សទ្ទតា-ក៑ /k/

សទ្ទតា-ក៑ /k/

យើងនិងសិក្សាអំពីសទ្ទតា/ក៑/ក្នុងភាសាខ្មែរ ពិសេសទៅលើសូររបស់វាក្នុងបរិបទនីមួយៗ។ 


សទ្ទតាក៑ ជាសទ្ទតាមួយដែលមាននៅក្នុងភាសាខ្មែរយើង សទ្ទតានេះកើតឡើងត្រង់អណ្ដាតក្រោយនិងរនាំងក្រអូម(ផ្នែកទន់នៅខាងលើនៃមាត់)។ 

មុខងារដែលសទ្ទតាក៑មាន គឺ ១.បង្កើតពាក្យបញ្ចែកសូរ(កា/ខា កាក/កាត) ២.រូបសព្ទ(ង/ក្ង) ។

តទៅនេះ យើងនឹងសិក្សាសទ្ទតាក៑ក្នុងបរិបទនីមួយ។

  • បរិបទជាសទ្ទតាមុខ សូររបស់សទ្ទតាក៑ ជាសូររនាំងក្រអូម(អណ្ដាតក្រោយនឹងក្រអូមទន់) កាង[ka:ŋ] កាត់[kat] កូន[koʊn] កើត[kaɜt]។ ចំពោះបរិបទនេះសទ្ទតាកើតត្រង់ទីបន្លឺដូចគ្នា ប៉ុន្តែអាចមានចលនាមាត់ផ្សេងគ្នា ទៅតាមស្រៈដែលស្ថិតនៅជិតវា យើងនិងលំអិតចលនាមាត់នៅពេលក្រោយ។
  • បរិបទជាសទ្ទតាកណ្ដាល សូររបស់សទ្ទតាក៑ មិនមានអ្វីផ្សេងពីបរិបទជាសទ្ទតាមុខទេ ស្ក[skɒ:] ស្គម[skɔ:m] ម្កាក់[mᵊkaʔ] ។
  • បរិបទជាសទ្ទតាក្រោយ ក៏មិនមានអ្វីប្លែកពីសទ្ទតាមុខ កណ្ដាល ដែរ ប៉ុន្តែខុសត្រង់បរិបទដែលនៅជិតស្រៈមួយចំនួន វាមានសូរផ្សេងទៅវិញ។ នឹក[nək] ពុក[pʊk] គោក[ko:k]។ ប៉ុន្តែ បើសិនជាវានៅក្នុងបរិបទនៃស្រៈ អ[ɒ] អា[a] អ៊ា/អៀ[iɜ] អួ[ʊɜ] នោះសទ្ទតាក៑បានប្ដូរសូររបស់ខ្លួនជាសូរចន្លោះខ្សែសំឡេង គឺអ៑[ʔ]។ កក[kɒ:ʔ] ពិបាក[piɓa:ʔ] ពាក្យ[piɜʔ] មួក[mʊɜʔ] *ពាក់[peaʔ]ដោយសារសូរអា[ea]នៅខាងមុខសទ្ទតាក៑។ បើសិនជាវានៅក្នុងបរិបទនៃស្រៈ អ៊ិ[i] អ៊ី[i:]  អេ/អ៊េ[ɛe/e] អែ/អ៊ែ[aɛ/ɛ] នោះសទ្ទតាក៑បានប្ដូរសូររបស់ខ្លួនជាសូរក្រអូមវិញ គឺច៑[c]។  ប៊ិក[ɓɨc] មីង[miɲ] ចេក[cɛec] ពេក[pe:c] ប្រកែក[prɒkaɛc] វែក[β̝ɛ:c]។ 
  • បំរៀបធៀបដោយឡែក ចំពោះសំណេរជាអក្សរខ្មែរ ស្រេច[ស្រាច់/srac] ស្រេក[ស្រេច/srɛec] ប្រសិនបើយើងមើលទៅលើអក្សរខ្មែរនោះ ឃើញថាភាពប្រឈមជា ច/ក ប៉ុន្តែបើសិនជាយើងគិតលើសូរវិញ ភាពប្រឈមនៃស្រៈ អា/អេ ។ 
  • អំណោយសូរ ក្នុងបរិបទខ្លះ យើងនឹងឮសូរពីខ្យល់ស្ទះមកជាសូរខ្យល់ស្ទះមានខ្យល់(ហ)វិញ គឺដូរពី ក៑ > ខ៑, គ៑ > ឃ៑។ កាន់[kan] > ខ្មាន់[kʰman], កាច់[kac] ក្បាច់[kɓac] វត្តមាននៃខ្យល់ហ[h] ក្នុងពាក្យខ្មាន់ ជាអំណោយសូរដែលបានមកពីការសម្រួលសូរ ចំណែកក្នុងពាក្យក្បាច់មិនមានអំណោយសូរណាមួយផ្សេងនោះទេ ព្រោះវាមិនពិបាកក្នុងការបន្លឺ។

យើងបាននិយាយរួចហើយអំពីការប្រែប្រួលសូរនីមួយនៃសទ្ទតាក៑ ឥឡូវយើងនិងសិក្សាពីនានាភាពនៃសូរក្នុងបរិបទនៃស្រៈ យើងមិនសិក្សាលំអិតនោះទេ ព្រោះយើងមិនមានម៉ាស៊ីនដើម្បីបង្ហាញ ប៉ុន្តែយើងជឿជាក់ថា សូរនៃសទ្ទតាក៑និងមានភាពខុសគ្នាទៅតាមស្រៈឬព្យញ្ជនៈដែលនៅជិតវា។ ទោះបីជាយ៉ាងណាក៏ដោយក៏យើងអាចបញ្ជាក់បាននៅក្នុងបរិបទខ្លះ ដែលយើងអាចឃើញភាពផ្សេងគ្នានោះដោយភ្នែក។ គូរ[kʷʊ:] មុខ[mʊkʷ] សទ្ទតាក៑មានការព្រលយ(បបូរមាត់ជារាងមូល)ទៅមុខដើម្បីសម្រួលឱនទៅរកអ៊ូ/អ៊ុ ចំណែក នឹក[kək̚] សទ្ទតាក៑មិនមានការព្រលយទេ ប៉ុន្តែមានការបិទជាប់មិនបើកនោះទេ បានសេចក្តីថា អណ្ដាតនិងក្រអូមទន់របស់យើងមិនបែកគ្នាទេ។

ញ៉.ផល្លី សុផេន
០៥ ធ្នូ ២០១៩

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ