ឯកសារបង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
Comments
Post a Comment