សិក្សាអំពី-នុង នុ៎ង នុះ នុ៎ះ នេះ នោះ ហ្នឹង
សិក្សាអំពី-នុង នុ៎ង នុះ នុ៎ះ នេះ នោះ ហ្នឹង
![]() |
| នុង នុ៎ង នុះ នុ៎ះ នេះ នោះ ហ្នឹង |
ដើម្បីឆ្លើយសំណួរខាងលើ យើងត្រូវដឹងអំពីអំណោយន័យចេញពីវចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ៖
- ដូច្នឹង (ដូច-ច្នឹង) ន. ដូចហ្នឹង, ដូចនេះ, ដូច្នេះ (ទោះបីសរសេរ ដូចហ្នឹង ក៏ត្រូវអានថា ដូច្នឹង ដែរ)។ (ទំ.៣០៩)
- ដូច្នេះ (ដូច-ច្នេះ) និ. ដូចនេះ, យ៉ាងនេះ (ទោះបីសរសេរ ដូចនេះ ក៏ត្រូវអានថា ដូច-ច្នេះ ដែរ)។ (ទំ.៣០៩)
- ដូច្នោះ (ដូច-ច្នុះ) និ. ដូចនោះ, យ៉ាងនោះ (ទោះបីសរសេរជា ដូចនោះ ក៏ត្រូវអានថា ដូច-ច្នុះ ដែរ)។ (ទំ.៣០៩)
- ណេះណោះ (--ណុះ) កិ.វិ. ពីនេះពីនោះ, នាយអាយ : និយាយណេះណោះ គឺនិយាយពីនេះខ្លះ ពីនោះខ្លះ ឬនិយាយតំណាលពីខាងនាយខ្លះ ពីខាងអាយខ្លះផ្សែផ្សំឱ្យតែខាងបានការ។ (ទំ. ៣២៩)
- នុ៎ង (ព.សា) សព្វ. នុ៎ះ, ហ្នឹង : នាងនុ៎ង, មនុស្សនុ៎ង, យ៉ាងម៉េចទៅរឿងនុ៎ង?, ធ្វើអ្វីនុ៎ង? (ម.ព. ហ្នឹង ទៀតផង)។ (ទំ. ៥១៨)
- នុះ សព្វ. ពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗ ឬ មនុស្សសត្វដែលនៅក្រៅហត្ថបាស មើលទៅឃើញ ប៉ុន្តែមិនឆ្ងាយពេកទេ : សុំអ្នកមេត្តាឱ្យក្រដាសជិតដៃអ្នកនុះមកខ្ញុំ; បន្ទាត់អ្នកណានុះ? (គួរប្រើកុំច្រឡំពាក្យ នុះ និង នុ៎ះ)។ (ទំ. ៥១៨)
- នុ៎ះ សព្វ. ហ្នឹង; ពាក្យសម្រាប់និយាយចង្អុលនាមសព្ទដែលនៅឃ្លាតឆ្ងាយច្រើនពីខ្លួនតែមើលទៅឃើញ, ជាពាក្យមានសូរសំឡេងខ្ពស់ស្រួចជាងពាក្យថា នុះ និង នោះ, ដូចពាក្យថា អ្នកណានុ៎ះ?; អ្នកណាដើរនុ៎ះ?; នុ៎ះន៏!; នុ៎ះហើយ; នុ៎ះឯង; នេះផ្ទះរបស់ខ្ញុំ, នុ៎ះផ្ទះរបស់ប្អូនប្រុសខ្ញុំ, ឯណោះផ្ទះបងស្រីខ្ញុំ។ (ទំ.៥១៨)
- នេះ (និះ) សព្វ. ពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗ ដែលនៅខាងខ្លួនឱ្យឃើញជាក់ច្បាស់ : សំបុត្រនេះ, អ្នកនេះ, សេចក្ដីនេះ, ហេតុនេះ (ជាអញ្ញត្រសព្ទ)។ ព.ផ្ទ. ឯណា, ណា, នុះ, នុ៎ះ, នោះ, ឯណោះ។ (ទំ. ៥២០)
- នោះ (នុះ) វិ.ស. ពាក្យសម្រាប់បង្ហាញ, សម្រាប់ចង្អុលអ្វីៗ ដែលនៅឆ្ងាយ តែប្រាកដ; ជាពាក្យមានសូរសំឡេងស្មើនឹង នុះ ប៉ុន្តែទាបជាង នុ៎ះ, ដូចជា : សំបុត្រនោះ, សេចក្ដីនោះ, ផ្ទះនោះ, អ្នកនោះ ជាដើម។ (ទំ. ៥២១)
- ប៉ុណ្ណឹង (ប៉ុន-ណឹង) និ. ពាក្យប្រើក្លាយមកអំពីពាក្យប៉ុនហ្នឹង គឺប៉ុនគ្នាឬស្មើគ្នានឹង ហ្នឹង : ប៉ុណ្ណឹងចុះ, តែប៉ុណ្ណឹងបានហើយ។ (ទំ. ៦៣០)
- ប៉ុណ្ណេះ (ប៉ុន-ណេះ) និ. ពាក្យប្រើក្លាយមកអំពីពាក្យប៉ុននេះ គឺប៉ុនគ្នាឬស្មើគ្នានឹង នេះ : ត្រឹមតែប៉ុណ្ណេះ, ចប់តែប៉ុណ្ណេះ។ (ទំ. ៦៣០)
- ប៉ុណ្ណោះ (ប៉ុន-ណុះ) និ. ពាក្យប្រើក្លាយមកអំពីពាក្យប៉ុននោះ គឺប៉ុនគ្នាឬស្មើគ្នានឹង នោះ : ការប៉ុណ្ណោះ, ថាតែប៉ុណ្ណោះហើយក៏ស្ងៀមទៅ។ (ទំ. ៦៣០)
- ហ្នឹង វិ.ស. នុះ : ហ្នឹងហើយ នុះហើយ; ហ្នឹងឯង នុះឯង; ដំណើរហ្នឹង ដំណើរនុះ។ និ. (ព.សា.) ដូច្នឹង, អីចឹង; អើ (អ្នកម្នាក់ប្រាប់ថា): ទៅកុំខានហ្ន៎ះ!, (អ្នកម្នាក់ឆ្លើយថា) ហ្នឹង!។ ហ្នឹងហើយ! អីចឹងហើយ!។ ហ្នឹងឯង! អីចឹងឯង!។ បើនិយាយមានសំឡេងខ្ពស់ស្រួចខ្លាំង ត្រូវសរសេរដាក់ជើងក្អែក(+) នេះពីលើជា ហ្នឹ៎ងហើ៎យ!; ហ្នឹ៎ងឯ៎ង! (សម្រាប់សម្ដីសាមញ្ញ)។ (ទំ. ១៥៣៨)
- ឯ (អែ) និ. [...]។ ឯណេះ ឬឯនេះ ខាងណេះ ឬខាងនេះ។ ឯណោះ ឬឯនោះ ខាងណោះ ឬខាងនោះ។ [...]។ (ទំ. ១៨៣០)
- អំណឹះ ឬ អំណើះ និ. តមកឬតទៅ, ចំណេរកាលតមក ឬចំណេរកាលតទៅ : អំណឹះពីនោះមក តពីនោះមក។ អំណឹះតៅ ចំណេរកាលតទៅ។ អំណឹះឥតពីអញតថាគតទៅ ធម៌វិន័យនឹងជាសាស្ដានៃអ្នកទាំងឡាយជាតំណាងអញតថាគត (ពុទ្ធបណ្ដាំ)។ (ទំ. ១៨៤៨)
បើយើងពិនិត្យលើអំណោយន័យរបស់វចនានុក្រម យើងអាចសង្ខេបបាន៖
+ នេះ - ហ្នឹង(នុង/នុះ-នុ៎ះ) ជាសព្វនាមចង្អុល។
+ __ - នោះ ជាវិសេសន៍។ តែមិនឃើញមាននិបាតប្រាប់ទីជិតទេ តែបើយោងលើអំណោយន័យគួរតែ ហ្នឹង - នោះ។
ចំពោះពាក្យផ្សេងៗយើងនឹងពិចារណាជាបន្តបន្ទាប់តាមចំណុចនីមួយៗនៅខាងក្រោម។
មុននឹងពិចារណាលំអិត យើងទាញចំណាប់អារម្មណ៍លើចំណុច៖
- នាក (?អាចជា នាក/នៀក)
- និង ឬ នឹង (ហ្នឹង)
- នុង
- នុះ
- នុ៎ះ
- នួក (?អាចជា នួក នក់ នុក នោក)
- នេះ
- នោះ
បើយើងយកគម្រូសូរសព្ទជាគោល យើងអាចចាត់ក្រុមដូចនេះ
១) នាក
២) និង, នឹង, នេះ/និះ
៣) នុះ/នោះ
បើយើងសាកស្រមៃយកន័យជាគោល យើងអាចចាត់ក្រុមដូចនេះ
១) នាក - នួក ; នៅនាក គឺនៅជាប់នឹងអ្វីមួយនិងនៅជាប់នឹងយើង - នៅនួក គឺនៅជាប់នឹងអ្វីមួយដែលឆ្ងាយពីយើង។
២) និង/នឹង/ហ្នឹង - នុង ; នៅហ្នឹង គឺនៅក្បែរអ្វីមួយនិងក្បែរយើង - នៅនុង គឺនៅក្បែរអ្វីមួយដែលឆ្ងាយពីយើង។
៣) នេះ/និះ - នុះ/នោះ ; នៅនេះ គឺនៅម្ដុំអ្វីមួយនិងម្ដុំយើង - នៅនោះ គឺនៅម្ដុំអ្វីមួយដែលឆ្ងាយពីយើង។
នៅអត្ថបទក្រោយ យើងនឹងពិចារណាលំអិត។
ឯកសារពាក់ព័ន្ធ ៖ និង, នឹង, ហ្នឹង, សម្រង់ពាក្យទាក់ទងនឹងទីកន្លែង

Comments
Post a Comment