វណ្ណយុត្ត-វណ្ណវាទ

សេចក្ដីផ្ដើមអំពីវណ្ណយុត្ត-វណ្ណវាទ

វណ្ណយុត្ត-វណ្ណយុត្តិ-វណ្ណវាទ

កន្លងមក ខ្ញុំឃើញនៅលើបណ្ដាញសង្គមមានបង្ហោះច្រើនទាក់ទងសញ្ញាវណ្ណយុត្តិ ប៉ុន្តែការបង្ហោះនោះគ្រាន់តែប្រាប់ឈ្មោះវណ្ណយុត្តិ បើពន្យល់ក៏មិនលំអិត ដែលនាំឱ្យអ្នកមើលដែលមិនទាន់ច្បាស់នៅតែមិនទាន់ច្បាស់ដដែលជាដដែល។ ដោយឃើញយ៉ាងនេះ ខ្ញុំក៏សម្រេចចិត្តសិក្សាតាមចំណេះ តាមពេលដើម្បីនឹងឈ្វេងយល់ ហើយស្វែងរកចម្លើយទុកជាការចេះខ្លួនឯងមួយ និងចែកនូវចំណេះដល់អ្នកដែលមិនទាន់ចេះមួយ។

វណ្ណយុត្ត ឬ –យុត្តិ (វ័ន-ណៈយុត) ន. (បា. ស.; សំ. វណ៌យុក្ត ឬ–យុក្តិ) គ្រឿងប្រដាប់សម្រាប់ប្រើផ្សំជាមួយនឹងអក្សរ វណ្ណយុត្តសម្រាប់ប្រើក្នុងភាសាខ្មែរមាន១៨យ៉ាងគឺ [...] ។ (វចនានុក្រមខ្មែរ ១៩៦៧)
វណ្ណយុត្តិ មកពីពាក្យ វណ្ណៈ ផ្សំនឹង យុត្តិ។ 
វណ្ណ ឬ វណ្ណៈ ១ (វ័ន-ណៈ) ន. (បា. វណ្ណ; សំ. វណ៌) អក្សរ។ (វចនានុក្រមខ្មែរ ១៩៦៧) 
យុត្ត គឺការប្រកប ការភ្ជាប់ចូល(នឹងអ្វីៗ)។ (អ៊ុម គយ, ធាតុសង្គ្រោះ ១៩៦៦)
ដូច្នេះ វណ្ណយុត្ត គឺជាស្នាមគំនូសដែលភ្ជាប់នឹងអក្សរ ដើម្បីប្រកបឬសម្គាល់លក្ខណៈ។

បើយោងតាមវចនានុក្រមខ្មែរ វណ្ណយុត្តមាន១៨ ដូចជា៖ សញ្ញាខណ្ឌ(។) សញ្ញាសួរ(?) សញ្ញារបាទ(៌) សញ្ញាទណ្ឌឃាត(៍)ជាដើម។ ប៉ុន្តែបណ្ឌិតច័ន្ទ សំណព្វ សញ្ញាក្បៀស(,) សញ្ញាខណ្ឌ(។), សញ្ញាសួរ(?)ជាដើម លោកឱ្យឈ្មោះថា វណ្ណវាទ។ (ច័ន្ទ សំណព្វ ដំណកឃ្លាក្នុងភាសាខ្មែរ ២០១១)

ចំពោះយើង យើងយល់ថាគួរតែចែកសញ្ញាដែលធ្លាប់មានសរសេរនៅក្នុងភាសាខ្មែរយើងជាពីរដូចគំនិតលោកបណ្ឌិតច័ន្ទ សំណព្វ។ ដោយសារលោកបានចែកហើយ យើងមិនប្រើពាក្យថ្មីដើម្បីសម្គាល់នូវគំនិតចាស់នោះទេ គឺយើងរក្សាពាក្យដដែល។
វណ្ណវាទ មិនជាប់នឹងការប្រកបពាក្យនោះទេ គឺជាប់ទាក់ទងនឹងសម្ដី ឃ្លាប្រយោគ។ ឧទាហរណ៍៖ ខ្ញុំទៅផ្សារ ឃើញបន្លែស្រស់ៗ។ សញ្ញាលេខទោ សញ្ញាខណ្ឌ ជាវណ្ណវាទ ព្រោះសញ្ញាលេខទោសម្រាប់សម្គាល់ឱ្យអានពាក្យ ស្រស់ ពីរដង។ ឯសញ្ញាខណ្ឌសម្រាប់សម្គាល់បញ្ចប់សេចក្ដីមួយប្រយោគឬល្បះ។
វណ្ណយុត្ត ជាប់ទាក់ទងនឹងការប្រកបពាក្យឬអានពាក្យ។ ឧទាហរណ៍៖ ពន្ធ(ពន់) បើយើងដាក់សំយោគសញ្ញា(័)នៅពីលើព្យញ្ជនៈព យើងបាន ព័ន្ធ(ពាន់)។ ស្លាប ស្រៈ/-ា/សូរវែង បើយើងដាក់សញ្ញាបន្តក់(់)នៅខាងលើព្យញ្ជនៈប យើងបាន ស្លាប់ ស្រៈ/-ា/ប្រែពីសូរវែងទៅជាសូរខ្លី។
បើយោងតាមគំនិតខាងលើវណ្ណយុត្តមាន៖ របាទ(-៌) សំយោគ(-័) ទណ្ឌឃាត(-៍) អាស្ដា(-៏) បន្តក់(-់) មូសិកទន្ត(-៉) ត្រីសព្ទ(-៊) យុគលពិន្ទុ(-ៈ) វិសជ៌នី(-ះ) វិរាម(-៑)។ ហៅពីនេះជាវណ្ណវាទ។

នៅចំណុចបន្ទាប់ យើងនឹងសិក្សាលំអិតអំពីវណ្ណយុត្ត បន្ទាប់មកវណ្ណវាទម្ដងមួយៗ។

ញ៉.ផ.សុផេន
២៧ វិច្ឆិកា ២០២៤

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ