សិក្សាអំពីពេលវេលា

សិក្សាអំពីពេលវេលា (ថ្ងៃ)
សិក្សាអំពីពេលវេលា
ហេតុអ្វីយើងសិក្សាអំពីពាក្យទាំងនេះ? ដោយសារយើងចង់ដែងអំពី ១)ខ្មែរយល់យ៉ាងម៉េចអំពីពេលវេលា!? ២)ពាក្យខ្មែរប៉ុន្មាន ពាក្យកម្ចីប៉ុន្នាន!? ៣) អាចនឹងមានអ្វីនៅខាងក្រោយពាក្យនេះទៀតឬអត់។

ទិន្ន័យដែលយើងសិក្សា គឺស្រង់ចេញពីវចនានុក្រមខ្មែរ ហើយនឹងការប្រើប្រាស់ជាក់ស្ដែងមាន៥៨ពាក្យ ក្នុងនោះពាក្យខ្មែរមាន២៣ពាក្យ(ដោយសន្មត) ពាក្យកម្ចីពីសំស្ក្រឹតបាលី ៣៥ពាក្យ។ (សូមមើល សម្រង់ពាក្យពីវចនានុក្រម)

ដោយយើងចង់សិក្សាអំពីយោបល់របស់ខ្ញុំអំពីពេល ដូច្នេះយើងនឹងសិក្សាតែលើពាក្យខ្ញុំជាគោល លែកលែងករណីខ្លះ បើចាំបាច់។

ដំបូងចែកតាមប្រភេទ៖ ក) គ្មានលំដាប់ : គ្រា ស្របក់។ ខ) មានលំដាប់ : ១) ម៉ោង ២) ព្រលឹម ថ្ងៃត្រង់  ព្រលប់ ល្ងាច ពាក់កណ្ដាល់យប់ ៣) ព្រឹក រសៀល ៥) ថ្ងៃ យប់ ៥) ថ្ងៃ ៦) ខែ ៧) ឆ្នាំ។ 

តទៅនេះ យើងនឹងពិនិត្យលើប្រភេទពាក្យមានលំដាប់។ ចំពោះពាក្យម៉ោង យើងមិនយកមកសិក្សាទេ ដោយសារវាជាពាក្យកើតក្រោយ។ ដូច្នេះយើងសិក្សាតែទៅលើពាក្យ "ព្រលឹម ព្រលប់ ថ្ងៃត្រង់ ពាក្យកណ្ដាលយប់ ល្ងាច, ព្រឹក រសៀល/ថ្ងៃ ល្ងាច, ថ្ងៃ យប់, ថ្ងៃ, ខែ, ឆ្នាំ"ប៉ុណ្ណោះ។

នៅក្នុងអត្ថបទនេះ យើងលើកយកពាក្យ ថ្ងៃ/ង៉ៃ មកសិក្សាមុនគេ ព្រោះវាជាពាក្យដែលងាយនឹងយល់ជាទូទៅ។ 

១. ថ្ងៃ - សំដៅដល់ ព្រះអាទិត្យ។
២. ថ្ងៃ - សំដៅដល់ ពេលនៅចន្លោះព្រឹកនិងល្ងាច។
៣. ថ្ងៃ - សំដៅដល់ យប់និងថ្ងៃបញ្ចូលគ្នា។
៤. ថ្ងៃ - សំដៅដល់ យឺត។ ករណី ចង់ចេញពីព្រលឹម ប៉ុន្តែរៀបចំច្រើន ភ្លេចនេះភ្លេចនោះ ទម្រាំចេញដំណើរ ថ្ងៃរះខ្ពស់ផុតចុងឈើ។

យើងនឹងបន្តលើពាក្យ ថ្ងៃ = យប់+ថ្ងៃ ; ថ្ងៃនេះ ម្សិលមិញ ម្សិលម្ង៉ៃ ម្សិលម្ង៉ៃមួយ/ម្សិលម្ង៉ៃមួយនាយ ស្អែក ខានស្អែក ខានស្អែកមួយ/ខានស្អែកមួយនាយ​។ 
ថ្ងៃ អាទិត្យ សប្ដាហ៍
ថ្ងៃ, រូបទី១

បើមើលរូបទី១ ពាក្យ ថ្ងៃនេះ ស្អែក/ថ្ងៃស្អែក ខានស្អែក/ថ្ងៃខានស្អែក ខានស្អែកមួយ/ថ្ងៃខានស្អែកមួយ ម្សិលមិញ/ថ្ងៃម្សិលមិញ ម្សិលម្ង៉ៃ/ថ្ងៃម្សិលម្ង៉ៃ ម្សិលម្ង៉ៃមួយ/ថ្ងៃម្សិលម្ង៉ៃមួយ យើងមិនបានកំណត់ឈ្មោះថ្ងៃឡើយ ដែលមានឈ្មោះថ្ងៃ ចន្ទ្រ/ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ អាទិត្យ យើងខ្ចីពីសំស្ក្រឹត ពោលគឺរបៀបឥណ្ឌា។ 

មុន, ក្រោយ, បន្ទាប់

យើងមានរបៀបរាប់ម្យ៉ាងទៀតដោយប្រើពាក្យ "មុន" សម្រាប់រាប់ពេលកន្លងហួសគឺ ថ្ងៃនេះ មួយថ្ងៃមុន(គឺម្សិលមិញ) ពីរថ្ងៃមុន(គឺម្សិលម្ង៉ៃ) បីថ្ងៃមុន(គឺម្សិលម្ង៉ៃមួយ) បួនថ្ងៃមុន(គឺម្សិលម្ង៉ៃមួយមួយទៀត) ប្រាំថ្ងៃមុន ...។ ដោយប្រើពាក្យ "ក្រោយ" សម្រាប់រាប់ពេលមិនទាន់ទៅដល់គឺ ថ្ងៃនេះ មួយថ្ងៃក្រោយ(គឺស្អែក) ពីរថ្ងៃក្រោយ(គឺខានស្អែក) បីថ្ងៃក្រោយ(គឺខានស្អែកមួយ) បួនថ្ងៃក្រោយ(គឺខានស្អែកមួយមួយទៀត) ប្រាំថ្ងៃក្រោយ ...។ ចំពោះពាក្យ "បន្ទាប់" មិនបានកំណត់ថាថ្ងៃកន្លងហួសឬថ្ងៃមិនទាន់ទៅដល់ទេដោយគ្រាន់តែធៀបនឹងថ្ងៃណាមួយប៉ុណ្ណោះ។ * សម្គាល់, កុំច្រឡំនឹងពាក្យ - មួយថ្ងៃក្រោយ ខុសពី ថ្ងៃក្រោយ, មួយថ្ងៃមុន ខុសពី ថ្ងៃមុន។ 
ថ្ងៃមុន ថ្ងៃមុខ ថ្ងៃក្រោយ, រូបទី២

ថ្ងៃមុន, ថ្ងៃក្រោយ, ថ្ងៃមុខ ថ្ងៃក្រោយ

បើយើងមើលនៅរូបទី២_ ថ្ងៃមុន ជាថ្ងៃណាមួយដែលកន្លងហួស ជាធម្មតាយើងមិនច្បាស់ថាថ្ងៃណា ឬក៏មិនចង់ប្រាប់ថ្ងៃច្បាស់។ ថ្ងៃក្រោយ ជាថ្ងៃណាមួយដែលមិនទាន់ទៅដល់ ជាធម្មតាយើងមិនច្បាស់ថាថ្ងៃណាមួយឡើយ។ 

ថ្ងៃមុខ ថ្ងៃក្រោយ _ តើថ្ងៃមុខកើតមុនថ្ងៃក្រោយឬថ្ងៃក្រោយកើតមុនថ្ងៃមុខ? ឬព្រមគ្នា? 

ថ្ងៃមុខ ថ្ងៃក្រោយ, រូបទី៣
ដើម្បីឆ្លើយ យើងកំណត់បរិបទជាមួយសិន៖ កូននិយាយខ្លាំងៗដាក់ម្ដាយ។ ម្ដាយខឹងណាស់ ហើយក៏ស្ដីប្រដៅ រួចហាម "ថ្ងៃមុខ ថ្ងៃក្រោយ កុំស្រែកខ្លាំងៗដាក់ម៉ែដូចនឹងទៀត បើនៅតែធ្វើដឹងតែត្រូវធ្ងន់ជាងនេះហើយ"។
+ ថ្ងៃមុខ សំដៅដល់ថ្ងៃដែលនៅខាងមុខដោយរាប់ពីថ្ងៃនេះទៅរហូត។ ឯថ្ងៃក្រោយ សំដៅដល់ថ្ងៃណាមួយដែលមិនទាន់ទៅដល់។ ដូច្នេះ ថ្ងៃមុខ ថ្ងៃក្រោយ សំដៅដល់ពីថ្ងៃ(ស្រែកដាក់ម្ដាយ)នេះទៅថ្ងៃណាមួយខាងមុខដែលមិនទាន់មកដល់ សុំកុំឱ្យមានរឿងដូចនេះទៀត។ 

ដោយសារយើងមិនចង់ឱ្យអត្ថបទវែងពេក ដូច្នេះយើងនឹងសិក្សាបន្តនៅអត្ថបទក្រោយ។ ណាមួយ យើងចង់ទុកពេលឱ្យអ្នកមើលមានពេលពិចារណាផង។


Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ