សម្រង់ពាក្យទាក់ទងនឹងទីកន្លែង

សម្រង់ពាក្យទាក់ទងនឹងទីកន្លែង
ទីកន្លែង
ទីកន្លែង

វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ; 
ទីកន្លែង

១) កន្លែង ន. ស្ថាន, ទី, តំបន់ : កន្លែងធ្វើការ, កន្លែងផ្ទះ, កន្លែងដេក។ (ទំ. ២១)

២) កំលុង(កំ-ល៉ុង) ន. ទី, ពួក, ក្រុម, ក្រវល់ : នៅក្នុងកំលុងជាមួយគ្នា។ (ទំ. ៦២)

៣) ខណ្ឌ ១ (ខ័ន) ន. (សំ.បា.) សង្កាត់, ប៉ែក, កំណត់, ប៉ែកអាណាខែត្រ។ នាទីដែលមានឃុំច្រើនឡើង ហើយដែលមានចៅហ្វាយខណ្ឌមួយកាន់កាប់រាជការ; ខណ្ឌត្រូវឡើងស្រុក ហើយស្រុកត្រូវឡើងខែត្រ, ជួនកាលខណ្ឌឡើងផ្ទាល់ទៅខែត្រក៏មាន: ខណ្ឌភ្នំពេញ។ ពាក្យខាងលើនេះ ប្រើតែក្នុងសម័យជាន់ដើម, សព្វថ្ងៃគេប្រើពាក្យ ស្រុក ជំនួស ខណ្ឌ វិញ។ (ទំ. ៩៥)

៤) ខេត្ត (ខែត) ន. (បា.; សំ ក្សេត្រ) ស្រែ; ចំការ; តំបន់, នាទី។ ភាគផែនដីដែលបែងជាអន្លើៗ មានប្រជុំស្រុកច្រើនដោយរដ្ឋបាលបញ្ញត្ត : ខេត្តកណ្ដាល, ខេត្តកំពង់ចាម។ល។ ប្រើតាមទម្លាប់ជាប់មកជាយូរហើយ សរសេរជា ខែត្រ។ (ទំ. ១០១)

៥) ឃុំ ២ ន. នាទីក្នុងអំណាចមេឃុំមួយ គឺប្រជុំភូមិច្រើន ឬ តិចតាមបញ្ញត្តិរាជការរដ្ឋបាល : មន្ត្រីឃុំ, មេឃុំ, ប្រាក់សម្រាប់ឃុំ។ ឥឡូវនេះប្រើជា សង្កាត់; មេឃុំហៅថាចៅសង្កាត់។ (ទំ. ១៦២)

៦) ចក្រវាល ឬ ចក្កវាឡ (ច័ក-ក្រៈ វ៉ាល, ច័ក-កៈ វ៉ាល) ន. (សំ. ឬ បា.) លោកធាតុ គឺភ្នំជាកំពែងព័ទ្ធជុំវិញនៃពិភពលោកទាំងមូល (ម.ព. លោកធាតុ ផង)។ (ទំ. ១៧៥)

៧?) ដី (មិនឃើញមេពាក្យ)

៨) ឋាន ន. (បា. ; សំ. ស្ថាន) ទី, កន្លែង, តំបន់, ប្រទេស, ទីតាំង, ទីតម្កល់។ល។ : ឋានមនុស្ស, ឋានសួគ៌, ឋានព្រហ្ម; នៅឋានណា? មកពីឋានណា?។ តួផ្ទៃរាបដែលលាបថ្នាំឆ្លាស់ព័ណ៌ : ឋានស, ឋានលឿង ...។ តួផ្ទៃគ្រឿងរចនា ត្រង់ដែលរាប ដែលរលីង : ក្រោមក្បាច់ត្របកឈូក ត្រូវទុកឱ្យមានឋានទំហំ៤ធ្នាប់។ (ទំ. ៣២៣)

៩) តំបន់ ន. ទី; ប៉ែកដី; ប៉ែកព្រៃ ជាដើម : ក្នុងតំបន់មួយ ; ដីមួយតំបន់ ; ព្រៃមួយតំបន់។ ទីស្ដីការរាជការ មួយផ្នែកតូច មានសង្កាត់ប៉ុណ្ណោះៗ មានអ្នករាជការថ្នាក់លេខាធិការស្រុកម្នាក់ ឬនាយរាជតម្រួតម្នាក់ជាមេគ្រប់គ្រង ជាតំណាងអភិបាលស្រុក ក៏ហៅ តំបន់ ដែរ : តំបន់អូរាំងឪ(ក្នុងស្រុកកោះសូទិន ខែត្រកំពង់ចាម), តំបន់ត្រាំខ្នារ(ក្នុងស្រុកបាទី ខេត្តតាកែវ)។ល។ មេតំបន់នីមួយៗ ហៅថា ចៅតំបន់ (កាលពីដើម តំបន់ នេះអាចឱ្យសរសេរជា ដំបន់ ក៏បាន ប៉ុន្តែឥឡូវនេះត្រូវលែងប្រើ, ត្រូវសរសេរ ដំបន់ ចំពោះតែវាយមួយដំបងត្រូវដំបន់យ៉ាងធ្ងន់ ឯណោះដោយឡែកទៅវិញ)។ (ទំ. ៣៥៧-៨)

១០) ទី ន. កន្លែង, តំបន់ : ទីណា?, ទីនេះ, ទីនុ៎ះ, ទីនោះ, ទីឯណោះ។ ក្រសួង, មុខងារ : ទីសេនាបតី, ស្ដីទីចាងហ្វាង។ ទីពឹង អ្នកពំនឹង, អ្នកជួយទំនុកបំរុង។ ទីពំនាក់ អ្នកឱ្យពឹងពាក់។ ទីស្រឡាញ់ គ្រឿងដែលនាំឱ្យស្រឡាញ់, អ្នកដែលខ្លួនស្រឡាញ់, អ្វីៗដែលខ្លួនស្រឡាញ់ : មនុស្សជាទីស្រឡាញ់, ទ្រព្យជាទីស្រឡាញ់។ ទីរឭក ឬ --រលឹក គ្រឿងរលឭក, មនុស្សឬគុណជាតិអ្វីមួយ ឬវត្ថុអ្វីដែលគួរនឹកគួររឭកដល់ : យកព្រះរត្នត្រ័យជាទីរឭក; គុណមាតាបិតាជាទីរឭករបស់កូន; របស់នេះខ្ញុំជូនអ្នកគ្រាន់ទុកជាទីរឭក។ល។ (ទំ. ៤២៩)

១១) ទឹកដី (មិនឃើញមេពាក្យ)

១២) ទេស ១ ន. (បា.) ប្រទេស; ភូមិ (ទោះមានមនុស្សនៅក្ដី ឥតមានមនុស្សនៅក្ដៅ): ស្រុកទេស។ (ទំ. ៤៥២)

១៣) បរទេស (បរ៉ៈទេស ឬ ប៉ៈរ៉ៈទេស) ន. (បា.) ប្រទេសដទៃឬអ្នកប្រទេសដទៃ : ជនបរទេស, គេទើបនឹងមកពីបរទេស។ (ទំ. ៥៥៦)

១៤) ប្រទេស (ម.ព. បរទេស)។ (ទំ. ៦៥៣)

១៥) ផែន ១ ន. បន្ទះ, ផ្ទាំង : ផែនស្ករ, ស្ករត្នោត១ផែន, ផែនស្វាយ។ ផែនក្ដារ បន្ទះក្ដារ។ ផែនដី ផ្ទៃដី, ផ្ទៃដីទាំងមូល (ម.ព. ពសុធា ផង) ផែនពិភព ឬ ភពផែន ពិភពលោកទាំងមូល។ (ទំ. ៧០០)

១៦) ពសុធា (ពៈ--) ន. (សំ. បា. វសុធា, វ > ព ជា ពសុធា ក៏មានខ្លះ) ផែនដី; ពិភពលោក។ ទាំងផែនពសុធា គឺទាំងផែនពិភពលោក។ (ទំ. ៧៤០)

១៧) ពិភព (ពិភប់) ន. (សំ. បា. វិភវ "សេចក្ដីចម្រើន; ទីកើតផ្សេងៗ; ទ្រព្យ, សម្បត្តិ; សេចក្ដីវិនាស, ...") ខ្មែរច្រើនប្រើសំដៅសេចក្ដីថា "មនុស្សលោកទាំងមូល" : ទាំងពិភព, ពិភពលោក, ផែនពិភព។ ពិភពនាគ ឬ នាគពិភព ឋានលំនៅនៃពួកនាគ។ (ទំ. ៧៥៦) 

១៨) ភព (ភប់) ន. (សំ. បា. ភវ, វ > ព) សេចក្ដីចម្រើន; ដំណើរកើត; ប្រទេសឬទីសម្រាប់សព្វសត្វកើតស្លាប់, លោក : សត្វទាំងឡាយតែងអន្ទោលកើតស្លាប់ក្នុងភពតូចភពធំ។ ទាំងផែនភព ឬ ទាំងភពផែន ទាំងពិភពលោក។ នៅក្នុងភព នៅក្នុងលោក។ (ទំ. ៨១៤)

១៩) ភូមិ ឬ ភូមិ៍ (ភូម) ន. (សំ. បា. ភូមិ) ផែនដី, ទីដី; តំបន់; ផ្ទៃ; ទី; ជាន់; ថ្នាក់។ ខ្មែរច្រើនប្រើសំដៅទីដែលមានប្រជុំផ្ទះលំនៅក្នុងតំបន់នីមួយៗ : ភូមិតូច, ភូមិធំ។ ភូមិឋាន ទីភូមិ។ ភូមិលំនៅ ផ្ទះលំនៅក្នុងភូមិ។ ភូមិភាគ (ភូ-មិភាក) ប៉ែកផែនដី, ប៉ែកទីតំបន់។ ភូមិប្រទេស (ភូមិ--) ប្រទេសផែនដីនីមួយៗ។ល។ ប្រើជាបទសមាសរៀងពីខាងចុងនាមសព្ទឯទៀតក៏មាន, ដូចជា : គេហភូមិ(គេហៈភូម) ថ្នាក់ផ្ទះ។ ឋានន្តរភូមិ (ឋាន៉ន់-តៈរ៉ៈភូម) ថ្នាក់ងារការ, ថ្នាក់យសស័ក្តិ។ បច្ចេកភូមិ (ប័ច-ចេកៈភូម) ទីជាព្រះបច្ចេកពុទ្ធ។ ពុទ្ធភូមិ (ពុត-ធៈភូម) ទីជាព្រះពុទ្ធ។ អរិយភូមិ (អៈរ៉ិ-យៈភូម) ថ្នាក់របស់អរិយបុគ្គល, ថ្នាក់អរិយធម៌។ល។ (ទំ. ៨២៤-៥)

២០) ម្ដុំ (ជើង ដ) និ. មួយដុំ : អ្នកនៅម្ដុំណា? នៅម្ដុំទួលទំពូង, នៅម្ដុំទួលគោក, នៅម្ដុំភូមិខ្ញុំគ្មានមនុស្សខិលខូចទេ។ (ទំ. ៩២០)

២១) លោក ១. ន. (សំ. បា.) សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗឬដែលបាត់ៗ ឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទូទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត។ល។ ប្រើភ្ជាប់ជាមួយនឹងសព្ទដទៃបានតាមការគួរដល់ការប្រកប; បើរៀងខាងដើម អ.ថ. លោកៈ, ដូចជា : លោកធម៌, លោកបាល, លោកសន្និវាស ជាដើម; បើរៀងខាងចុង អ.ថ. លោក, ដូចជា : ទេវលោក, ព្រហ្មលោក, មនុស្សលោក ជាដើម។ លោកកថា រឿងរ៉ាវសម្រាប់លោក, រឿងព្រេង។ លោកកោលាហល(--កោល៉ាហល់) ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក។ លោកខាណុ ឬ --ស្ថាណុ(ព.ប្រ.) មនុស្សដែលប្រព្រឹត្តិអំពើអាក្រក់ក្រៃពេក ទុកដូចជាដង្គត់ឬដូចជាចម្រូងក្នុងលោក។ លោកគតិ ដំណើររបស់លោក គឺអំពើឬកិច្ចការរបស់មនុស្សឬសត្វ។ លោកគរុឬ--គុរុ អ្នកធ្ងន់ក្នុងលោកឬដែលជាគ្រូរបស់សត្វលោក គឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម។ លោកចក្ខុ ឬ --ចក្សុ ភ្នែករបស់លោក គឺព្រះអាទិត្យ។ លោកចលាចល (--ចៈល៉ាចល់) ការកម្រើករំពើកក្នុងលោក។ លោកចិន្តា (--ចិន-ដា) សេចក្ដីរិះគិតអំពីលោក គឺការរិះគិតរកហេតុរកដំណើរក្នុងលោក។ លោកជនក (--ជៈនក់) ឬ លោកបិតា បិតារបស់លោក គឺព្រះសិវៈ ឬ វិស្ណុ (តាមលទ្ធិព្រាហ្មណ៍)។ លោកជននី (--ជៈនៈ--) ឬ លោកមាតា មាតារបស់លោក គឺនាងឧមាឬលក្ស្មី (តាមលទ្ធិព្រាហ្មណ៍)។ លោកជេដ្ឋ, --ជេស្ឋ ឬ --សេដ្ឋ អ្នកប្រសើរឬចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម។ លោកត្ថចរិយា (លោក័ត-ថៈចៈរ៉ិយ៉ា) ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក (ចរិយារបស់ពុទ្ធាទិបណ្ឌិត)។ លោកត្រ័យ លោកបី គឺមនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងទៀតថា មេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល (ចន្លោះមេឃនិងដី) ឬ បាតាល។ លោកធម្មតា (--ធ័ម-មៈដា) ធម្មតារបស់លោក គឺការមិនទៀងរបស់លោក។ លោកធម៌ ធម៌សម្រាប់លោក គឺអាការ, សណ្ដាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨យ៉ាងគឺ ១-លាភៈ ការបាន; ២-អលាភៈ ការខានបាន ឬខាតបង់; ៣-យសៈ ការមានយសស័ក្តិ; ៤-អយសៈ ការមិនមានយសស័ក្តិ ឬការថ្លោះធ្លាក់យសស័ក្តិ; ៥-និន្ទា ការតិះតៀល; ៦-បសំសា ការសរសើរ; ៧-សុខៈ ការបានសុខ; ៨-ទុក្ខៈ ការបានទុក។ លោកធាតា ឬ --ធាត្ឫ អ្នកបង្កើតលោក គឺព្រះព្រហ្ម ឬព្រះសិវៈ (តាមលទ្ធិព្រាហ្មណ៍)។ លោកធាតុ(--ធាត) ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ។ លោកនាថ អ្នកដែលជាពំនាក់របស់សត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម, ព្រះសិវៈ, ព្រះនារាយណ៍។ លោកនាយក (--យក់) អ្នកដឹកនាំសត្វលោក(ព្រះសព្វញ្ញុពុទ្ធ)។ លោកនិន្នាទ(--និន-នាត) សូរសព្ទគឹកគងក្នុងលោក; ដំណើរលេចឮសាយសុសក្នុងលោក។ លោកនិយម(--យំ) ធម្មតារបស់លោក។ លោកនិស្សរណធម៌(--និស-សៈរ៉ៈណៈធ័រ) ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក (លោកុត្តរធម៌)។ លោកនិស្សិតដែលអាស្រ័យនៅក្នុងលោក, មនុស្សឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក។ លោកន្តគូ (លោក័ន-តៈគូ; បា. < លោក + អន្ត "ទីបំផុត" + គូ "អ្នកដល់") អ្នកដល់នូវទីបំផុតលោក(ព្រះខីណាស្រព)។ លោកន្តទស្សី (លោក័ន-តៈទ័ស-សី; បា. < លោក + អន្ត"ទីបំផុត" + ទស្សី "អ្នកឃើញ") អ្នកឃើញទីបំផុតលោក គឺអ្នកឃើញព្រះនិព្វាន(ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត)។ លោកន្ដរ ( លោក័ន-តៈរ៉ៈ ឬ លោកន់-ដ; បា. លោក + អន្តរ "ចន្លោះ") ទីឬប្រទេសជាចន្លោះលោក; ឈ្មោះនរកនៅត្រង់ចន្លោះលោក (ហៅលោកន្តរនរក ក៏បាន)។ លោកន្តរិកសត្វ (លោក័ន-តៈរ៉ិកៈស័ត) សត្វដែលកើតក្នុងលោកន្តរនរក។ លោកបថ ឬ --បទ (--បត់) ផ្លូវលោក គឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស។ លោកបាល អ្នករក្សាលោក គឺមហារាជ ៤ អង្គជាអ្នកគ្រប់គ្រងរក្សាលោក (ម.ព. ចតុលោកបាល ផង)។ លោកបិតាមហា (ស. បា. --បិតាមហ) ជីតារបស់សត្វលោក គឺមហាព្រហ្ម (តាមលទ្ធិព្រាហ្មណ៍)។ លោកប្បវត្តិ ឬ --ប្រវត្តិ (--ប៉ៈវ័តឬ--ប្រវ័ត) ពង្សាវតារលោក។ លោកប្រទីប ប្រទីប(ពន្លឺ) របស់លោក(ព្រះសព្វញ្ញុពុទ្ធ)។ លោកប្រសិទ្ធ ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទូទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស។ លោកយាត្រា ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅរបស់សត្វលោក។ លោកវឌ្ឍនៈ ឬ--វុឌ្ឍិ សេចក្ដីចម្រើនរបស់លោក។ លោកវាទ ឬ --វោហារ សម្ដីឬវោហាររបស់លោក។ លោកវិជ្ជា ឬ --វិទ្យា វិជ្ជាសម្រាប់លោក(តាមសម័យនិយម)។ លោកវិទ អ្នកចេះវិជ្ជាសម្រាប់លោក។ លោកវិទូ អ្នកដឹងច្បាស់នូវលោក (ព្រះសម្មាសម្ពុទ្ធ)​។ លោកវិនាស សេចក្ដីវិនាសលោក, ការប្រល័យលោក។ លោកសក្ខី ឬ --សាក្សី (សំ. --សាក្សិន៑) បន្ទាល់របស់លោក គឺភ្លើង; ព្រះព្រហ្ម។ លោកសង្គ្រោះ (ស. --សំគ្រហ) ការសង្គ្រោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឱ្យបានសុខ, ឱ្យកើតសន្តិភាព។ លោកសណ្ឋាន ទ្រង់ទ្រាយ ឬបែបភាពពិភពលោក, ភូគោល។ លោកសន្តិភាព សេចក្ដីស្ងប់របស់លោក។ លោកសន្តិសុខ ដំណើរសុខសាន្តរបស់លោក។ លោកសន្និវាស ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់។ លោកសព្ទ(--ស័ប) សូរសព្ទរបស់លោក; ភាសាសម្ដីរបសសត្វលោក។ លោកស្ថិត្តិ ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី។ លោកហាស ឬ--ហាសៈ សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស។ល។ លោកាធិបតី (--ធិប៉ៈដី; សំ បា.--តិ < លោក + អធិបតិ) អធិបតីរបស់លោក (មហាព្រហ្ម); ម្ចាស់របស់លោក, ម្ចាស់ទ្វីប (ស្ដេចចក្រពត្តិ)។ លោកាធិបតេយ្យ (--ធិប៉ៈតៃ) ការប្រកាន់យកលោកជាធំ គឺការខ្លាចចិត្តមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ ព្រោះខ្លាចគេដឹង នឹកខ្មាសគេទុកជាមុន។ លោកាធិប្បាយ ឬ លោកាភិប្រាយ (បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ) សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន។ លោកានុវត្តន៍ ឬ លោកានុវត្តិ (--វ័ត; បា. < លោក + អនុវត្តន ឬ អនុវត្តិ) ការប្រព្រឹត្តតាមលោក គឺការអនុលោមតាមបែបបទរបស់មនុស្សផងគ្នា, ការយកតម្រាប់គ្នា។ លោកាមិស ឬ --សៈ (បា. --ស; សំ. --ឞ, < លោក + អាមិស ឬ --ឞ) នុយរបស់សត្វលោក គឺបញ្ចកាមគុណ (រូប, សំឡេង, ក្លិន, រស, សម្ផស្ស)។ លោកាយតៈ ឬ លោកាយតសាស្ត្រ (--យ៉ៈតៈ ឬ --សាស) គម្ពីរសម្ដែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿ ឬ គម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន។ លោកាយតិកៈ (--យ៉ៈតិកៈ) អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្ត្រ; បើស្ត្រីជាលោកាយតិកា។ លោកុត្តរ (--កុត-តៈរ៉ៈ ឬ --កុត-ដ; បា. < លោក + ឧត្តរ "ឆ្លង; ប្រសើរ, ក្រៃលែង, លើសលែង") ឬ លោកុត្តរធម៌ ធម៌ចម្លងសត្វលោកឱ្យចេញផុតចាកលោក គឺ មគ្គ៤, ផល៤, និព្វាន១; ហៅថា នព្វលោកុត្តរធម៌ ក៏បាន (ព.ពុ.)។ លោកុត្តរចិត្ត (--កុត-តៈរ៉ៈចិត) ចិត្តដែលឆ្លងផុតចាកលោក គឺចិត្តរបស់អរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ(ព.ពុ.)។ លោកុត្តរសម្បត្តិ (--កុត-តៈរ៉ៈសំប័ត) មគ្គផលនិព្វាន (ព.ពុ.)។ លោកុត្តរាភិសម័យ (--កុត-តៈរ៉ៈភិសៈម៉ៃ; បា. < លោក + ឧត្តរ + អភិសមយ) ការបានសម្រេចមគ្គផល (ព.ពុ.)។ លោកុត្តរារិយមគ្គ (--កុត-តៈរ៉ារ៉ិយៈម័ក; បា. < លោក + ឧត្តរ + អរិយ + មគ្គ) ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក (ព.ពុ.)។ លោកេស (បា. < លោក + ឦស ឬ សំ. --ឦឝ "ដែលជាធំ") អ្នកដែលជាធំ ឬ ជាចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ (តាមលទ្ធិព្រាហ្មណ៍ថា មហាព្រហ្ម)។ លោកេស្វរៈ (--កេស-ស្វៈរ៉ៈ; សំ. < លោក + ឦឝ្វរ "ដែលជាធំ"; បា. លោកិស្សរ < លោក + ឥស្សរ) អ្នកដែលជាធំក្នុងលោកឬជាងសត្វលោក។ នាមរបស់ពោធិសត្វដែលពួកពុទ្ធសាសនិកខាងឧត្តរនិកាយឬមហាយានសន្មតដោយផ្សែផ្សំតាមមតិរបស់ខ្លួន, ប្រកាសជំនឿថាជាធំខាងការបីបាច់រក្សាសត្វលោក ក្នុងសាសនារបស់ព្រះសក្យមុនីគោតម, ផ្គូធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍ ( ហៅ អវលោកេស្វរៈ ក៏បាន)។ល។ ភាជនលោក (ភាជៈនៈលោក) ប្រទេសសម្រាប់សត្វលោកនៅអាស្រ័យ, កន្លែងកើតស្លាប់របស់ពួកសត្វ។ ទេវលោក ឋានសួគ៌។ បរលោក (ប៉ៈរ៉ៈ-- ឬ ប-ល៉ោ) លោកខាងមុខ។ បេតលោក ឬ ប្រេត-- (ប៉េតៈ-- ឬ ប្រេតៈ--) ឋានប្រេត, លំនៅរបស់ពួកប្រេត។ ព្រហ្មលោក ឋានព្រហ្ម។ មនុស្សលោក ឋានមនុស្ស; មនុស្សប្រុសស្រី។ យមលោក ឬ អបាយលោក អបាយភូមិ។ សត្តលោក ឬ សត្វ-- ពពួកសត្វ។ ឥធលោក (អិធៈ--) លោកនេះ, ជាតិនេះ។ ឱកាសលោក (ឱកាសៈ--) ភាគអាកាស។ល។ (ទំ. ១១២០-២៣)

២២) លំនៅ ន. ទីឬកន្លែងដែលនៅឬសម្រាប់នៅ : ផ្ទះជាលំនៅរបស់មនុស្ស, ព្រៃជាលំនៅរបស់សត្វ (គួរកុំប្រើថា ទីលំនៅ ព្រោះ លំនៅ ជានាមសព្ទប្រាប់សេចក្ដីថា ទី-សម្រាប់នៅ ស្រេចទៅហើយ បើថែមពាក្យ ទី ត្រូវថា ទីនៅ ឬ ទីជាលំនៅ ក៏គឺ លំនៅ ហ្នឹងឯង។ (ទំ. ១១៣០)

២៣) សង្កាត់ ន. ប៉ែក, ឡែក, ផ្នែក, ខណ្ឌ : សង្កាត់ពាក្យ, សង្កាត់សេចក្ដី; មានជួរមានសង្កាត់, ដាក់ដោយសង្កាត់, ឈរជាសង្កាត់ៗ; ចៅសង្កាត់។ (ទំ. ១២៣៤)

២៤) ស្ថាន ន. (សំ. ; បា. ឋាន) ឋាន។ ដោយស្ថាន ដោយកន្លែង, ដោយឡែក : រឿងនេះត្រូវលើកទុកដោយស្ថានសិន។ ស្ថានការណ៍ ស្ថានភាព; ទីតាំងនៅពិតប្រាកដ; អាកប្បកិរិយា, ហេតុភេទ, ដំណើរទំនង, បែបបទ, ជើងការ, ដំណើរការណ៍ដែលប្រព្រឹត្តទៅ; ជំហរ : ស្ថានការណ៍របស់ស្រុកទេស, ចាំមើលស្ថានការណ៍សកលលោក។ ស្ថានទោស ថ្នាក់ទោស, កម្រិតទោស។ ស្ថានបាល (--ន៉ៈ--) អ្នកចាំទី, ឆ្មាំទី; អ្នកចាំប៉ែក។ ស្ថានភាព (ម.ព. ស្ថានការណ៍)។ ស្ថានសួគ៌ ឋានសួគ៌។ល។ (ទំ. ១៤៤០-៤១)

២៥) ស្រុក ន. ភូមិលំនៅរបស់ពួកមនុស្ស; ទីប្រជុំកាន់ការរាជការរដ្ឋបាល ដេលនៅក្នុងអំណាចរាជការទីរួមខែត្រ។ ចៅហ្វាយស្រុក មន្ត្រីរដ្ឋាលជាចាងហ្វាងស្រុក (សព្វថ្ងៃប្រើជា អភិបាលស្រុក)។ (ទំ. ១៤៨២-៨៣)

២៦) អាល័យ (--ល៉ៃ) ន. (សំ. បា. អាល័យ) លំនៅ, ផ្ទះលំនៅ; សេចក្ដីជាប់ចិត្ត, ការកួចកាន់, ដំណើរនឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្ត; តណ្ហា។ ខ្មែរប្រើសំដៅតែត្រង់ "សេចក្ដីជាប់ចិត្ត, ដំណើរនឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្តស្រឡាញ់ឬដោយនឹកស្ដាយ" ជាដើម : ខ្ញុំខំទ្រាំនៅដោយសារមានអាល័យកូនទេ!។ ប្រើជា កិ. ក៏មាន "ជាប់ចិត្ត, នឹកឆ្ពោះទៅរកដោយសេចក្ដីជាប់ចិត្តស្រឡាញ់ឬដោយនឹកស្ដាយ" ជាដើម : អាល័យកូន, នឹកអាល័យទ្រព្យដែលវិនាសអស់។ អាឡោះអាល័យ (ម.ព. អាឡោះ)។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា អាលយ (អ.ថ. --ល៉ៈយ៉ៈ) ដូចជា អាលយប្បហាន (--ល៉ៈយ៉ាប់-ប៉ៈ--) ឬ --ប្រហាន ការលះអាល័យ។ អាលយភាព ភាវៈនៃអាល័យ។ អាលយសមុគ្ឃាត ការដកអាល័យចោល ឬ ការគាស់រំលើងអាល័យចោល; ការគាស់រំលើងឫសតណ្ហា។ អាល័យសមុច្ឆេទ (--សៈមុច-ឆែត) ការកាត់អាល័យដាច់ស្រឡះ, ការកាត់ផ្ដាច់តណ្ហា។ល។ (ទំ. ១៧៥២-៥៣)

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ