សម្រង់ពាក្យទាក់ទងនឹងពេលវេលា

សម្រង់ពាក្យទាក់ទងនឹងពេលវេលា

ពេល, វេលា, ម៉ោង, ថ្ងៃ, សប្ដាហ៍, ខែ, រដូវ, ឆ្នាំ
ខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ; ពេលវេលា
១) កាល ១.ន. (សំ. បា.) គ្រា, ពេល, សម័យ : កាលនោះ, កាលពីឆ្នាំមុន, កាលដែលខ្ញុំធ្វើការ។ កាលបរិច្ឆេទ (កាលៈ--) ន.(បា.) ការកំណត់ពេល, ការកម្រិតនៃថ្ងៃខែឆ្នាំ។ កាលវិបត្តិ (--វិបាត់) ការប្រែប្រួលនៃកាល, ការខូចវេលា, ដំណើរខុសកាល។ ព.ផ្ទ. កាលសម្បត្តិ។ កាលវិភាគ ការចែកពេល, ការបែងចែកវេលា ដើម្បីធ្វើការងារឱ្យបានស្រួល, ការចែកមុខការទៅតាមកាលវេលា។ កាលសម្បត្តិ ការសមប្រកបដោយកាល, ការត្រូវទំនងតាមវេលា, ដំណើរដែលត្រូវតាមកាលសម័យ។ ព.ផ្ទ. កាលវិបត្តិ។ កាលានុកាល កាលតាមលំដាប់កាល, មួយដងមួយកាល។ (ទំ.៣៦)

២) កាលៈទេសៈ ន. (បា.កាល "គ្រា, ពេល, សម័យ" + ទេស "ស្រុក, ប្រទេស") កាលសម័យរបស់ស្រុកទេស; កាលនិងប្រទេស : មនុនឹងប្រកបមុខរបរផ្សេងៗ គប្បីពិចារណាលៃលកមើលឱ្យសមរម្យទៅតាមកាលៈទេសៈ។ ពាក្យនេះ សម័យសព្វថ្ងៃ គេច្រើនប្រើសំដៅន័យថា "ហេតុការណ៍ចម្លែក, ប្រវត្តិហេតុ, ព្រឹត្តិការណ៍ផ្សេងៗ, ការវិបរិតប្រែប្រួល"។ (ទំ.៣៦)

៣) ខណៈ (ខៈណៈ) ន. (បា.; សំ. ក្សណ) ស្របក់, រំពេច : ខណៈនោះ, មួយខណៈ។ (ទំ.៩៥)

៤) ខានស្អែក និ.ឬ ន. ថ្ងៃមួយកន្លងពីថ្ងៃស្អែក គឺថ្ងៃជាតំណបន្ទាប់ពីស្អែក : ដល់ថ្ងៃខានស្អែកខ្ញុំនឹងទៅស្រុកខ្ញុំ។ (ទំ. ៩៧)

៥) ខានស្អែកមួយ និ. ថ្ងៃមួយតបន្ទាប់ពីខានស្អែកទៅ។ (ទំ. ៩៧)

៦) ខានស្អែកមួយនាយ និ. ថ្ងៃមួយតបន្ទាប់ពីថ្ងៃខានស្អែកមួយទៅ, គេនិយាយថា : ស្អែក, ខានស្អែក, ខានស្អែកមួយ, ខានស្អែកមួយនាយ។ (ទំ. ៩៧)

៧) ខែ ន. រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗ តាមដំណើរព្រះចន្ទឬដំណើរព្រះអាទិត្យមាន១២រាសី; ក្នុងរាសីនីមួយៗមាន២៨, ២៩, ៣០ ឬ ៣១ថ្ងៃ ហៅថាខែ។ ឯខែទាំង១២តាមចន្ទគតិ គឺ មិគសិរ ទី១, បុស្ស ទី២, មាឃ ទី៣, ផគ្គុណ ទី៤, ចេត្រ ទី៥, ពិសាខ ទី៦, ជេស្ឋ ទី៧, អាសាធ ទី៨, ស្រាពណ៍ ទី៩, ភទ្របទ ទី១០, អស្សុជ ទី១១, កត្តិក ទី១២។ កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ១ ជាជំនួសខែ មិគសិរ លេខ២ ជាជំនួសខែបុស្ស។ល។ ខែ អាសាធ ជួនកាលមាន២ដង មុនឈ្មោះ បឋមាសាធ ក្រោយឈ្មោះទុតិយាសាធ; បើយកលេខប្រើជាជំនួសខែ បឋមាសាធ ត្រូដាក់លេខ៨ក្រោមលេខ០, ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ពីរត្រួតលើគ្នា។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរ : សំពះព្រះខែ, ខែរះ, ខែលិច។ (ទំ.១០១)

៨) គ្រា ន. កាល, សម័យ : គ្រានេះ, គ្រានោះ, គ្រាក្រោយ, គ្រាកំណត់, គ្រាក្រ។ល។ (ទំ.១៥៣)

៩) ង៉ៃ ន. ថ្ងៃ។ ពាក្យសាមញ្ញ ជាគ្រាមភាសា : តាមតែង៉ៃណាក៏បាន។ (ទំ. ១៧១)

១០) ចន្ទ (ច័ន) ន. (បា.) សភាវៈសម្រាប់បំភ្លឺ ជាចម្បងជាងពន្លឺទាំងអស់ ដែលភ្លឺក្នុងវេលាយប់ : ព្រះចន្ទពេញវង់ ហៅតាមពាក្យធម្មតាថា លោកខែ, ខែរះ, ខែលិច, ខែភ្លឺ។ (ទំ. ១៨៣)

១០.១) ចន្ទ្រ (ច័ន) ន. (សំ.) ដូចគ្នានឹងចន្ទ។ (ទំ. ១៨៥)

១១) ត្រង់ ២ ន. ឈ្មោះពេលសន្មតដោយព្រះអាទិត្យចរមកចំពីលើ គឺម៉ោង១២ថ្ងៃ។ លោកឆាន់ត្រង់ គឺភិក្ខុសមណេរដែលឆាន់ក្នុងវេលាថ្ងៃជិតត្រង់។ ថ្ងៃត្រង់ គឺវេលាព្រះអាទិត្យឋិតនៅចំភាគកណ្ដាល។ (ទំ. ៣៦២)

១២) នាទី ន. (សំ. នាឌិ) នាឡិ។ ឈ្មោះមាត្រារាប់វេលាក្នុងចំនួន ៦០នាឡិកា(៦០មីនុត) : ម៉ោង១២ និង១០នាទី គឺម៉ោង១២ និង១០មីនុត។ កន្លែងនីមួយៗមានព្រំចារឹកដែលគេបានកំណត់ស្រេចហើយ : នាទីដី, នាទីចម្ការ។ មុខក្រសួង, មុខងារ, មុខការ : ធ្វើការតាមនាទីរបស់ខ្លួន, ធ្វើតាមនាទីដេលគេដាក់ឱ្យ។ (ទំ.៥០២-៣)

១៣) នាឡិកា ន. (បា.; សំ. នាឌិកា) ឈ្មោះមាត្រាសម្រាប់រាប់វេលាចំនួន៦០នាទី គឺ ៦០មីនុត (ហៅថា មួយនាឡិកា គឺមួយម៉ោង)។ ប្រដាប់សម្រាប់ប្រើរាប់ម៉ោងនុ៎ះឯងក៏ហៅ នាឡិកា ដែរ : នាឡិកាចងដៃ, នាឡិកាដក់, នាឡិកាព្យួរ, នាឡិការោទ៍។ (ទំ. ៥០៧)

១៤) ឆ្នាំ ន. កំណត់វេលាមួយខួបខែ ១២។ (ទំ.២៣៧)

១៥) ថ្ងៃ ន. វេលាមានបន្លឺព្រះអាទិត្យប្រាកដ។ តាមហោរាសាស្ត្រ កំណត់វេលា២៤នាឡិកា គឺ២៤ម៉ោង រាប់ពីក្រោយវេលាអធ្រាត្រមកដល់ពាក់កណ្ដាលអធ្រាត្រវិញ (ជា២៤ម៉ោង) ហៅថា មួយថ្ងៃ; ហៅតាមពាក្យធម្មតាថា យប់មួយ ថ្ងៃមួយ ឬ មួយយប់មួយថ្ងៃ។ ដួងព្រះអាទិត្យឬសូរ្យមណ្ឌលក៏ហៅ ថ្ងៃ ដែរ : ថ្ងៃអាទិត្យ; ថ្ងៃនេះ, ថ្ងៃស្អែក, ថ្ងៃខានស្អែក; ថ្ងៃត្រង់។ល។ (ទំ.៣៩២)

១៦) ទិន ន. (សំ. បា.) ថ្ងៃ។ ប្រក្រតិទិន គឺបញ្ជីមានតារាងចុះរៀងរបៀបថ្ងៃក្នុងខែមួយៗក្នុងមួយឆ្នាំ។ (ទំ. ៤២៥)

១៧) ទិវ័ន ន. (សំ. ទិវន៑) ថ្ងៃ។ (ទំ. ៤២៨)

១៨) ទិវា ន. (សំ.) ថ្ងៃ។ (សំ. បា. និ.) ក្នុងវេលាថ្ងៃ, នៅវេលាថ្ងៃ។ ខ្មែរយើងច្រើននិយាយថា ទិវារាត្រី គឺទាំងថ្ងៃទាំងយប់ (ព. ទេ.)។ (ទំ. ៤២៨)

១៩) ពារ ២ ន. (សំ. បា. វារ) ថ្ងៃ : ពារពុធ គឺថ្ងៃពុធ (ព.ស.ហ.)។ (ទំ. ៧៤៦)

២០) ពុធ (ពុត) ន. (សំ.បា.) អ្នកមានប្រាជ្ញា, អ្នកប្រាជ្ញ។ ឈ្មោះថ្ងៃទី៤ (ក្នុងសប្ដាហ៍) : ថ្ងៃពុធ (ហៅតាមឈ្មោះផ្កាយពុធ) ...។ (ទំ. ៧៧០)

២១) ពេល ន.(សំ. បា. វេលា) វេលា : ពេលបាយ, ពេលធ្វើការ, ពេលដេក, ពេលទំនេរ។ (ទំ.៧៧៦)

២២) ពេលា ឬ្ វេលា ន. (សំ. បា. វេលា) កាល, កាលតូច។ (ទំ.៧៧៦)

២៣) ព្រលប់ ន. វេលាជាខាងដើមយប់ គឺពេលដែលទើបនឹងយប់ : ធ្វើការពីព្រលឹមទាល់ព្រលប់។ ក្បាលព្រលប់ ដើមព្រលប់ គឺវេលាដែលទើបយប់រពឹលៗ(ព្រលប់តូច)។ ព្រលប់ធំ ចុងព្រលប់ គឺវេលាដែលចូលស៊ប់ជាយប់ហើយ។ ពន់ព្រលប់ ហួសពីព្រលប់ គឺវេលាបន្ទាប់ពីព្រលប់ធំទៅ (ម.ព. ពន់ ផង)។ (ទំ. ៧៩១)

២៤) ព្រលឹម ន. វេលាជាខាងដើមថ្ងៃ គឺពេលដែលព្រះអាទិត្យទើបរះឃើញព្រឹមៗ : ចេញទៅពីព្រលឹម។ (ទំ. ៧៩២)

២៥) ព្រហស្បតិ៍ (ព្រហ៊ាស់) ន. (សំ. វ្ឫហស្បតិ ; សំ.ក្ល. វ > ព, ឫ > រឹ = ព្រឹហស្បតិ) ឈ្មោះថ្ងៃទី៥ក្នុងមួយសប្ដាហ៍ : ថ្ងៃព្រហស្បតិ៍។ ពោលតាមលទ្ធិព្រាហ្មណ៍ថាជានាមនៃទេវតាវិសេសអង្គមួយ ជាប្រធានឬជាម្ចាស់នៃមន្តវិជ្ជានិងអក្សរសាស្ត្រ, ជាគ្រូនៃពួកទេវតា, ហៅថា ព្រះវ្ឬហស្បតិ (ព្រះព្រហស្បតិ៍) ; ខាងតារាសាស្ត្រ ថាជាឈ្មោះនៃផ្កាយមួយក្នុងពួកផ្កាយនព្វគ្រោះ ហៅថា ផ្កាយព្រហស្បតិ៍; ព្រោះហេតុនោះ បានជាបុព្វបុរសទាំងឡាយរបស់យើង ហៅថ្ងៃព្រហស្បតិ៍ថា ព្រហស្បតិ៍រាជគ្រូ (តាមលទ្ធិន៎ុះឯង), តាំងជាទម្លាប់ឱ្យសិស្សចាប់ផ្ដើមរៀនអក្សរ, លេខនព្វន្ត, មន្ត, វិជ្ជា ទាំងពួង រើសរកតែថ្ងៃព្រហស្បតិ៍ ដោយប្រកាន់ជឿថានឹងបានឆាប់ចេះ ទាំងនឹងមានសេចក្ដីសុខសប្បាយរៀងទៅផង។ (ទំ. ៧៩៤)

២៦) ព្រហស្បតិចក្រ (ព្រហ៊ាស់-ស្ប៉ៈតិច័ក) ន. (ស. វ្ឫហស្បតិចក្រ; សំ.ក្ល. វ > ព, ឫ > រឹ = ព្រឹ--) មួយជុំហុកសិបឆ្នាំ : មួយព្រហស្បតិចក្រ គឺចំនួន៦០ឆ្នាំ (ព.ស.ហ.)។ (ទំ. ៧៩៤)

២៧) ព្រហាម (--ហ៊ាម) ន. វេលាដែលអរុណទើបនឹងរះស្រាងៗ, ពេលបំព្រាង (បច្ចូសកាល) : ចេញទៅពីប្រហាម ; និយាយថា ព្រហាមស្រាងៗក៏បាន។ (ទំ. ៧៩៤)

២៨) ព្រឹក ន. វេលាចាប់តាំងពីព្រះអាទិត្យបំព្រាងដល់ថ្ងៃពេញពន្លឺធំ ; ឬដរាបដល់ថ្ងៃត្រង់ក៏នៅហៅ ព្រឹក បានដែរ : ព្រឹកល្ងាច, ទាំងព្រឹកទាំងល្ងាច។ ព្រឹកព្រាង វេលាដែលព្រះអាទិត្យទើបរះព្រាងៗ, វេលាបំព្រាង។ ព្រឹកស្អែក វេលាព្រឹកក្នុងថ្ងៃស្អែក។ (ទំ. ៨០០)

២៩) ម៉ោង ន. (ស.ល. មោង អ.ថ. ម៉ូង; បារ. Montre ម៉ុងត្រិ៍ "នាឡិកាតូចដែលអាចលើកដាក់ចុះឡើងបាន") ឈ្មោះមាត្រារាប់វេលាមួយជុំទ្រនិចវែងនៃនាឡិកា គឺ វេលា ៦០នាទី (៦០ មីនុត) : ម៉ោង១, ម៉ោង១៣, ម៉ោង២៤។ ក្នុងយប់មួយថ្ងៃមួយហៅថាមួយថ្ងៃ មាន២៤ម៉ោង គឺ២៤នាឡិកា, រាប់ថា ម៉ោង១ ពីវេលាក្រោយអធ្រាតរៀងទៅដល់ថ្ងៃត្រង់បាន១២ម៉ោង ហៅថាកន្លះថ្ងៃម្ដង, រាប់ថា ម៉ោង១៣ ពីវេលាក្រោយថ្ងៃត្រង់រៀងមកដល់អធ្រាតទៀតបាន១២ម៉ោង ហៅថាកន្លះថ្ងៃម្ដងទៀត រួមជាមួយថ្ងៃកត់ មាន២៤ម៉ោង; ក្នុងមួយយប់មួយថ្ងៃដែលហៅថារួមមួយថ្ងៃ មានម៉ោង១តែម្ដងគត់ ... មានម៉ោង១២តែម្ដងគត់; រាប់ម៉ោងបែបនេះជាដំណើរទៀតទាត់ដែលពួកហោរគ្រប់ប្រទេសនិយមប្រើសព្វថ្ងៃនេះ (ម.ព. ថ្ងៃ និងយប់ ផង)។ (ទំ.៩១៥)

៣០) ម្សិល ឬ ម្សិលមិញ និ. ពាក្យនិបាតប្រាប់វេលាក្នុងថ្ងៃមួយមុនថ្ងៃនេះ (ថ្ងៃទី២មុនបន្ទាប់ថ្ងៃនេះ) : ពីម្សិល, ពីថ្ងៃម្សិល, ពីម្សិលមិញគេបានមកចួបនឹងខ្ញុំហើយ។ (ទំ. ៩២៦)

៣១) ម្សិលម្ង៉ៃ ន. ពាក្យនិបាតប្រាប់វេលាក្នុងថ្ងៃមួយមុនថ្ងៃម្សិល (ម្សិលមួយថ្ងៃ គឺថ្ងៃទី៣មុនថ្ងៃនេះ) : ពីម្សិលម្ង៉ៃ ខ្ញុំមិនបានទៅធ្វើការទេ។ (ទំ. ៩២៦)

៣២) ម្សិលម្ង៉ៃមួយ (គ្មាននៅវចនានុក្រម)

៣៣) ម្សិលម្ង៉ៃមួយនាយ និ. ពាក្យនិបាតប្រាប់វេលាក្នុងថ្ងៃមួយមុនថ្ងៃម្សិលម្ង៉ៃ (ថ្ងៃទី៤មុនថ្ងៃនេះ) : គាត់ចាប់ឈឺ ពីម្សិលម្ង៉ៃមួយនាយ។ (ទំ. ៩២៦)

៣៤) យប់ ន. រាត្រី, វេលាដែលព្រះអាទិត្យអស្ដង្គតហើយ គឺវេលាតាំងពីព្រះអាទិត្យលិចបាត់អស់ពន្លឺ ទៅរហូតមកទល់នឹងពេលអរុណរះមានពន្លឺច្បាស់ឡើង។ ព.ផ្ទ. ថ្ងៃ។ យប់មិញ យប់ដែលកន្លងទៅហើយបន្ទាប់ថ្ងៃនេះ។ យប់ម្សិល យប់របស់ថ្ងៃម្សិល។ យប់ម្សិលម្ង៉ៃ (--មួយថ្ងៃ) យប់របស់ថ្ងៃម្សិលម្ង៉ៃ។ល។ (ទំ. ៩៤៣)

៣៥) យាម ២ ន. (សំ. បា.) វេលាដែលចែងជាសង្កាត់ៗក្នុងថ្ងៃមួយៗ, បើគិតជាម៉ោង ក្នុងមួយយាមមានបីម៉ោងឬ៤ម៉ោង, ក្នុងមួយថ្ងាមួយយប់មាន៨យាម ឬ ៦យាម ត្រូវជា២៤ម៉ោង ហៅរួមជាមួយថ្ងៃ។ ក្នុងសម័យបុរាណច្រើនប្រើហៅថា យាម តែក្នុងវេលាយប់ៗមួយមាន៣យាមគឺ យាមទី១ ហៅ បឋមយាម ឬ ប្រឋមយាម, ទី២ហៅ មជ្ឈិមយាម ឬ មធ្យមយាម, ទី៣ ហៅ បច្ចិមយាម ឬ បស្ចិមយាម (ក្នុងយាមនីមួយៗ បើគិតជាម៉ោងមាន៤ម៉ោង)។ យាមយោគ ដំណើរប្រកបផ្សំតាមពេលយាម គឺការកំណត់ពេលយាមថាមានជោគល្អឬការទាយតាមពេលយាម។ យាមយោគយាត្រា ដំណើរចេញចរ, ការចេញដើរ, តាមយាមយោគ គឺការពិនិត្យមើលពេលតាមក្បួនតម្រារួមទើបចេញដើរ។ ចាប់យាម សង្កេតពេលយាមតាមក្បួនតម្រា ហើយទាយតាមក្បួនប្រាប់ពិតខ្លះទេខ្លះ។ល។ (ទំ. ៩៤៧-៨)

៣៦) យុគ(យុក) ន. (សំ. បា.) នឹម; គូ; អាយុ, អាយុពិភពលោក; កាល, គ្រា, សម័យ។ ដំណើរកំណត់កាលរបស់ពិភពលោក; តាមលទ្ធិបុរាណថាយុគមាន៤គឺ ទី១ ក្រឹតយុគ(សំ. ក្ឫត--) "យុគមាស, អាយុមាស" (ហៅថា សត្យយុគ "យុគប្រកបដោយពាក្យសត្យ" ក៏បាន) មានកំណត់ត្រឹម ១.៧២៨.០០០ ឆ្នាំមនុស្ស ត្រូវជា ៤.៨០០ ឆ្នាំទិព្យ(ពួកមនុស្សក្នុងយុគនេះមានអាយុវែងៗ មានសេចក្ដីសុខច្រើន); ទី២ ត្រេតយុគ ត្រេតាយុគ "យុគប្រាក់, អាយុប្រាក់" មានកំណត់ត្រឹម ១.២៩៦.០០០ ឆ្នាំមនុស្ស ត្រូវជា៣.៦០០ ឆ្នាំទិព្យ (ពួកមនុស្សនៅក្នុងយុគនេះមានអាយុវែងយ៉ាងមធ្យម ទាំងសេចក្ដីសុខក៏យ៉ាងមធ្យមដែរ); ទី៣ ទ្វាបរយុគ "យុគមានចំនួនលេខពីរៗ គឺលេខគត់គូ" មានកំណត់ត្រឹម ៨៦៤.០០០ ឆ្នាំមនុស្ស ត្រូវជា ២.៤០០ ឆ្នាំទិព្យ (ក្នុងយុគនេះមនុស្សមានសេចក្ដីសុខយ៉ាងអន់); ទី៤ កលិយុគ "យុគប្រកបដោយទោស, ប្រកបដោយជម្លោះ" មានកំណត់ត្រឹម ៤៣២.០០០ ឆ្នាំមនុស្ស ត្រូវជា១.២០០ ឆ្នាំទិព្យ (យុគយើងសព្វថ្ងៃនេះឯង, ពួកមនុស្សមានអាយុនិងសេចក្ដីសុខតិចណាស់); បូករួមកំណត់ឆ្នាំរបស់យុគទាំង៤ ជាបួនលានបីសែនពីរហ្មឺន(៤.៣២០.០០០) ឆ្នាំមនុស្ស ត្រូវជា១២.០០០ ឆ្នាំទិព្យ ហៅថាមហាយុគមួយ។ យើងសព្វថ្ងៃនៅក្នុងកលិយុគ យើងសព្វថ្ងៃនៅក្នុងយុគទី៤។ (ទំ.៩៥១-៥២)

៣៧) រដូវ (រដូវ) ឬ រដូវ ១ ន. (សំ.ក្ល.; សំ. ឫតុ; បា. ឧតុ) ទេសកាល, កាលកំណត់ដែលចែកជាភាគខែក្នុងឆ្នាំមួយៗ តាមសម័យដែលអាកាសប្រែប្រួល (ច្រើនសរសេរ រដូវ ជាង): រដូវរងា, រដូវក្ដៅ, រដូវភ្លៀង; ឈើផ្លែខុសរដូវ; ផ្លាស់រដូវ។ តាមសុរិយគតិ, ក្នុងមួយឆ្នាំៗនិយមប្រើរដូវ៤គឺ ១-និទាឃៈ ឬ និទាឃរដូវ "រដូវក្ដៅ" ត្រូវគ្នានឹងរដូវប្រ័ងសង់ប្ស៍ Printemps ប្រទេសបារាំង) មាន ៣ខែ, រាប់ពីត្រឹមថ្ងៃទី២១ ខែមីនា (ម៉ារ្ស) ដល់ថ្ងៃទី២១ ខែមិថុនា (យូវ៉ាំង), មាន៩៣ថ្ងៃ។ ២- វស្សានៈ ឬ វស្សានរដូវ "រដូវភ្លៀង" (ត្រូវគ្នានឹងរដូវ អេតេ Eté ប្រទេសបារាំងសែស) មាន ៣ខែ, រាប់ពីត្រឹមថ្ងៃទី ២២ ខែមិថុនា (យូវ៉ាំង) ដល់ថ្ងៃទី ២២ ខែកញ្ញា (សេបតមប្រិ៍), មាន៩៣ថ្ងៃ។ ៣- សរទៈ ឬ សរទរដូវ "រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះៗ; រដូវលំហើយ"(ត្រូវគ្នានឹងរដូវ អូតូន Automne ប្រទេសបារាំងសែស) មាន៣ខែ, រាប់ពីត្រឹមថ្ងៃ២៣ ខែកញ្ញា (សេបតមប្រិ៍) ដល់ថ្ងៃទី២១ ខែធ្នូ(ដេសមប្រិ៍) មាន៩០ថ្ងៃ។ ៤- សិសិរៈ ឬសិសិររដូវ "រដូវរងាខ្លាំង"(ត្រូវគ្នានឹងរដូវ ហ៊ីវែរ Hiver ប្រទេសបារាំងសែស) មាន៣ខែ, រាប់ពីត្រឹមថ្ងៃទី២២ ខែធ្នូ (ដេសមប្រិ៍) ដល់ថ្ងៃទី ២០ ខែមីនា(ម៉ារ្ស), មាន៨៩ថ្ងៃ ឬជួលកាលមាន៩០ថ្ងៃ។ រួមទាំង៤រដូវ ត្រូវជា១២ខែ, មានថ្ងៃ៣៦៥ ឬចួនកាល៣៦៦ ជាមួយឆ្នាំនៃសុរិយគតិ(មិនមានវិធីលើកខែទេ)។ តាមចន្ទគតិ, ក្នុងឆ្នាំមួយៗនិយមប្រើរដូវ៣ គឺ ១- ហេមន្តៈ ហេមន្តរដូវ "រដូវមានទឹកសន្សើម, រដូវរងា" មាន៤ខែ, រាប់ពីត្រឹមថ្ងៃទី១រោចខែកត្តិកដល់ថ្ងៃ១៥កើតខែផល្គុន, មាន១១៨ថ្ងៃ។ ២-គិម្ហៈ ឬ គិម្ហរដូវ "រដូវក្ដៅ" មាន៤ខែ, រាប់ពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃ១៥កើតខែអាសាឍ, មាន១១៨ថ្ងៃ; បើឆ្នាំដែលមានអធិកវារៈ មាន១១៩ថ្ងៃ។ ៣- វស្សានៈ ឬ វស្សានរដូវ "រដូវភ្លៀង" មាន៤ខែ, រាប់ពីថ្ងៃ១រោច ខែអាសាឍដល់១៥កើតខែកត្តិក, មាន១១៨ថ្ងៃ។ រួមទាំង៣រដូវ មាន១២ខែ ឬចួនកាលមាន១៣ខែ, មានថ្ងៃ៣៥៤ ឬ៣៥៥ ឬចួនកាល៣៨៤ថ្ងៃ ជាមួយឆ្នាំនៃចន្ទគតិ(លទ្ធិពុទ្ធសាសនានិយមប្រើរដូវ៣នេះ។ មើលចន្ទគតិកាលផង)។ តាមលទ្ធិបុរាណ, ក្នុងប្រទេសខ្លះនិយមប្រើរដូវ ៦ គឺ ១-ហេមន្តៈ ឬ ហេមន្តរដូវ "រដូវមានទឹកសន្សើម, រដូវរងា" មាន២ខែ, រាប់ពីថ្ងៃ១រោច ខែកត្តិកដល់ថ្ងៃ ១៥កើតខែបុស្ស, មាន៥៩ថ្ងៃ។ ២-សិសិរៈ ឬសិសិររដូវ "រដូវរងាខ្លាំង" មាន២ខែ, រាប់ពីថ្ងៃ១រោចខែបុស្សដល់ថ្ងៃ១៥កើតខែផល្គុន, មាន៥៩ថ្ងៃ។ ៣-វសន្តៈ ឬវសន្តរដូវ "រដូវឈើជ្រុះលាស់ស្លឹក" មាន២ខែ, រាប់ពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃ១៥កើតខែពិសាខ, មាន៥៩ថ្ងៃ (គួរកុំច្រឡំ វស្សានឬវសន្ត នេះ)។ ៤-គិម្ហៈ ឬគិម្ហរដូវ "រដូវក្ដៅ" មាន២ខែ, រាប់ពី១រោចខែពិសាខដល់១៥កើតខែអាសាឍ, មាន៥៩ថ្ងៃ (បើខែមានអធិកវារៈ មាន៦០ថ្ងៃ, ឆ្នាំដេលមានអធិកមាសមាន៣ខែ មានថ្ងៃ៨៩(?) ព្រោះប្រើខែចេញឈ្មោះតាមចន្ទគតិដូចបែបប្រើរដូវ៣ដែរ)។ ៥-វស្សានៈ ឬ វស្សានរដូវ "រដូវភ្លៀង" មាន២ខែ, រាប់ពីថ្ងៃ១រោចខែអាសាឍដល់ថ្ងៃ១៥កើតខែភត្របទ, មាន៥៩ថ្ងៃ។ ៦-សរទៈ ឬសរទរដូវ "រដូវចុះអ័ព្ទ ឬរដូវមានខ្យល់, ភ្លៀង, ទឹកសន្សើមខ្លះ" មាន២ខែ, រាប់ពីថ្ងៃ១រោចខែភត្របទដល់ថ្ងៃ១៥កើតខែកត្តិក, មាន៥៩ថ្ងៃ។ រួមទាំង៦មាន១២ខែ(ឬចួនកាលមាន១៣ខែ?) មានថ្ងៃ៣៥៤(ឬ៣៥៥ថ្ងៃ ឬក៏ចួនកាល៣៨៤ថ្ងៃ?) ត្រូវជា១ឆ្នាំ។ រដូវ៦នេះលទ្ធិពុទ្ធសាសនាមិននិយមប្រើទេ មានបង្គាប់ឱ្យប្រើតែរដូវ៣តាមចន្ទគតិដោយដាច់ខាត(ម.ព. រាសីផង ព្រោះមានប្រាប់ឈ្មោះខែសម្រាប់សុរិយគតិ និងចន្ទគតិនៅនោះ)។ (ទំ.៩៨២-៣)

៣៨) វេន ន. (បា. វេរ) កាលកំណត់ដំណើរធ្វើការផ្លាស់គ្នាតាមប្ដេជ្ញា : ចូលវេន, ចេញវេន, ធ្វើការមានវេន, ត្រូវវេន ...។ វេនកែន វេនធ្វើការរបស់អ្នកកំណែន។ វេនរបស់កម្ម ការចេញមុខឱ្យផលតាមការកំណត់កម្ម (ជាកុសលឬអកុលស) : ត្រូវទទួលសុខទុក្ខតាមវេនរបស់កម្ម។ (ទំ.១២១៥)

៣៩) រសៀល ន. វេលាក្នុងរវាងថ្ងៃត្រង់និងល្ងាច គឺតាំងពីក្រោយថ្ងៃត្រង់ដល់ពេលល្ងាច : រសៀលម៉ោង១៣, រសៀលម៉ោង១៥។ រសៀលគងភ្នំ វេលាព្រះអាទិត្យជ្រេទាបប៉ប្រះលើកំពូលភ្នំខ្ពស់។ ព.ប្រ. ជិតនឹង, ទៀបនឹងដល់, រកកល់នឹង : រសៀលទៅរកស្លាប់; ការនោះកាន់តែរសៀលដែរហើយ។ (ទំ.១០២១)

៤០) រាត្រី ១ ន. (សំ រាត្រិ; បា. រត្តិ)  យប់, វេលាយប់។ រាត្រីកាល (ម.ព. រត្តិកាល)។ រាត្រីចរ(ម.ព. រត្តិចរ)។ រាត្រីជល (--ជល់) ទឹកសន្សើម។ រាត្រីភាគ (ម.ព. រត្តិភាគ)។ រាត្រីមណី (--មៈនី) ព្រះចន្ទ្រ។ រាត្រីវិគម (--វិគៈមៈ ឬ វិគំ), រាត្រីវិភាត អរុណោទ័យ (ពេលព្រឹកព្រាង, វេលាបំព្រាង)។ រាត្រីសមោសរ (--សៈម៉ោ-ស) ការប្រជុំគ្នាក្នុងរាត្រី, ទីប្រជុំគ្នាពេលយប់។ ច្រើនប្រើចំពោះទីប្រជុំដែលមានរបាំឬមហោស្រពផ្សេងៗ ជាគ្រឿងកំសាន្តផង។ រាត្រីសុវត្ថិ! (--សុវ៉ាត់) ឬ រាត្រីសួស្ដី! សួស្ដីក្នុងវេលាយប់; ពាក្យសម្រាប់ឱ្យពរគ្នាក្នុងវេលាយប់ (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឱ្យមានសួស្ដីក្នុងវេលាយប់! (ព.ផ្ទ. អរុណសុវត្ថិ! ឬ --សួស្ដី! ; សាយណ្ហសុវត្ថិ! ឬ --សួស្ដី!)។ល។ (ទំ. ១០៤៤-៤៥)

៤១) វារៈ ន. (សំ. បា. វារ)  (ទំ.១១៧២)

៤២) វិនាឌិកា, វិនាឌី, វិនាទី ន. (សំ. វិនាឌិ ឬ វិនាឌិកា) ឈ្មោះកម្រិតវេលាមួយកម្រិតក្នុងនាឡិកាតូចបន្ទាប់ពីនាទី (៦០វិនាទី ជាមួយនាទី)។ (ទំ. ១១៨៩)

៤៣) វេលា (ម.ព. ពេល, វេលា) (ទំ.១២១៧)

៤៤) ល្ងាច ន. វេលាដែលព្រះអាទិត្យទេទាបចុះ : ធ្វើការតាំងពីព្រឹកដល់ល្ងាច។ ព.ផ្ទ. ព្រឹក។ (ទំ.១១៣៥)

៤៥) ស័ក ន. (សំ. ឝក) កាល, សម័យ, យុគ; ការរាប់លំដាប់ឆ្នាំ; ពួកជនជាតំណវង្សដែលរាប់ទាក់ទងដោយក្សត្រិយ៍ សកៈ ឬ សាលិវាហនៈ (ម.ព. សករាជ ផង)។ ខ្មែរប្រើពាក្យនេះចំពោះតែការរាប់លំដាប់ឆ្នាំ តាំងពីរស័កទី១ដល់ស័កទី១០ ត្រឡប់សាមករាប់ពីស័កទី១វិញ គឺរាប់ថា : ឯកស័ក, ទៅស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្ដស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក; ដូចជា ឆ្នាំថោះឯកស័ក។ល។ ឆ្នាំជូតសំរឹទ្ធិស័ក; ឆ្នាំឆ្លូវឯកស័ក, ...។ (ទំ.១២២៤)

៤៦) សត្ត (ស័ត-តៈ) ប.សំ. (បា.; សំ. សប្ដ, សប្ដន៑) ប្រាំពីរ(៧)។ សត្តខណ្ឌ(--ខ័ន)៧សង្កាត់, ៧ផ្ទាំង : ចីវរសត្តខណ្ឌ ចីវរមាន៧ផ្ទាំង។ សត្តទិន ឬ សត្តវារៈ, --ពារ ៧ថ្ងៃ : នៅអស់សត្តទិន គឺរវាង៧ថ្ងៃ(មួយសប្ដាហ៍) : ក្នុងមួយសត្តវារៈ។ សត្តពិធ ៧យ៉ាង, ៧បែប; ៧មុខ។ សត្តបរិភណ្ឌ ភ្នំ៧សង្កាត់ដែលព័ទ្ធភ្នំព្រះសុមេរុ។ សត្តភូមិក ដែលមានជាន់ឬថ្នាក់៧ : ផ្ទះសត្តភូមិក (ផ្ទះ៧ជាន់)។ សត្តមាស ៧ខែ។ សត្តាហៈ ឬ សប្ដាហៈ, សប្ដាហន៑, សប្ដាហ៍ (បា. សត្តាហ <  សត្ត + អហ "ថ្ងៃ"; សំ. សប្ដាហន៑ < សប្ដ "៧" + អហន៑ "ថ្ងៃ") ៧ថ្ងៃ; រវាង៧ថ្ងៃ, មួយខួប៧ថ្ងៃ : មួយសត្តាហៈ; សប្ដាហៈទី១។ សត្តាហកាលិក ភេសជ្ជៈដែលភិក្ខុទទួលប្រគេនហើយត្រូវទុកខ្លួនឯង ឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ (ព.វិ.ពុ.)។ សត្តាហកិច្ច, សប្ដាហក្រឹត្យ ឬ សត្តាហករណីយកិច្ច កិច្ចធុរៈដែលភិក្ខុ-សាមណេរ អ្នកកំពុងនៅចាំវស្សា ត្រូវអធិដ្ឋានចិត្តកំណត់ថ្ងៃហើយចេញទៅនៅក្រៅអាវាសបានយ៉ាងយូរត្រឹម៦យប់(ព.វិ.ពុ.)។ល។ (ទំ.១២៥៤)

៤៧) សប្ដ ឬ ស័ប្ដ (ស័ប-ប្ដៈ ឬ ស័ប) ប.សំ. (សំ. សប្ដ, សប្ដន៑; បា. សត្ត) ប្រាំពីរ(៧)។ សប្ដស័ក (សំ. សប្ដក + ឝក) ស័កទី៧(នៃឆ្នាំ) : ឆ្នាំមមែសប្ដស័ក, ឆ្នាំវកអដ្ឋស័ក។ សប្ដាហៈ, សប្ដាហ័ន, សប្ដាហ៍(ម.ព. សត្ត ប.ស.)។ល។ (ទំ.១២៦៧)

៤៨) សម័យ (សៈម៉ៃ) ន. (សំ. បា. សមយ) កាល, ពេលឬវេលា, គ្រា; រដូវ; វេលាដែលស្រួល, ដែលត្រូវទំនង; ឱកាស; លទ្ធិ; គតិ; ទំនៀម, ទម្លាប់; វិធី, បែប, បែបប្រើ; គ្រឿងសង្កេត; សញ្ញា; ពាក្យប្រៀនប្រដៅ; មុខការ; ហេតុ, ការណ៍, គោលចរឹក : សម័យមួយ គ្រាមួយ; សម័យនេះ ពេលនេះ, គ្រានេះ; តាមសម័យ តាមកាល; ទាន់សម័យ ទាន់កាល, ទាន់វេលា។ល។ សម័យនិយម ឬ --និយាម ប្រើរបស់តាមកាលដែលមហាជនរាប់អាន។ គិលានសម័យ (--នៈ--) វេលាមានជំងឺ។ ទុព្ភិក្ខសម័យ (ទុប-ភិក-ខៈ--) គ្រាអត់បាយ, គ្រាអំណត់។ បុព្វណ្ហសម័យ (បុប-ព័ន-ហៈ--) ពេលព្រឹកព្រាង។ សាយណ្ហសម័យ (សាយ៉័ន-ហៈ--) វេលាល្ងាច។ អក្ខរសម័យ វិធីប្រើអក្សរ គឺការសរសេរឬអានអក្សរ : ស្ទាត់ក្នុងអក្ខរៈសម័យ។ អទ្ធានគមនសម័យ (អ័ត-ធានៈគៈមៈនៈ--) វេលាដើរផ្លូវឆ្ងាយ។ល។ (ទំ.១២៧៩)

៤៩) សាយណ្ហៈ ឬ សាយ័ណ្ហ (--យ៉ុន-ហៈ ឬ --យ៉ុន) ន. (បា. សាយណ្ហហៈ; សំ. សាយាហ្ន) វេលារសៀល, ពេលល្ងាច : វេលាសាយ័ណ្ហ ; ហៅ សាយណ្ហកាល ឬ --សម័យ ក៏បាន (ព.ផ្ទ. បុព្វណ្ហៈ, បុព្វ័ណ្ហ ឬ បុព្វណ្ហកាល, --សម័យ)។ សាយណ្ហៈ សុវត្ថិ! ឬ សាយណ្ហៈ សួស្ដី! (សាយ៉ុន-ហៈសុវ៉ាត់ ឬ --សួស-ស្ដី) "សួស្ដីក្នុងវេលារសៀលឬក្នុងវេលាល្ងាច"; ពាក្យសម្រាប់ឱ្យពរគ្នាឬគំនាប់គ្នាក្នុងវេលាតាំងអំពីថ្ងៃជ្រេទីត្រង់រហូតដល់ថ្ងៃអស្ដង្គត (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឱ្យមានសួស្ដីក្នុងវេលារសៀល ឬ ក្នុងវេលាល្ងាច! ; សរសេរជា សាយ័ណ្ហ សុវត្ថិ! ឬ សាយ័ណ្ហ សួស្ដី! ក៏បាន (ព.ផ្ទ. អរុណ សុវត្ថិ! ឬ --សួស្ដី! ; រាត្រី សុវត្ថិ! ឬ --សួស្ដី!)។ សាយណ្ហាភិវាទ (បា. សាយណ្ហ + អភិវាទ) ការពោលពាក្យគំនាប់គ្នាក្នុងវេលាសាយ័ណ្ហថា : សាយ័ណ្ហា សុវត្ថិ! ឬ សាយ័ណ្ហ សួស្ដី! (ព.ផ្ទ. វាសរង្គាភិវាទ)។ល។ (ទំ. ១៣៣៦)

៥០) សុក្រ (សុក) ន. (សំ. ឝុក្រ; បា. ក៏ប្រើសុក្រដែរ) ឈ្មោះផ្កាយទី៦ គឺផ្កាយប្រចាំទ្វីប ឬផ្កាយព្រឹក : ផ្កាយសុក្រ។ ឈ្មោះថ្ងៃទី៦ : ថ្ងៃសុក្រ។ (ទំ. ១៣៦៥)

៥១) សៅរ៍ (សៅ) ន. (សំ. សៅរ ឬ សៅរិ; បា. សោរ ឬ សោរិ) ឈ្មោះផ្កាយនព្វគ្រោះទី៧ : ផ្កាយសៅរ៍។ ឈ្មោះថ្ងៃទី៧នៃសប្ដាហ៍ : ថ្ងៃសៅរ៍។ សៅរពារ (--រ៉ៈពា) ថ្ងៃសៅរ៍ (ព.កា. ឬ ព.ហ.)។ (ទំ. ១៤១៤)

៥២) ស្អែក និ. ថ្ងៃមួយតបន្ទាប់ពីថ្ងៃនេះទៅ : ស្អែកខ្ញុំនឹងទៅ។ ស្អែកជាស្អែក ស្អែកច្រើនដង : ស្អែកជាស្អែក ពុំដឹងថ្ងៃណានឹងបានទេ!។ ព.ទំ.បុ. ចំណីល្អ កុំទុកស្អែក ការអ្វីដែលគួរធ្វើត្រូវធ្វើភ្លាមៗទៅ (ដូចជាចំណីល្អ កុំទុកស្អែក ត្រូវតែបរិភោគឱ្យហើយទៅ ក្រែងលោខានមិនបានបរិភោគ)។ ព.សុ. អ្នកណានឹងដឹងថាស្លាប់ក្នុងថ្ងៃស្អែក? សេចក្ដីស្លាប់រាល់រូបឥតអ្នកណាកំណត់បានថាអង្កាល់ឡើយ(ព.ពុ.) (ទំ. ១៥០៣)

៥៣) ស្របក់ ន. ខណៈ, វេលាតូច, រំពេច : ចាំមួយស្របក់, ឈប់មួយស្របក់។ (ទំ.១៤៦៨)

៥៤) អធ្រាត្រ (អ័ត-ធ្រាត) ន. ពាក្យប្រើក្លាយមកពី សំ. អធ៌រាត្រិ ឬ --រាត្រ "ពាក់កណ្ដាលយប់"; អឌ្ឍរត្ត ឬអឌ្ឍរត្តិ : ធ្វើការយប់តាំងពីព្រលប់ដល់អធ្រាត្រ។ អធ្រាត្រដាស់ទំ អធ្រាត្រស្ងាត់។ (ព.កា.) : លង់លុះអធ្រាត្រ ហៅឆន្ទអមាត្រ មកគិតនៃបាន ប្រះស្ដែងយកសេះ កម្លាំងហៅហាន ចងគ្រឿងនូវអាន នាំមកថ្វាយថ្វាត់។ កាព្យបទផ្ចាញ់មារបុរាណ។ (ទំ. ១៦០៩)

៥៥) អង្គារ ២ ន. (សំ.បា.) ឈ្មោះផ្កាយព្រះគ្រោះទី៣ : ផ្កាយអង្គារ។ ឈ្មោះថ្ងៃទី៣ នៃសប្ដាហ៍ : ថ្ងៃអង្ការ។ ឈ្មោះយាមទី៣ នៃត្រៃយាម : ព្រះសក្យមុនីទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារយាមអង្គារក្នុងបច្ចូសសម័យ ថ្ងៃពេញបូណ៌មីខែពិសាខឆ្នាំម្សាញ់...។ អង្គារទិន, --ពារ ឬ --វារៈ (អង់-គារៈ--) ថ្ងៃអង្គារ (ព.ហ.)។ (ទំ. ១៥៧៥)

៥៦) អរុណ (អៈរុន) ន. (សំ. បា.) ព្រះអាទិត្យដែលទើបភ្លឺច្រាលពីទិសបូព៌, ពេលក្រហមឯកើត, ពេលព្រឹកព្រាង :  អរុណរះ, អរុណស, អរុណក្រហម។ កន្លងអរុណឬដាច់អរុណកន្លងរាត្រី។ យកអរុណក្នុងវត្តឱ្យអរុណរះក្នុងវត្ត(ព.វិ.ពុ.)។ ភិក្ខុដែលចេញទៅដោយសត្តាហករណីយ ឬ សត្តាហកិច្ច ត្រូវត្រឡប់មកកាន់អាវាសបាន៦យប់ (ព.វិ.ពុ.)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថា. អៈរុណៈ, ដូចជា អរុណកមល(--កៈម៉ល់) ឈូកក្រហម។ អរុណករ ឬ --សរថិ ព្រះអាទិត្យ។ អរុណប្បភា, --ប្រភា ឬ អរុណាភា ពន្លឺអរុណ។ អរុណព័ណ៌ ឬ --វណ្ណ ព័ណ៌អរុណ, ព័ណ៌លឿងទុំ, ព័ណ៌មាស។ អរុណរង្សី ឬ --រស្មី រស្មីព័ណ៌មាស។ អរុណ សុវត្ថិ! ឬ --សួស្ដី! (អៈរុន--) "សួស្ដីក្នុងវេលាព្រឹក"; ពាក្យសម្រាប់ឱ្យពរគ្នាឬគំនាប់គ្នា ក្នុងវេលាតាំងពីព្រហាមរហូតដល់ថ្ងៃត្រង់ (ប្រើតាមសម័យនិយម), បានសេចក្ដីថាសូមឱ្យមានសួស្ដីក្នុងវេលាព្រឹក! (ព.ផ្ទ. សាយណ្ហ សុវត្ថិ! ឬ សាយណ្ហ សួស្ដី!; រាត្រី សុវត្ថិ! ឬ រាត្រី សួស្ដី!)។ អរុណោទ័យ (សំ. បា. អរុណ + ឧទយ "ការរះឡើង") ការរះឡើងនៃអរុណ, ពេលអរុណរះ, វេលាថ្ងៃរះ។ អរុណោភាស (បា. < អរុណ + ឱភាស "ពន្លឺ") ពន្លឺអរុណ (វេរ. អរុណាភា, អរុណប្រភា)។ល។ (ទំ. ១៦៨០-៨១)

៥៧) អាទិត្យ (--ទិត) ន. (សំ. បា. អាទិច្ច) ពន្លឺដ៏ក្រៃលែង គឺដួងពន្លឺដែលបំភ្លឺលោកក្នុងវេលាថ្ងៃ : ព្រះអាទិត្យរះ (ថ្ងៃរះ) ; ព្រះអាទិត្យអស្ដង្គត (ថ្ងៃលិច)។ តាមលទ្ធិបុរាណឬលទ្ធិព្រាហ្មណ៍, អាទិត្យ ឬ អាទិច្ច ជា "បុត្រនៃនាងអទិតិ" ជានាមនៃទេវតាពួកមួយ ជាបុត្រនាងអទិតិ, បណ្ដាបុត្រទាំងនោះ មានបុត្រមួយឈ្មោះ អាទិត្យ ឬ សូរ្យាទិត្យ ជាទេវបុត្រអ្នកបំភ្លឺលោក ហៅ ព្រះអាទិត្យ (គម្ពីរពុទ្ធសាសនាក៏ប្រើពាក្យនេះអនុលោមតាមលទ្ធិបុរាណនោះដែរ)។ ឈ្មោះនក្សត្រនព្វគ្រោះទី១ ក្នុងពួកផ្កាយនព្វគ្រោះ៩ : ផ្កាយអាទិត្យ។ ឈ្មោះថ្ងៃទី១នៃសត្តាហៈ ហៅថា ថ្ងៃអាទិត្យ(អាទិត្យពារ ឬ អាទិច្ចវារៈ)។ ខ្មែរប្រើឈ្មោះនៃសប្ដាហៈ គឺកាលមួយជុំឬមួយខួបនៃថ្ងៃទាំង៧ : មួយអាទិត្យ, ពីរអាទិត្យ (គួរហៅ សត្តាហៈ ឬ សប្ដាហៈ ឬក៏ សប្ដាហ៍ ដូច្នេះវិញ (មួយសត្តាហៈ; ចាំដល់សប្ដាហ៍ក្រោយសឹមទៅ!) ព្រោះខ្មែររាប់ថ្ងៃអាទិត្យជាថ្ងៃទី១ទៅគ្រប់៧ថ្ងៃត្រឹមថ្ងៃសៅរ; ខ្មែរសម័យបុរាណហៅ មួយព្រះចន្ទ្រ ព្រោះរាប់ថ្ងៃចន្ទ្រជាថ្ងៃទី១, លុះចំណេរកាលតៗមក មួយចន្ទ្រ ប្រើជាសព្ទអារក្សទៅវិញ)។ ពាក្យ អាទិត្យ នេះ, តាមវិធីវេយ្យាករណ៍សំស្ក្រឹត, បើរៀងភ្ជាប់ពីខាងដើមឬពីខាងចុងសព្ទដទៃបានតាមការគួរដល់ការប្រកប, ដូចជា អាទិត្យពន្ធុ, អាទិត្យមាលា, អរុណាទិត្យ, សូរ្យាទិត្យ, ឥន្ទ្រាទិត្យ ជាដើម(មើលក្នុងពាក្យ សុរិយ, សូរ្យ, អាទិច្ច ផង)។ (ទំ.១៧៣០-៣១)

ញ៉.ផ.សុផេន
១៣ កក្កដា ២០២៤

Comments