គុណនាម(ថ្នាក់ពាក្យ-មុខងារ)

ថ្នាក់ពាក្យ-មុខងារ 

(គុណនាម)

ថ្នាក់ពាក្យ-មុខងារក្នុងប្រយោគ, គុណនាមខ្មែរ
សម្ព័ន្ធវិទ្យា : ថ្នាក់ពាក្យ-មុខងារ

នៅក្នុងអត្ថបទនេះ យើងនឹងផ្ដោតសំខាន់លើថ្នាក់ពាក្យនិងមុខងារ របស់គុណនាម។ 

យើងនឹងយកទម្រង់សម្ព័ន្ធពីរបែបជាមូលដ្ឋានដើម្បីវិភាគ។

១) តុស្អាត

២) ខ្ញុំទិញបានតុស្អាត។

៣) ស្រីស្អាតម្នាក់នេះរស់នៅខេត្តជាមួយខ្ញុំ។

៤) គាត់ស្អាត។

៥) គាត់ស្អាតណាស់។

វិភាគ៖

១) តុស្អាត : ក្នុងឧទាហរណ៍នេះ យើងអាចដឹងជាដំបូង គឺកន្សោមនាម ដែលមាននាម(តុ) និងគុណនាម(ស្អាត)បញ្ជាក់ឱ្យនាមខាងដើម(តុ) បង្កើតបានជាកន្សោមនាមមួយ គឺតុស្អាត។ ចំពោះមុខងារ យើងមិនអាចកំណត់បានទេ លុះត្រាណាតែវាស្ថិតនៅក្នុងប្រយោគសិន។ នៅត្រង់ ២) គាត់ទិញបានតុស្អាត។ យើងអាចដឹងថ្នាក់ពាក្យ(តុស្អាត)ជាកន្សោមនាម មានមុខងារជា កម្មបទ។ ហើយគុណនាម(ស្អាត)បញ្ជាក់ឱ្យនាម(តុ)នៅខាងមុខ។ នៅត្រង់ចំណុច៣) ស្រីស្អាតម្នាក់នេះរស់នៅខេត្តជាមួយខ្ញុំ។ កន្សោមនាម "ស្រីស្អាតម្នាក់នេះ" មានមុខងារជាប្រធានក្នុងប្រយោគ។ ហើយ ស្អាត ជាគុណនាមបញ្ជាក់ឱ្យនាម ស្រី។ 

ដូច្នេះ ១) ២) ៣) មានទម្រង់សម្ព័ន្ធដូចគ្នា។ 

បើយោងទៅលើសេចក្ដីខាងលើ ស្អាត មានថ្នាក់ពាក្យជា គុណនាម និងមានមុខងារជាគុណបទបញ្ជាក់លក្ខណៈឱ្យនាមដែលនៅខាងមុខវា។ ហើយបើយោងលើវិធីធ្វើតេស្តរកគុណនាម ដោយប្រើពាក្យ "ដ៏" ដ៏ស្អាត ដ៏ល្អ ដ៏ខ្ពស់ យើងឃើញថាបាន ប៉ុន្តែបើសិនណាជាយើងដាក់ ដ៏ទៅ ដ៏ញ៉ាំ ដ៏មនុស្ស ដ៏តម្លៃ យើងឃើញថាមិនបានទៅវិញ។ ដូច្នេះ ពាក្យ "ស្អាត" មានថ្នាក់ពាក្យស្នូលជា គុណនាម។

ចំពោះចំណុច ៤) គាត់ស្អាត។ ជាប្រយោគមួយដែលមាន ប្រធាន(គាត់) និងបំរាប់ប្រធាន/កិរិយា(ស្អាត)។ យើងឃើញកាន់តែច្បាស់នៅចំណុច ៥) គាត់ស្អាតណាស់។ ដែលមាន គាត់ ជាប្រធាន, ស្អាត ជាកិរិយា, ណាស់ ជាគុណកិរិយាបញ្ជាក់ឱ្យកិរិយា(ស្អាត)។ 

ដូច្នេះ ស្អាត មានថ្នាក់ពាក្យជា គុណនាម ហើយមានមុខងារជា កិរិយា/បំរាប់ប្រធាន។

សន្និដ្ឋានរួម៖

 ពាក្យ

ថ្នាក់ពាក្យ

មុខងារ

រាល់ពាក្យដែលអាចដាក់ ដ៏ នៅខាងមុខបាន
ធាតុស្នូលរបស់វា គឺ

កម្រិតនៃការប្រើប្រាស់ក្នុងមុខងារតួនាទី គឺ

 ស្អាត ល្អ ធំ ខ្ពស់ តូច មានតម្លៃ ...

 គុណនាម

១.គុណបទ

២.កិរិយា


ឯកសារពាក់ព័ន្ធ៖ សម្ព័ន្ធវិទ្យាខ្មែរ, អំពីគុណនាមខ្មែរ, កិរិយា(ថ្នាក់ពាក្យ-មុខងារ)

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ