វណ្ណយុត្ត-របាទ

វណ្ណយុត្ត-របាទ
វណ្ណយុត្ត - របាទ (-៌)

របាទ (រ-បាត) ន. ជើងអក្សរ រ (ហៅដោយសន្មតិ), ជាឈ្មោះវណ្ណយុត្តមួយប្រភេទ ដែលខ្មែរប្រើតាមបែប រេផៈសំស្ក្រឹត មានរូបសណ្ឋានដូច្នេះ(-៌); នៅក្នុងសិលាចារឹកខ្មែរបុរាណច្រើនប្រើ រ ពេញតួ, សម្រាប់ប្រើដាក់លើអក្សរតួចុង ដើម្បីធ្វើអក្សរតួដើមបន្ទាប់នោះឱ្យមានសូរសំឡេងញ័រ, ប្រើចំពោះតែភាសាសំស្ក្រឹតឬសំស្ក្រឹតក្លាយ, ដូចជា គ័ភ៌, ទុគ៌ត, ទុព៌ល, ធម៌, បព៌ត, ព័ណ៌, ធម៌អាថ៌ ជាដើម; ប៉ុន្តែបើមានស្រៈដែលទើសពិបាកសរសេរនោះត្រូវដាក់អក្សរ រ ពេញតួពីលើជើងអក្សរខាងចុងវិញ, ដូចជា ទុរ្ភិក្ស, មូរ្តី, រាមកេរ្តិ៍, តិរ្ថិយ, អន្យតិរ្ថិយ ជាដើម; ចួនកាលមិនមានស្រៈទើសទែងទេ ប៉ុន្តែគួរឱ្យច្រឡំពិបាកអាន ក៏ត្រូវដាក់តួ រ លើជើងអក្សរខាងចុងបានដែរ, ដូចជា កម៌ន៑, អាស្ចាយ៌, អាចាយ៌ ប្រើជា ករ្ម័ន, អស្ចារ្យ, អាចារ្យ ជាដើម (ប្រើសម្រួលឱ្យងាយមើលងាយថា)។ បើមានអក្សរ រ ជាតួប្រកបពីខាងចុង, នឹងប្រើជារបាទ(រេផៈ)នេះផងពុំបានឡើយ, ដូចជា ជ័រ, ដើមសង្ឃ័រ, ញ័រ, ទទ័រ ជាដើម(សរសេរយ៉ាងនេះត្រឹមត្រូវហើយ) កុំសរសេរ ជ័រ៌, … ទទ័រ៌ ឬ ជារ៌, … ទទារ៌ ដូច្នេះឡើយ(ម.ព. បាទ១ ន. និង រេផៈ ផង)។ (វចនានុក្រមខ្មែរ ១៩៦៧ ទំ.៩៩៣)
រេផៈ ន. (រេផ) អក្សរ រ; ពាក្យ។ ឈ្មោះវណ្ណយុត្តមួយប្រភេទមានរូបសណ្ឋានដូច្នេះ(-៌) សម្រាប់ប្រើក្នុងភាសាសំស្ក្រឹត ដាក់លើអក្សរតួចុងឱ្យអក្សរតួដើមបន្ទាប់នោះមានសំឡេងញ័រ, ដូចជា : ទុគ៌ត, ទុព៌ល, បព៌ត ជាដើម (ម. ក្នុង ព. របាទ ផង)។(វចនានុក្រមខ្មែរ ១៩៦៧ ទំ.១០៦៦)

[...] បើពោលមួយយ៉ាងទៀត របាទប្រើសំរាប់សរសេរព្យញ្ជនៈ រ កាលគ្មានស្រៈ អ អាស្រ័យជាប់ក្នុងខ្លួនដូចប្រក្រតី។ ក្នុងពាក្យឧទាហរណ៍ខាងលើនេះអក្សរ រ សុទ្ធសឹងតែគ្មានស្រៈ អ អាស្រ័យ ៖ ពណ៌ (barna), គភ៌(garbha), ទុរ្ភិក្ស(durbhiksa)។ បើមានស្រៈអាស្រ័យក្នុង រ នោះត្រូវសរសេរដូច្នេះ ពរណ(barana) គរភ(garabha) ទុរភិក្ស(durabhiksa) ហើយអានតាមសំស្ក្រឹតថា ពៈ រៈ ណៈ, គៈ រៈ ភៈ, ទុរៈ ភិក្សៈ។ របាទប្រើចំពោះតែក្នុងពាក្យណាដែលមកពីសំស្ក្រឹត និងបារាំង, ពាក្យខ្មែរសុទ្ធនិងពាក្យដែលមកពីបាលីគ្មានប្រើទេ។ របាទដែលបង្កើតមានឡើង ក៏ព្រោះតែ អ គ្មានរូប ហើយត្រូវសន្មតថាស្រៈ អ មាននៅបង្កប់ខ្លួនក្នុងព្យញ្ជនៈជាដរាប។ បើសិនជាស្រៈ អ មានរូបឡើងដូចក្នុងភាសាបារាំង យើងមិនចាំបាច់មានរបាទទេ។ (អៀវ កើស ភាសាខ្មែរ ១៩៦៧ ទំ.៥១-៥២)

របាទ មានន័យថា ជើងរ។ ពាក្យសំស្ក្រឹត dharma គេសរសេរជាអក្សរខ្មែរ ធរម។ ខ្មែរដែលមិនចេះភាសាសំស្ក្រឹត មុខតែអានពាក្យនេះថា[ ធ + រ + ម] ឬ [ធ + រំ]។ ដើម្បីចៀសផលវិបាកបែបនេះ ខ្មែរបានកែតួអក្សរ រ ដែលនៅចន្លោះព្យញ្ជនៈ ធ នឹង ម ឱ្យទៅជាសញ្ញា -៌។ គេឱ្យឈ្មោះថា របាទ។ ដូច្នេះពាក្យសំស្ក្រឹតដែលមានតួអក្សរ រ នៅចន្លោះព្យាង្គពីរ ត្រូវជំនួសដឹងសញ្ញា របាទ៖ ពាក្យ dharma គេសរសេរ ធម៌។ garbha គេសរសេរ គភ៌។ បើព្យញ្ជនៈដើមព្យាង្គជាព្យញ្ជនៈពួកអ៊ សូរស្រៈរបស់ព្យាង្គនោះ គឺ (អ័រ) ទោះព្យញ្ជនៈចុងពាក្យជាព្យញ្ជនៈពួកណាក៏ដោយ។ ធម៌ គេអាន [ធ័រ]។ ពណ៌ គេអាន [ព័រ]។ ពត៌មាន គេអាន [ព័រ-ដ-មាន]។ លើកលែងតែពាក្យ មត៌ក ដែលគេអាន [ម-រ-ដក់]។ (ឃឹន សុខ វេយ្យាករណ៍ភាសាខ្មែរ ២០០៧ ទំ.៧៣)

ព្យាង្គហើរ គឺជាព្យាង្គដែលសូររបស់វាត្រូវបានកត់ត្រាដោយសញ្ញារបាទដាក់ពីលើតួព្យញ្ជនៈណាមួយ។ ឧទាហរណ៍ ព្យាង្គទីពីរនៃពាក្យ បព៌ត មត៌ក និងព្យាង្គទីបីនៃពាក្យ ពិពណ៌នា គឺជាព្យាង្គហើយ។ (ក្នុងកំណត់សម្គាល់៖ ការសរសេរពាក្យបែបនេះ គឺមាននៅក្នុងគ្រាដើម ហើយខ្ញុំគ្រាន់តែលើយកមកធ្វើជាឧទាហរណ៍ស្ដីពីព្យាង្គហើរតែប៉ុណ្ណោះ មិនមែនតម្រូវឱ្យសរសេរយ៉ាងនេះទេ។ ម្យ៉ាងទៀត បើសរសេរ ថេរវាទ មរតក បែបនេះ គឺគ្មានព្យាង្គណាមួយជាព្យាង្គហើរនោះទេ)។ (ច័ន្ទ សំណព្វ សំណេរនិងអក្ខរាវិរុទ្ធខ្មែរ ២០១២ ទំ.៩៣-៩៤)
បើយោងតាមសេចក្ដីខាងលើ យើងឃើញថាសេចក្ដីពន្យល់ដែលល្អិតនិងមិនភ័ន្តច្រឡំ គឺវចនានុក្រមខ្មែរ និងលោកអៀវ កើស។ ហើយយើងមិនរិះគន់លើសៀវភៅផ្សេងដែរ គ្រាន់តែយើងលើកយកគំនិតដែលមានទាក់ទងនឹងសញ្ញារបាទមកបង្ហាញដល់អ្នកអាន/ទស្សនាតែប៉ុណ្ណោះ។ តទៅនេះ យើងនឹងពិចារណាទាំងអស់គ្នាដោយគិតចេញពីឧទាហរណ៍ខាងក្រោម៖
वर्ण វណ៌ > ពណ៌, धर्म ធម៌, वर्तमान វត៌មាន > ពត៌មាន > ព័ត៌មាន ; चक्र ចក្រ, विचारण វិចារណៈ > ពិចារណា ; मृतक  ម្ឫតក > មរតក / មត៌ក / ម្រឹតក។ 
បើយោងតាមឧទាហរណ៍នេះ យើងឃើញថា លក្ខណៈរបស់របាទក្នុង ១)ពាក្យ ពណ៌ ធម៌ ពត៌មាន គឺគ្មានសូរស្រៈកប់តួទេ ដូចដែលលោកអៀវកើសនិយាយ។ ដោយមានលំដាប់អក្សរ ព រ៑ ណ, ធ រ៑ ម, ព រ៑ ត មាន។ (សញ្ញាគូសពីលើអក្សរ អក្សរណាមួយ ឈ្មោះថាវិរាម ដើម្បីសម្គាល់ថាអក្សរណាមួយនោះគ្មានស្រៈកប់តួ អ/អ៊ នៅខាងក្នុង) បើយើងគិតអំពីព្យាង្គ ពណ៌ មានមួយព្យាង្គ, ធម៌ មានមួយព្យាង្គ, ពត៌មាន មានបីព្យាង្គ គឺព្យាង្គ ព័រ, ព្យាង្គ ដ, ព្យាង្គ មាន។ ២) ឯពាក្យ ពិចារណា គឺមានសូរស្រៈកប់តួ ដោយយើងអាចរៀបតាមលំដាប់ ពិ ចា រ ណា ហើយមានសូរអានបួនព្យាង្គ គឺព្យាង្គ ពិ, ព្យាង្គ ចា, ព្យាង្គ រ៉ៈ, ព្យាង្គ ណា។ ៣) ចំណែកពាក្យ ចក្រ មានមួយព្យាង្គ គឺ ច័ក/ចាក់ បើយើងសរសេររៀងតាមលំដាប់គឺ ច ក៑ រ៑ / ច ក្រ៑ ប៉ុន្តែបើសិនជាយើងបន្ថែមស្រៈឬយុគលពិន្ទុនោះនឹងបាន ចក្រី គឺ ច័ក ក្រី ឬ ចាក់ ក្រី, ចក្រ គឺ ច័ក ក្រៈ ឬ ចាក់ ក្រៈ។ ៤) ចំណែកឯពាក្យ មរតក មានបីព្យាង្គគឺ ម រ តក / ម រ ដក់, មត៌ក បើតាមលក្ខណៈខាងលើមានតែពីរព្យាង្គគឺ មរ៑ តក / មរ៑ ដក់, ម្រឹតក មានពីរព្យាង្គដូចមត៌កដែរខុសតែត្រង់ការបន្លឺ ម្រឹ តក / ម្រឹ ដក់។ 
ដូច្នេះ ក្នុងទម្រង់សំណេរបែបលេខ១ ហៅថារបាទ។ ចំណែកលេខ ២, ៤ ហៅថាតួព្យញ្ជនៈ រ។ ឯត្រង់លេខ ៣ ជាតួជើង រ។ 

ចុះហេតុអ្វីមនុស្សនិយាយពាក្យ ព័ត៌មាន ថា៖ ព័រ ដ មាន, ខ្លះថា៖ ព័រ រ មាន, ខ្លះទៀតថា៖ ព័ហ ហ មាន? 

ដើម្បីឆ្លើយសំណួរខាងលើ យើងត្រូវសិក្សាអំពីលក្ខណៈទូទៅតាមបែបសូរវិទ្យា៖
១) សំណេរ និងការបង្គាប់ឱ្យអាននៅក្នុងវចនានុក្រមខ្មែរ
ព័ត៌មាន (តាមសំឡេងអានថា ព័រតៈម៉ាន, តាមទម្លាប់អានថា ព័រដ៏មាន)
ពណ៌ (ព័រ)
ពណ៌នា (ព័រណៈនា)
គភ៌ (គ័រ)
កាណ៌ (ការ)
កាប៌ាស (ការបាស)

អាចារ្យ (អា ចា) 
ការណ៍ (កា)
ចោរ (ចោ)
អាចារ (អា ចា រ៉ៈ)
អស្ចារ្យ
សារ ឬ សារៈ (សា ឬ សារ៉ៈ)

ទុរយស (ទុរៈ យស់)
ទុរភិក្ស (ទុរៈ ភិក)

ទុយ៌ស (ទុរ្យស់ ឬ ទុរៈយស់)
ទុរ្ភិក្ស (ទុរ្ភិក ឬ ទុរៈភិក)

កេរ
កេរ្តិ៍

បើយោងតាមពាក្យខាងលើ យើងឃើញថា៖ សញ្ញារបាទជាតួប្រកបដូចព្យញ្ជនៈឯទៀតដែរ ហើយតួប្រកបនេះមានសំឡេងមិនទំលាក់សំឡេងចោលដូចព្យញ្ជនៈរដែលនៅខាងចុងពាក្យឡើយ។ យើងនឹងប្រៀបធៀបករណីពាក្យ៖ កាណ៌ នឹង ការណ៍ ពាក្យទាំងពីនេះសំណេរបង្គាប់ឱ្យអានមានលក្ខណៈខុសគ្នាគឺ កាណ៌(ការ) មានព្យញ្ជនៈរ ឯ ការណ៍(កា) មិនមានព្យញ្ជនៈរ។ ចំពោះពាក្យខ្លះលោកសរសេរនិងបង្គាប់ឱ្យអានផ្សេងទៅវិញ ដូចជា៖ ទុរ្ភិក្ស ទុយ៌ស។ បើយើងប្រៀបធៀបករណីពាក្យ ពណ៌នា នឹង ទុយ៌ស យើងឃើញថា របាទមានរបៀបអានខុសគ្នា ព័រ ណៈ នា - ទុរៈ ភិក។ មូលហេតុដែលលោកបង្គាប់ឱ្យអានខុស ផ្សេងគ្នាដោយសារ ព័រ ណៈ នា - ព័រ ជាព្យាង្គមួយ ណៈ ជាព្យាង្គមួយ នា ជាព្យាង្គមួយ។ ឯពាក្យ ទុរៈ ភិក - ទុ ជាព្យាង្គមួយ រៈ ជាព្យាង្គមួយ ភិក ជាព្យាង្គមួយ។ បើមើលតាមលក្ខណៈនេះ ព្យញ្ជនៈបន្ទាប់ពីរបាទ ណ និង ភ មានទម្រង់ព្យាង្គខុសគ្នាគឺ ណ មិនមានព្យញ្ជនៈប្រកប ដូចជា ភ ដែលមាន ក ជាព្យញ្ជនៈប្រកប។ ប្រសិនបើយើងទាញលក្ខណៈឱ្យដូចគ្នាយ៉ាងនេះ ពណ៌ន នោះយើងនឹងអានថា ពរៈ ណន់។ ចំពោះពាក្យ កេរ និង កេរ្តិ៍ មិនមានបង្គាប់ឱ្យអាន បើតាមយល់ពាក្យទាំងពីរនេះអាន កា ដូចគ្នា ព្រោះ កេរ្តិ៍ ត្រូវបានសញ្ញាទណ្ឌឃាតសម្លាប់សូរ រ្តិ ឯពាក្យ កេរ រ ទំលាក់សំឡេងចោល ដោយយោងតាមពាក្យ ចោរ (ចោ)។

២) ការបន្លឺជាក់ស្ដែង (ទេសយោបាយភ្នំពេញ / សម្ដីនៅភ្នំពេញ)
យើងនឹងលើករណីពាក្យ ពណ៌ [pɔa], ពណ៌នា [pɔarɘniɜ] នៅក្នុងករណីពាក្យពីរនេះ ពាក្យ ពណ៌ ជាពាក្យមួយព្យាង្គ សំឡេង រ និង ណ ត្រូវបានទំលាក់សូរចោលមិនប្រកប។ ប៉ុន្តែករណីពាក្យនេះមានព្យាង្គនៅខាងក្រោយបង្កើតបានជាពាក្យពីរព្យាង្គសំឡេង រ មានសូរបន្លឺឡើង ចំណែកឯ ព្យញ្ជនៈ ណ នៅតែទំលាក់ចោលដដែល។ ប៉ុន្តែ បើយោងតាមការបង្គាប់ឱ្យអាននៅក្នុងវចនានុក្រមពាក្យ ពណ៌នា ត្រូវបញ្ចេញសំឡេង [pɔarnaniɜ] ដូច្នេះ របាទ ជាតួប្រកបរបស់ព្យាង្គ ពរ៑- ហើយព្យញ្ជនៈ -ណ- ជាព្យាង្គមួយ និងព្យាង្គចុងក្រោយ គឺ -នា។ ក្នុងករណីដូចគ្នានេះ ព័ត៌មាន នៅក្នុងវចនានុក្រមបង្គាប់ឱ្យអាន [pɔarɗamiɜ]។ ប៉ុន្តែនៅក្នុងការប្រើប្រាស់ជាក់ស្ដែងមនុស្សបន្លឺសំឡេង [pɔaɗɒmiɜ] ឬ [pɔarəmiɜn] ឬ [pɔaləmiɜn] ឬ [pɔahɜ̤miɜn]។ ដើម្បីបញ្ជាក់និងពន្យល់អំពីបាតុភូតនេះ យើងនឹងសាកល្បងពិនិត្យលើពាក្យ៖ វិចិត្រ (វិ ចិត) ក្នុងករណីនេះជើរ រ មិនមានសំឡេងប្រកបទេ ហើយបើយើងបន្ថែមបច្ច័យ -ករ នៅខាងចុង យើងបាន វិចិត្រករ បើតាមរូបគួរតែអាន វិ ចិត្រៈ ក ប៉ុន្តែតាមភាពជាក់ស្ដែងមនុស្សនិយាយ វិ ចិតៈ ក។ បើយើងប្រៀបធៀប ត ក្នុងពាក្យ វិចិត្រករ ត្រូវគ្នានឹង របាទ ក្នុងពាក្យ ព័ត៌មាន។ ហើយ ត ក្នុងពាក្យ ព័ត៌មាន ត្រូវគ្នានឹង ជើង រ ក្នុងពាក្យ វិចិត្រករ នោះយើងឃើញថា៖ ជើង រ ក្នុងពាក្យ វិចិត្រករ និង ត ក្នុងពាក្យ ព័ត៌មាន ត្រូវបានទំលាក់សូរចោលដូចគ្នា។ 

សន្និដ្ឋាន៖ របាទ ជាព្យញ្ជនៈប្រកប។ ១) បើក្នុងករណី ជាពាក្យមួយព្យាង្គ របាទ មិនមានសូរបន្លឺដូចគ្នាករណី រ នៅខាងចុងក្នុងពាក្យ(ការ ដើរ)ផ្សេងៗដែរ។ ២) បើក្នុងករណី ជាពាក្យពីរព្យាង្គគឺ ព្យាង្គទីមួយមានរបាទ នោះរបាទមានការបន្លឺសូរឡើងដូចករណីពាក្យ(ទូរសព្ទ ការដ្ឋាន)ផ្សេងៗដែរ។

ញ៉.ផ.សុផេន
២៨ វិច្ឆិកា ២០២៤


Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ