ជំងឺ

ជំងឺ

ជំងឺ
ហេតុអ្វីពាក្យ ឈឺ ទៅជា ជំងឺ ម្ដេចមិនជា ជំហឺ/ជំនឺ?

ជាដំបូង យើងនិងនិយាយអំពីពាក្យឈឺសិន ជាព្យញ្ជនៈចវគ្គ ជាពួកអ៊/ឃោសៈ ហើយជាធនិត។ ដូច្នេះព្យញ្ជនៈនេះ មានសទ្ទតាពីរផ្សំគ្នា គឺព្យញ្ជនៈចវគ្គស្ថិតនៅទីបីឃោសៈ-សិថិល ហើយផ្សំនឹងព្យញ្ជនៈហ បង្កើតបានជាព្យញ្ជនៈ

ក្នុងការបង្កើតពាក្យតាមវិធីកម្លាយ ដោយប្រើផ្នត់ជែក[-អម៑-,-អ៊ម៑- ; -សព-] ឈាន › ជំហាន, [-អ៊ម៑/ន៑-, -អម៑/ណ៑- ; -សព/ព-] ជិះ › ជំនិះ។

ផ្នត់ជែកទម្រង់[-អម៑-,-អ៊ម៑- ; -អម៑-] ឆេះ › ចំហេះ, ខឹង › កំហឹង, ធំ › ទំហំ ; ជាលទ្ធផលនៃទម្រង់នេះ គឺជាសភាវៈនាម ដែលនាមនោះឆ្លើយនឹងសំណួរថា យ៉ាងម៉េច?

ផ្នត់ជែកទម្រង់[-សព/ព- ; -អ៊ម៑/ន៑-,-អម៑/ណ៑-] ឆី › ចំណី,  គិត › គំនិត, ទាញ › ទំនាញ ; ជាលទ្ធផលនៃទម្រង់នេះមិនខុសគ្នាពីទម្រង់ខាងលើនោះទេ។

បើវាស្ដែងលក្ខណៈន័យដូចគ្នាយ៉ាងដូចគ្នាយ៉ាងនេះ? មូលហេតុដែលមានទម្រង់ខុសគ្នាក្នុងការប្រើវិធីកម្លាយ ដោយសារតែពាក្យឫសមានទម្រង់ខុសគ្នា។

បើសិនជាពាក្យឫសជាព្យាង្គមានទម្រង់ ព្យញ្ជនៈជាធនិត + ស្រៈ (ធំ, ឈាន) ឬព្យញ្ជនៈជើងព្យញ្ជនៈ + ស្រៈ (ច្រើន ឈ្លោះ) គេប្រើទម្រង់[-អម៑-,-អ៊ម៑- ; -សព-]។ ប៉ុន្តែបើសិនជាពាក្យឫសមានទម្រង់ ព្យញ្ជនៈសិថិល + ស្រៈ គេប្រើទម្រង់[-សព/ព- ; -អ៊ម៑/ន៑-,-អម៑/ណ៑-]។

យើងមើលមកករណីសិក្សារបស់យើងលើពាក្យជំងឺដែលយើងឃើញង៑ដែលមិនមានក្នុងវិធីកម្លាយពាក្យក្នុងភាសាខ្មែរ។ ហើយបើសិនជាយើងមើលលើទម្រង់នៃពាក្យឫសរបស់ពាក្យឈឺ ច្បាស់ណាស់គឺត្រូវចេញជា ជំហឺ។ ចុះហេតុអ្វីបានជាមិនចេញជាជំហឺ?

ចំពោះដំណោះស្រាយ យើងមិនអាចយកន័យមកធ្វើការបកស្រាយបានទេ មានតែសូរវិទ្យាមួយប៉ុណ្ណោះដែលអាចរកដំណោះស្រាយជូនបាន។ តទៅនេះ យើងនឹងសិក្សាអំពីសូរនៃពាក្យឈឺ[chɨ:] ដែលមានព្យញ្ជនៈខ្យល់ស្ទះអឃោសៈទីបន្លឺខ្នងអណ្ដាតក្រអូមកណ្ដាលធនិត។ ស្រៈមានតំបន់បន្លឺកណ្ដាលបិទមិនច្បូញមាត់។ ដល់គេធ្វើវិធីកម្លាយដោយប្រើផ្នត់ជែកទម្រង់[-អម៑-,-អ៊ម៑- ; -សព-] គេបាន ជំហឺ[cʊmŋʰɨ:] ប៉ុន្តែចំពោះសំណែរក្នុងប្រព័ន្ធខ្មែរយើងមិនអាចសរសេរដូច្នោះបានទេ ដូច្នេះហើយបានជាគេបោះចោលព្យញ្ជនៈហ៑តូចមួយដោយរក្សាព្យញ្ជនៈង៑។ តាមពិតទៅង៑ជាធាតុដែលជាអំណោយសូររវាងព្យញ្ជនៈម៑នឹងហ៑ ព្រោះម៑នៅឆ្ងាយពីហ៑ដូច្នេះហើយបានជាត្រូវការធាតុណាមួយមកសម្រួលនៅចន្លោះកណ្ដាលនៃសូរទាំងពីរនេះ នោះគឺង៑។ ដោយសារតែខ្យល់ហ៑ជាព្យញ្ជនៈដែលមានខ្យល់ចេញលឿនរហ័យលទ្ធភាពនៃសូរដែលយើងឮតិចជាងង៑ ដូច្នេះហើយបានជាគេសរសេរនឹងង៑ ហើយយូរៗសំណេរក៏មានឥទ្ធិពលលើការនិយាយ។

ញ៉.ផល្លី សុផេន
១៨ កុម្ភៈ ២០២០

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ