សទ្ទតា-រ៑ /r/
សទ្ទតា-រ៑ /r/
សទ្ទតារ៑/r/ យើងឃើញថាមានការប្រែប្រួលច្រើនផ្នែកសម្លេង ទៅតាមតំបន់នីមួយៗ ដែលគេហៅថាគ្រាមភាសា សំឡេងដែលមានការប្រែប្រួលច្រើនខ្លាំងដែលគួរឱ្យកត់សម្គាល់ គឺភ្នំពេញ តាមបណ្ដោយទន្លេធំមានកំពង់ចាម កណ្ដាល ជាដើម។ អ្វីដែលពិសេសជាងនេះទៅទៀត គឺការទម្លាកសទ្ទតរ៑ចោលតែម្ដង (ប្រពន្ធ[prɒpʊn] › ពពន់[pᵊpʊn]) ទាំងអស់នេះ យើងនឹងពិនិត្យមើលនៅក្នុងបរិបទនីមួយដែលសទ្ទតារ៑មានលទ្ទភាពបង្កើតន័យនៃភាសាក្នុងពាក្យនីមួយៗ។
- បរិបទព្យញ្ជនៈមុខ (រៀន[riɜn] រហូត[rɔhoʊt])
- បរិបទព្យញ្ជនៈកណ្ដាល (ក្រង[krɒ:ŋ] ប្រហែល[prɒhaɛl] ស្រី[srej])
- បរិបទព្យញ្ជនៈក្រោយ សព្វថ្ងៃខ្មែរជាទូទៅមិនមានការបញ្ចេញសំឡេងនៃសទ្ទតារ៑ទៀតទេ គឺបោះចោលឬក៏ដូរជាសទ្ទតាល៑វិញ។ (កោរ[kao] ពីរ[pi:])
វិភាគសំណេរនិងសំណូរ
រ៑ ដែលស្ថិតក្នុងបរិបទជាព្យញ្ជនៈមុខ រក រាយ រហូត រងារ។ រ៑ អាចជា រ៑(រាយ[riɜj]) ហ៑(រៀន[hi̤ɜn]) ល៑(រហូត[lᵊloʊt]) អ៑(រងារ[ʔaŋiɜ]) យើងឃើញថាសំឡេងរ៑ត្រូវបានដូចទៅជាសំឡេងផ្សេងដល់ទៅបី ទោះបីជាសំឡេងនេះខុសគ្នាយ៉ាងណាក៏ដោយក៏ពួកវាស្ថិតនៅតែជាសទ្ទតាតែមួយ គឺរ៑។ ចំណែក រ៑ ដែលស្ថិតក្នុងបរិបទជាព្យញ្ជនៈកណ្ដាល ស្រី ប្រក់ ស្រឡាញ់ ត្រង់។ រ៑ អាចជា រ៑(ស្រី[sɘ̤j]) ឬក៏បាត់សូររ៑នេះតែម្ដង ជាទូទៅទៅ សទ្ទតារ៑ដែលស្ថិតនៅក្នុងពាក្យពីរព្យាង្គ ព្យាង្គខាងមុខដែលមានសទ្ទតារ៑ជាព្យញ្ជនៈកណ្ដាលត្រូវបានទម្លាក់ចោលស្ទើរតែគ្រប់តំបន់ (ក្រពើ[kᵊpɤ:] ច្រណែន[cᵊnaɛn] ទ្រនាប់[tᵊnoap] ប្រឡង[pᵊlɒ:ŋ] ស្រមៃ[sᵊmaj]) ពោលគឺ គេសង្កត់សំឡេងជំនួសវិញ។ រីឯ រ៑ ដែលស្ថិតក្នុងបរិបទជាព្យញ្ជនៈក្រោយ ករ[kɒ:] កុរ[kao/kol] ខ្នុរ[kʰnol/kʰnao] ខ្ពុរ[kʰpʊl/kʰpo:] អាចជា ល៑ ការទម្លាក់រ៑ចោល ឬក៏ដូរស្រៈផងទម្លាក់រ៑ចោលផង។
ជាសរុបចុងក្រោយ ទោះបីជារ៑មានការដូរសំឡេងយ៉ាងណាក៏ដោយក៏សទ្ទតានេះនៅតែជាសទ្ទតាតែមួយ លើកលែងទេការប្រៀបធៀបនឹងពាក្យផ្សេងក្នុងបរិបទតែមួយដូចគ្នា ហើយមានមុខងារផ្សេងគ្នា នោះទើបជាសទ្ទតាពីរផ្សេងគ្នា ឧ. កោរ កុរ បើយើងដកសំណេរចោល យើងនឹងឃើញថា វត្តមានរ៑ អវត្តមានរ៑ មានការប្រែប្រួលន័យ បើ កោរ អាចជា កោរ[kao] ឬកុរ[kol]/kao] ប៉ុន្តែបើ កុរ អាចជា កោរ[kao] កុល[kol] តែ សូរកុលមិនអាចជាច្រឡំនឹងកោរទេ។
ញ៉.ផល្លី សុផេន
១៦ ធ្នូ ២០១៩

Comments
Post a Comment