វណ្ណយុត្ត- បន្កក់

វណ្ណយុត្ត-បន្តក់/រស្សសញ្ញា
វណ្ណយុត្ត-បន្តក់/រស្សសញ្ញា

រស្សសញ្ញា (រ័ស-សៈស័ញ-ញ៉ា) ន. (បា.សំ. ; បា. < រស្ស “ខ្លី” + សញ្ញា “គ្រឿងសម្គាល់; ឈ្មោះ”; សំ. ហ្រស្វ + សំជ្ញា) គ្រឿងសម្គាល់ឱ្យដឹងថាមានសំឡេងខ្លី។ ពាក្យនេះវេយ្យាករណ៍បណ្ឌិតខ្មែរសន្មតជាឈ្មោះវណ្ណយុត្តមួយប្រភេទ មានសណ្ឋានកំបុតខ្លីនេះ (-់) សម្រាប់ប្រើបំបែកសំឡេងវែងឱ្យខ្លីកំបុតធ្ងន់, ប្រើដាក់បានចំពោះតែព្យញ្ជនៈអក្សរប្រកបរបស់ពាក្យខ្មែរដែលជាស្រៈ អ, អា ពីនេះដូចជា : អត់, កក់, ដល់, អាក់, កាន់, ចង្កាក់, ស្គាល់, ជាដើម (ហៅថាសង្កត់ ឬ បន្តក់ ក៏បាន : សៀមហៅម៉ៃឯក អ.ថា. ម៉ែអេក “ឈើមួយ” សម្រាប់ប្រើបំបែកសំនៀងដោយវិធីផ្សេងពីខ្មែរ។ (វចនានុក្រមខ្មែរ ១៩៦៧ ទំ.១០២២)។

សញ្ញាបន្តក់ (-់) នៅតែខាងលើព្យញ្ជនៈប្រកបប្រាំបួនប៉ុណ្ណោះគឺ ក ង ច ញ ត ន ប ល ស។ ចំពោះពាក្យដែលខ្ចីពីភាសាបាលីសំស្ក្រឹតមិនទទួលបន្តក់ទេ លែកលែងតែពាក្យគជ់។ ហើយព្យាង្គដែលមានស្រៈ អា់/អ៊ា់ ប្រកបនឹង ង ត្រូវដូរបន្តក់ជាវណ្ណយុត្ត ដំលើ (កាង់ > កាំង, គាង់ > គាំង)។ ចំពោះសំណូរនិយាយមានការប្រែប្រួលក្នុងករណី អ៊់ ដូចជា អ៊ុ (សំណេរ ទប់ ; សំណូរ ទុប)។ ហើយ អ៊ា់ ត្រូវអានថា អ៊័រ ក្រៅពីព្យញ្ជនៈ ក (គាត់ ; គួរតែ គៀត់ - គ័ត)។ (ព្រុំ ម៉ល់ វេយ្យាករណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប ២០០៦ ទំ.៣៨)។

បើយើងមើលទៅលើតែស្នាដៃខាងលើទាំងពីរ យើងឃើញថាគ្រប់គ្រាន់សម្រាប់យើងជាខ្មែរហើយ ប៉ុន្តែយើងចង់យល់ ចង់ដឹងលំអិតបន្តទៀត ដើម្បីជាប្រយោជន៍ការសិក្សា ដោយយើងចោទជាសំណួរថា៖
ហេតុអ្វីមានបន្តក់?
បន្តក់មាននាទីអ្វី?
ហេតុអ្វីបន្តក់មិនប្រើលើពាក្យខ្ចីពីភាសាបាលីសំស្ក្រឹត? ប៉ុន្តែប្រើលើពាក្យកម្ចីភាសាផ្សេងបានទៅវិញ?

នៅក្នុងស្រៈខ្មែរមានគូៗជាខ្លី-វែងដូចនេះ៖ អិ-អី, អឹ-អឺ, អុ-អូ, អែ-អៃ, អោ-អៅ គឺស្រៈអិខ្លីជាគូនឹងស្រីអីវែង, ស្រៈអឹខ្លីជាគូនឹងស្រៈអឺវែង, …។ ដោយសារមូលហេតុនេះ ទើបមានបន្តក់ដើម្បីឱ្យស្រៈ អ និង ស្រៈ អា មានគូខ្លី គឺស្រៈ អ វែង ជាគូនឹងស្រៈ អ់ ខ្លី, ស្រៈ អា វែង ជាគូនឹងស្រៈ អា់ ខ្លី។
ដូច្នេះបន្តក់មាននាទីកាត់ស្រៈ អ និង អា ឱ្យមានសូរខ្លី។ នេះជាសេចក្ដីសន្និដ្ឋានជាដំបូងតាមរូបដែលយើងឃើញ។

តទៅនេះ យើងនឹងសិក្សាតាមបែបសូរវិទ្យា ដើម្បីរកមើលលក្ខណៈនីមួយៗរបស់វា ដោយពិនិត្យលើឧទាហរណ៍ពាក្យដែលមានស្រៈកប់(តួ) អ/អ៊ ដូចខាងក្រោម៖
១.១- កក ខក ង៉ក់ ចក ឆក ដក បក សក កំណក
១.២- កក់ ជីងចក់ ឆក់ ឆក់ ដក់ បក់ សក់ 
១.៣- ក្អក ស្អក ស្រក  សម្បក ស្កក
១.៤- ស្រក់ ប្រក់ ល្អក់ ឆ្មក់
២.១- គក រលក មក ពក លក
២.២- គក់ ជក់ ទំពក់ លក់
២.៣- ជ្រក គ្រក
២.៤- ជ្រក់ គ្រក់ ល្វក់ 

ស្រៈ អា/អា់ ប្រកប់នឹងព្យញ្ជនៈចុងជា ក និង ក់
៣.១- កាក ចាក ឆាក ពិបាក ផាក ម៉ាក សាក កំហាក 
៣.២- កាក់ ចាក់ បាក់ ម៉ាក់ សាក់ ប្រឡាក់ 
៣.៣- ស្រាកស្រាន ស្លាក ផ្លាក 
៣.៤- ស្រាក់ ប្រាក់ ឆ្លាក់ ថ្នាក់ 
៤.១- ងាក ទាក រលាក រាក
៤.២- ទាក់ រលាក់ ត្រជាក់ នាក់ ពាក់ រាក់
៤.៣- ខ្ពាក 
៤.៤- ធ្លាក់ ម្នាក់ ភ្ញាក់ គ្រាក់

នៅក្នុងឧទាហរណ៍ខាងលើជាច្រើន យើងនឹងលើកយកករណីមួយមកវិភាគ ព្រោះពាក្យដែលជាឧទាហរណ៍នោះស្ថិតនៅក្នុងទម្រង់តែមួយ ដូច្នេះមិនចាំបាច់យើងវិភាគគ្រប់ពាក្យនោះទេ។ 
ករណី(ក) ១.១ និង ១.២ យើងយកពាក្យ សក - សក់ ជាគម្រូក្នុងការវិភាគ។ សក បើយើងបំបែកជាសទ្ទតាគឺ ស៑ + អ(ស្រៈកប់នៅខាងក្នុងព្យញ្ជនៈស) + ក៑ ; API/IPA ​/sɒ:ʔ/។ បញ្ជាក់នៅក្នុងសញ្ញាសូរវិទ្យាអន្តរជាតិ សញ្ញាចុចពីខាងមុខស្រៈតំណាងឱ្យស្រៈវែង។ ចំពោះសទ្ទតា ក[k] ជាព្យញ្ជនៈចុងប្រកបដូរសំឡេងជាព្យញ្ជនៈចន្លោះខ្សែសំឡេង រូបAPI [ʔ]។ (Jean-Michel Filippi, Hiep Chan Vicheth វចនានុក្រមបញ្ចេញសូរសំឡេងភាសាខ្មែរ ២០១៦)។ ក្នុងករណីនេះដដែលដើម្បីឱ្យបានស្រៈកប់ អ ខ្លី នៅក្នុងសំណេរខ្មែរយើងបន្តក់ខាងលើព្យញ្ជនៈចុង (ក់)។ យើងអាចបំបែកបាន ស៑ + អ + ក់ / ស៑ + អ់ + ក ; ជាAPI/IPA ​/sɒʔ/។ 
ក្នុងករណីនេះបន្តក់មាននាទីឱ្យស្រៈកប់ អ នៅខាងក្នុងព្យញ្ជនៈ ស ពីសូរវែងទៅសូរខ្លី។

ករណី(ខ) ១.៣ និង ១.៤ ដូចគ្នានឹងករណី(ក)ដែរ ខុសតែត្រង់ព្យញ្ជនៈនៅខាងមុខជាព្យញ្ជនៈតម្រួត គឺ ស្រក - ស្រក់។ ពាក្យ ស្រក យើងអាចបំបែកជាសទ្ទតា ស៑ + រ៑ + អ + ក / ស្រ៑ + អ + ក។ ដូច្នេះស្រៈកប់នៅខាងមុខព្យញ្ជនៈចុង(ក) នៅតែជាស្រៈកបសំឡេង អ ដដែល។ ដែលនាំឱ្យមានការបន្លឺឬការអានដូចគ្នានឹងករណី(ក)។

ករណី(គ) ២.១ និង ២.២ យើងយកពាក្យ លក - លក់ ជាគម្រូក្នុងការវិភាគ។ លក បើយើងបំបែកជាសទ្ទតាគឺ ល + អ៊(ស្រៈកប់នៅខាងក្នុងព្យញ្ជនៈល) + ក៑ ; API/IPA ​/lɔ:k/។ បញ្ជាក់នៅក្នុងសញ្ញាសូរវិទ្យាអន្តរជាតិ សញ្ញាចុចពីខាងមុខស្រៈតំណាងឱ្យស្រៈវែង។ ក្នុងករណីនេះដដែលដើម្បីឱ្យបានស្រៈកប់ អ៊ ខ្លី នៅក្នុងសំណេរខ្មែរយើងបន្តក់ខាងលើព្យញ្ជនៈចុង (ក់)។ យើងអាចបំបែកបាន ល៑ + អ៊ + ក់ / ល៑ + អ៊់ + ក ; ជាAPI/IPA ​/lʊɜʔ /, /lɔk/។ ក្នុងករណីនេះ យើងឃើញថាការបន្លឺសូរមានពីរបៀប ១) សូរ /lɔk/ អ្នកព្រៃវែងជួរមាត់ទន្លេតូចមួយចំនួន និងអ្នកបសេដ្ឋមួយចំនួន។ ២) សូរ /lʊɜʔ/ ជាទូទៅ ពិសេសនៅភ្នំពេញ កំពង់ចាម …។ ក្នុងករណីរបៀប១) បន្តក់មាននាទីឱ្យស្រៈកប់ អ៊ នៅខាងក្នុងព្យញ្ជនៈ ល ពីសូរវែងទៅសូរខ្លី។ ប៉ុន្តែក្នុងករណីរបៀប២) បន្តក់មាននាទីប្ដូរស្រៈកប់ អ៊ នៅក្នុងព្យញ្ជនៈ ល ពីសូរស្រៈទោលទៅសូរស្រៈផ្សំគឺ អ៊/ɔ:/ > ‍~អួ/ʊɜ/។ ចំណែកព្យញ្ជនៈចុង(ក) ប្រែប្រួលសូរដោយសារនៅខាងមុខជាមានសូរស្រៈ ​/ɜ/។ 
ករណី(ឃ) ២.៣ និង ២. ៤ មានលក្ខណៈដូចគ្នានឹងករណី(គ)ដែរ។ ដែលខុសត្រង់នៅខាងមុខមានព្យញ្ជនៈតម្រួតប៉ុណ្ណោះគឺ ជ្រក - ជ្រក។
សន្និដ្ឋាន១៖ កាលណាពាក្យដែលមានព្យញ្ជនៈទោល ឬ ព្យញ្ជនៈផ្សំ(តម្រួត) មានសូរស្រៈ អ កប់នៅខាងក្នុង ហើយដាក់សញ្ញាបន្តក់។ សញ្ញាបន្តក់មាននាទីធ្វើស្រៈ អ សូរវែងទៅជាស្រៈ អ សូរខ្លី។ កាលណាពាក្យដែលមានព្យញ្ជនៈទោល ឬ ព្យញ្ជនៈផ្សំ មានសូរស្រៈ អ៊ កប់នៅខាងក្នុង ហើយដាក់សញ្ញាបន្តក់។ សញ្ញាបន្តក់មាននាទី របៀប១- ធ្វើស្រៈ អ៊ សូរវែងទៅជាស្រៈ អ៊ សូរខ្លី, របៀប២- ធ្វើស្រៈ អ៊ សូរវែងទៅជាស្រៈ ផ្សំ។

ក្រោយពីយើងបានវិភាគស្រៈកប់តួ អ/អ៊ ហើយ។ យើងនឹងបន្តវិភាគស្រៈ អា/អ៊ា ផ្សំនឹងសញ្ញាបន្តក់ទៀត។

ករណី(ង) ៣.១ និង ៣.២ យើងយកពាក្យ សាក - សាក់ ជាគម្រូក្នុងការវិភាគ។ សាក បើយើងបំបែកជាសទ្ទតាគឺ ស៑ + -ា + ក៑ ; API/IPA ​/sa:ʔ/។ ចំពោះសទ្ទតា ក[k] ជាព្យញ្ជនៈចុងប្រកបដូរសំឡេងជាព្យញ្ជនៈចន្លោះខ្សែសំឡេង រូបAPI [ʔ]។ (Jean-Michel Filippi, Hiep Chan Vicheth វចនានុក្រមបញ្ចេញសូរសំឡេងភាសាខ្មែរ ២០១៦)។ ក្នុងករណីនេះដដែលដើម្បីឱ្យបានស្រៈកប់ -ា ខ្លី នៅក្នុងសំណេរខ្មែរយើងបន្តក់ខាងលើព្យញ្ជនៈចុង (ក់)។ យើងអាចបំបែកបាន ស៑ + -ា + ក់ / ស៑ + -ា់ + ក ; ជាAPI/IPA ​/saʔ/។ 
ក្នុងករណីនេះបន្តក់មាននាទីឱ្យស្រៈ -ា នៅខាងជាប់ព្យញ្ជនៈ ស ពីសូរវែងទៅសូរខ្លី។

ករណី(ច) ៣.៣ និង ៣.៤ ដូចគ្នានឹងករណី(ង)ដែរ ខុសតែត្រង់ព្យញ្ជនៈនៅខាងមុខជាព្យញ្ជនៈតម្រួត គឺ ស្រាក - ស្រាក់។ ពាក្យ ស្រាក យើងអាចបំបែកជាសទ្ទតា ស៑ + រ៑ + -ា + ក / ស្រ៑ + -ា + ក។ ដូច្នេះស្រៈ -ា នៅខាងមុខព្យញ្ជនៈចុង(ក) នៅតែជាស្រៈសំឡេង -ា ដដែល។ ដែលនាំឱ្យមានការបន្លឺឬការអានដូចគ្នានឹងករណី(ង)។

ករណី(ឆ) ៤.១ និង ៤.២ យើងយកពាក្យ រាក - រាក់ ជាគម្រូក្នុងការវិភាគ។ រាក បើយើងបំបែកជាសទ្ទតាគឺ រ៑ + -ា + ក៑ ; API/IPA ​/riɜʔ/។ ក្នុងករណីនេះដដែលដើម្បីឱ្យបានស្រៈ -ា៊ ខ្លី នៅក្នុងសំណេរខ្មែរយើងបន្តក់ខាងលើព្យញ្ជនៈចុង (ក់)។ រាក់ យើងអាចបំបែកបាន រ៑ + -ា៊ + ក់ / រ៑ + -ា៊់ + ក ; ជាAPI/IPA ​/reaʔ/។ ក្នុងករណីនេះ យើងឃើញថាតួនាទីរបស់បន្តក់មិនបានធ្វើឱ្យស្រៈវែងទៅជាស្រៈខ្លីទេ គឺប្ដូរសំឡេងស្រៈតែម្ដងគឺ ពីស្រៈផ្សំ អៀ/iɜ/ ទៅ ស្រៈផ្សំ អេ-ៈ/ea/។ ចំណែកព្យញ្ជនៈប្រកបខាងចុងនៅរក្សាសំឡេង/ʔ/ដដែល។

ករណី(ជ) ៤.៣ និង ៤.៤ មានលក្ខណៈដូចគ្នានឹងករណី(ឆ) ដោយគ្រាន់តែព្យញ្ជនៈខាងដើមជាព្យញ្ជនៈតម្រួតប៉ុណ្ណោះ។

សន្និដ្ឋាន២៖ កាលណាពាក្យដែលមានព្យញ្ជនៈទោល ឬ ព្យញ្ជនៈផ្សំ(តម្រួត) មានសូរស្រៈ -ា (សំឡេងពួក អ) ហើយដាក់សញ្ញាបន្តក់។ សញ្ញាបន្តក់មាននាទីធ្វើស្រៈ -ា សូរវែងទៅជាស្រៈ -ា សូរខ្លី។ កាលណាពាក្យដែលមានព្យញ្ជនៈទោល ឬ ព្យញ្ជនៈផ្សំ មានសូរស្រៈ -ា៊ (សំឡេងពួក អ៊) ហើយដាក់សញ្ញាបន្តក់។ សញ្ញាបន្តក់មាននាទីប្ដូរសូរស្រៈផ្សំវែង អៀ/iɜ/ ទៅជាស្រៈផ្សំវែង អេ-ៈ/ea/ វិញ។

ជាបន្ទាប់ យើងនឹងសិក្សាសញ្ញាបន្តក់ដែលមានព្យញ្ជនៈចុងពាក្យក្រៅពី ក។ ព្យញ្ជនៈចុងពាក្យដែលអាចទទួលបន្តក់មាន ក ង ច ញ ត ន ប ល ស។ ដោយសារករណីព្យញ្ជនៈប្រកបចុងពាក្យជា ក យើងបានសិក្សារួមហើយ ដូច្នេះយើងសិក្សាលើព្យញ្ជនៈប្រកបចុងពាក្យ៨ទៀត។ មុននឹងហើយសិក្សាវិភាគ យើងនឹងពិនិត្យលើទិន្នន័យជាឧទាហរណ៍ខាងក្រោម។
៥.១- កង ចង ដង ផង សង ; ក្រង ល្បង ស្មង ឆ្លង
៥.២- កង់ ចង់ សង់ ; ស្រង់ ប្លង់ ឆ្វង់
៥.៣- គង លង រង ; គ្រង ឆ្គង 
៥.៤- គង់ លង់ រង់ ; ទ្រង់ ឆ្ពង់ ឃ្លង់
៥.៥- កាង ខាង សាង ; ស្រាង ស្វាង 
៥.៦- – – –
៥.៧- ពាង លាង រាង គាង ; ព្រាង ឃ្មាង
៥.៨- – – – 
ករណី(ឈ) ៥.១ និង ៥.៣ ដែលមានព្យញ្ជនៈប្រកបចុងពាក្យជា ង យើងឃើញពាក្យមានបន្តក់និងគ្មានបន្តក់មានភាពប្រឈមផ្នែកន័យ។ ដូចករណី(ក)ដែរ ប៉ុន្តែខុសត្រង់ករណីនេះព្យញ្ជនៈ ង ចុងពាក្យមិនមានប្រែប្រួលសូរ។ ដូច្នេះបន្តក់មាននាទីឱ្យស្រៈកប់ អ នៅខាងក្នុងព្យញ្ជនៈប្រកបដើមមានសូរខ្លី។
ករណី(ញ) ៥.៣ និង ៥.៤ យើងនឹងវិភាគលើពាក្យពីរជាគម្រូគឺ គង - គង់។ គង មានស្រៈ កប់តួ អ៊ វែងនៅក្នុងព្យញ្ជនៈដើម គ មានសូរវែងដដែល។ ឯស្រៈកប់តួនៅក្នុងពាក្យ គង់ យើងឃើញមានការបន្លឺសូរ៣យ៉ាង ១)បន្តក់កាត់សូរស្រៈកប់តួ អ៊ នៅក្នងព្យញ្ជនៈដើមពាក្យ គ ឱ្យខ្លីគឺ kɔːŋ > kɔŋ។ ២)បន្តក់បានប្ដូរពីស្រៈកប់តួ អ៊ វែងនិងទោល ទៅជាស្រៈខ្លីនិងទោលគឺ kɔːŋ >  kʊŋ។ (Jean-Michel Filippi, Hiep Chan Vicheth វចនានុក្រមបញ្ចេញសូរសំឡេងភាសាខ្មែរ ២០១៦)។ ឯ ៣)បន្តក់បានប្ដូរពីស្រៈកប់តួ អ៊ វែងនិងទោល ទៅជាស្រៈផ្សំវែង kɔːŋ > kʊɜŋ។ នៅក្នុងចំណុចនេះមានលក្ខណៈបន្លឺដូចគ្នា ករណី(គ) ដោយគ្រាន់តែព្យញ្ជនៈ ង មិនប្រែប្រួលសូរដូច ព្យញ្ជនៈ ក។
ករណី(ដ) ៥.៥ មានការប្រកប -ា និងព្យញ្ជនៈចុងព្យាង្គ ង។ ប៉ុន្តែការបង្កើតសូរខ្លីស្រៈ - ា មិនឃើញមានប្រើបន្តក់ គឺប្ដូររូបសំណេរ ពី បន្កក់ទៅជាវណ្ណយុុត្តដំលើ(-ំ)នៅខាងលើស្រៈ -ា វិញ។ នេះបើយោងតាមអ្នកសិក្សាមុនៗមាន៖ព្រុំ ម៉ល់ វេយ្យាករណ៍ទម្រង់និយមនៃភាសាខ្មែរទំនើប ២០០៦ ទំ.៣៨ ជាដើម។ ដូច្នេះនៅក្នុងសំណេរខ្មែរករណី -ា + ង់ > -ាំ + ង គឺ បន្តក់(-់) ប្ដូរជាដំលើឬនិគ្គហិត(-ំ)។ ឯសូរនៅរក្សាលក្ខណៈបន្លឺដដែល ; សាង/sa:ŋ/ - សាង់/saŋ/។ ដែលនាំឱ្យយើងបន្ថែមសំណេរ ៥.៦- កាំង សាំង បាំង ; ប្រាំង ក្រាំង 
ករណី(ឋ) បើមើលតាមលក្ខណៈមិនខុសអ្វីពីចំណុច(ដ)ទេ ចំណែកសូរបន្លឺឬការអាន បើយើងយោងទៅករណី(ច) រាក - រាក់ គឺ /riɜʔ/ > /reaʔ/។ ដូច្នេះ គាង - គាំង /riɜŋ/ > /reaŋ/ ដែលបន្តក់ប្រែរូបជានិគ្គហិត យើងអាចសរសេរនៅក្នុង ៥.៦- គាំង វាំង ទាំង ; ទ្រាំង ស្គាំង។ 
សន្និដ្ឋាន៣៖ កាលណាពាក្យដែលមានព្យញ្ជនៈទោល ឬ ព្យញ្ជនៈផ្សំ(តម្រួត) មានស្រៈកប់តួ អ/អ៊ ហើយផ្សំនឹងព្យញ្ជនៈចុង ង បន្តក់មាននាទី ១)ធ្វើស្រៈកប់តួ អ វែងទៅជាស្រៈកប់តួ អ ខ្លី។ ២) ធ្វើស្រៈកប់តួ អ៊ វែងទៅជាស្រៈកប់តួ អ៊ ខ្លី ឬ ប្ដូរការបន្លឺថ្មី អាចខ្លីឬផ្សំតាមតំបន់។ ហើយសូរស្រៈ -ា (សំឡេងពួក អ/អ៊) ដើម្បីបានសូរស្រៈខ្លី គេមិនសរសេរនឹងបន្តក់ទេ គេប្ដូរជាកនិគ្គហិតវិញ។ ហើយនិគ្គហិតនោះមានននាទីធ្វើស្រៈ -ា សូរវែងទៅជាស្រៈ -ា សូរខ្លី។ កាលណាពាក្យដែលមានព្យញ្ជនៈទោល ឬ ព្យញ្ជនៈផ្សំ មានសូរស្រៈ -ា៊ (សំឡេងពួក អ៊) ហើយដាក់សញ្ញាបន្តក់។ សញ្ញាបន្តក់មាននាទីប្ដូរសូរស្រៈផ្សំវែង អៀ/iɜ/ ទៅជាស្រៈផ្សំវែង អេ-ៈ/ea/ វិញ។
៦.១- ប៉ច ; ច្រច
៦.២- – – – 
៦.៣- – – – 
៦.៤- ញច់ ទច់ ជច់ ; ភ្ញច់ 
៦.៥- បាច កាច សាច ; ខ្លាច ស្នាច ខ្នាច ត្រាច
៦.៦- កាច់ សាច់ បាច់ ម៉ាច់ ; ស្មាច់ ផ្ដាច់ ច្រាច់ ត្រាច់ ខ្នាច់
៦.៧- ទាច រាច វាច ; ល្ងាច ព្រាច
៦.៨-  – – –

ចំពោះព្យញ្ជនៈប្រកបចុងជា ច មានលក្ខណៈដូចគ្នាច្រើននឹងករណីខាងលើៗ ប៉ុន្តែមានភាពដោយឡែក
ករណី(ឌ) ៦.១ និង ៦.២ ប្រសិនបើយើងសាកល្បងដាក់បន្តក់លើចំណុច ៦.១ នោះយើងនឹងសរសេរបាននៅចំណុច ៦.២- ប៉ច់ ; ច្រច់។ (មិនមាននៅក្នុងសំណេរវចនានុក្រមទេ) បើយោងទៅលើសូរនៃចំណុចទាំងពីរ យើងយល់ថាមិនមានការប្រែប្រួលន័យទេ ទោះបីជាថា៖ ប៉ច ឬ ប៉ច់ ក៏នៅតែមិនស្ដែងន័យថ្មីណាមួយដូចករណីខាងលើៗដូចយ៉ាង កក - កក់ គឺស្ដែងន័យខុសគ្នា។
ករណី(ឍ) ៦.៣ និង ៦.៤ ផ្ទុយពីករណី(ឌ)ត្រង់មិនមានសំណេរសូរវែងទៅវិញ។ បើសិនជាយើងសាកល្បងលុបបន្តក់នៅក្នុងចំណុច ៦.៤ នោះយើងអាចសរសេរនៅចំណុច ៦.៣- ទច ញច ; ភ្ញច។ សូរបែបនេះមិនមានន័យនៅក្នុងភាសាខ្មែរទេ ដូច្នេះមិនមានសំណេរជារឿងធម្មតា។ យើងនឹងសាកល្បងទាញចេញពីចំណុច ៦.៣ ដោយយកពាក្យពីរមកសិក្សា ទច់ ភ្ញច់ ពាក្យពីនេះមានការបន្លឺឬការអានដូចករណី(ក)និង(ញ)គឺមានបីទម្រង់ ១) បន្តក់បានប្ដូរពីស្រៈកប់តួ អ៊ វែងនិងទោល ទៅជាស្រៈខ្លីនិងទោលគឺ kɔːŋ > kɔŋ។ ២) បន្តក់បានប្ដូរពីស្រៈកប់តួ អ៊ វែងនិងទោល ទៅជាស្រៈខ្លីនិងទោលគឺ kɔːŋ >  kʊŋ។ ៣) បន្តក់បានប្ដូរពីស្រៈកប់តួ អ៊ វែងនិងទោល ទៅជាស្រៈផ្សំវែង kɔːŋ > kʊɜŋ។ ដោយទម្រង់ ១) យើងទាញឱ្យជាសូរវែងមិនមាននៅក្នុងភាសាខ្មែរ ដូច្នេះយើងនឹងសាកល្បងទៅលើទម្រង់ ២) ញច់ /ɲʊc/ យើងទាញចេញពីអំណានឬការបន្លឺសូរនេះ នោះយើងនឹងបានសូរវែង ញោច /ɲʊ:c/ ពាក្យញោចមានន័យនៅក្នុងភាសាខ្មែរ ហើយពាក្យនេះទៀត អាចមានការបន្លឺសូរ ញួច /ɲʊɜc/ ដែលត្រូវនឹងទម្រង់ ៣)។ 
ករណី(ណ) ត្រង់ចំណុង ៦.៥, ៦,៦, ៦,៧ យើងឃើញថាមានលក្ខណៈបន្លឺ ឬអានដូចករណីខាងលើដែរ ប្លែកតែករណីនេះត្រង់ចំណុង ៦.៨ មិនមាននៅក្នុងសំណេរខ្មែរ ហើយពាក្យសូរបែបនេះក៏មិនធ្លាប់បានយល់។ ដូច្នេះយើងសន្និដ្ឋានថា មិនមានសំណេរបែបនេះ ហើយក៏គ្មានទម្រង់បែបណាមួយផ្សេងដើម្បីនឹងកត់ត្រាដូររូបពីបន្តក់ទៅនិគ្គហិត ឬពីសូរស្រៈពាក់កណ្ដាលបិទ(អ៊)ទៅសូរស្រៈស្ទើរបិទទាំងស្រុង(អ៊ុ)ដែរ ; ɔ > ʊ ។

៧.១- អញ ; – – --
៧.២- – – –
៧.៣- – – – 
៧.៤- ទញ់ លញ់ ; ជ្រញ់ ផ្ទញ់
៧.៥- តម្បាញ បាញ សាញ ; ក្រាញ ត្បាញ
៧.៦- ចាញ់ ង៉ាញ់ បាញ់ ; ក្រាញ់ ខ្មាញ់ ឆ្ងាញ់
៧.៧- ជាញ ជំហាញ ទាញ ; – –
៧.៨- – – – 

ករណី(ត) ចំណុច៧.១ សរសេរ អញ ជាទម្រង់អានសូរស្រៈកប់តួ អ វែង តែបែរអានបែបផ្សែងទៅវិញ អាញ់ នៅក្នុងវចនានុក្រមជា អញ្ញត្រសព្ទ(ពាក្យសរសេរផ្សេងអានផ្សេង ឬ ពាក្យដោយឡែកពីគេ)។ ក្រៅពីពាក្យ អញ ចេញ យើងយល់ឃើញថាពីចំណុច៧.១ដល់៧.៨ មានទម្រង់និងលក្ខណៈដូចគ្នាទាំងស្រុងទៅនឹងព្យញ្ជនៈប្រកបចុង ច ដែរ។

ចំពោះចំណុច ៨.១ដល់១២.៨ យើងឃើញមានលក្ខណៈរួមតែមួយ ហើយមានលក្ខណៈដូចគ្នាទៅនឹងលក្ខណៈខាងលើត្រង់ករណីព្យញ្ជនៈចុងប្រកប ង។ ខុសត្រង់តែព្យញ្ជនៈប្រកបចុង ង មានដូរទម្រង់សំណេរ ពីបន្តក់ទៅនិគ្គហិតប៉ុណ្ណោះ។ ដូច្នេះ ហើយមិនសិក្សាអ្វីទៀតទេ ព្រោះមិនចង់ឱ្យអត្ថបទវែងពេក។ មួយវិញទៀត ព្យញ្ជនៈប្រកបចុង ប និង ស មានការប្រែប្រួលសូរពី ប > ប៉, ស > ហ ប៉ុន្តែមិនមានប្រែប្រួលសូរស្រៈឱ្យប្លែកឡើយ។

៨.១- ឡត ផត ចត ថត ; ស្វត ខ្តត
៨.២- អត់ ចត់ ; ច្រត់ 
៨.៣- លត ទត កំពត ; – – 
៨.៤- លត់ រត់ ពត់ ; – –
៨.៥- កាត ខាត កន្លាត ; ថ្មាត ស្អាត ខ្នាត ក្អាត
៨.៦- កាត់ បាត់ ខាត់ ; ក្អាត់ 
៨.៧- គាត លាត ; ព្រាត ឃ្លាត
៨.៨- គាត់ មាត់ លាត់ ; ព្រាត់ ភ្លាត់ ស្ទាត់ 

៩.១- កន ខន បន ; – –
៩.២- បន់ ; ស្រន់ ស្មន់ 
៩.៣- គន វាំងនន មន ; ភ្លន 
៩.៤- ទំងន់ ពន់ គន់ ទន់ ; ធ្ងន់ 
៩.៥- កាន ខាន ឡាន បាន ; ល្បាត 
៩.៦- កាន់ ; ខ្មាន់ 
៩.៧- ឈាន មាន លាន ពាន ; គ្មាន ព្រាន ឃ្្លាន
៩.៨- ជាន់ មាន់ ទាន់ ; ទ្រាន់ ល្ងាន់ ឈ្នាន់ 

១០.១- កប អប របប ; ក្រប ប្រប ខ្លប ឆ្មប
១០.២- កប់ អប់ ; ស្អប់ ស្កប់ ខ្ចប់
១០.៣- លប ; គ្រប ខ្ទប
១០.៤- លប់ យប់ គប់ ឈប់ ; គ្រប់ ខ្ទប់
១០.៥- ចាប សាប សំណាប ; ក្រាប ស្ងាប ស្លាប
១០.៦- ចាប់ ខាប់ កាប់ ; ប្រាប់ ស្នាប់ ស្លាប់
១០.៧- គាប លាប ទាប រាប ;  ជ្រាប
១០.៨- គាប់ ងាប់ រាប់ ; ធ្លាប់ ធ្នាប់ គ្រាប់ ខ្ជាប់

១១.១- ខល ស៊ីធីម៉ល; ស្នល
១១.២- អល់ ដល់ សល់ ; ឆ្ងល់ ផ្ដល់ ខ្វល់ 
១១.៣- ភល រល ; – –
១១.៤- រវល់ ពល់ យល់ ; ភ្ជល់ ភ្ញល់
១១.៥- ខាល ចាល ហាល ដាល ; ច្រាល ស្កាល ក្រាល ថ្នាល
១១.៦- បាល់ កាល់ ឆាល់ ដាល់ ; ក្រាល់ ខ្ញាល់ ច្រាល់ 
១១.៧- ជាល រមាល ទាល ; ជ្រាល ទ្រាល ព្រាល
១១.៨- គាល់ ទាល់ ; ថ្ពាល់ ស្គាល់ ភ្នាល់

១២.១- ផស ; ច្រស ប្រស
១២.២- អស់ របស់ ; ក្លស់ ប្រស់ ត្រស់
១២.៣- គ្រលស ; – –
១២.៤- រស់ ទស់ ពស់ ; ឈ្នល់ ធ្នស់
១២.៥- កាស ផាស  ; ក្រាស ច្រាស ឆ្នាស
១២.៦- ចាស់ ; ក្រាស់ ខ្ចាស់ ម្ចាស់
១២.៧- មាស ពាស វាស ; ជ្រាស គ្រាស
១២.៨- លាស់ វាស់ រាស់ ; ខ្ទាស់ ភ្ញាស់

សន្និដ្ឋានរួម៖ បន្តក់នៅក្នុងសំណេរខ្មែរមាននាទី
កាត់សូរស្រៈកប់តួ អ វែង ទៅជាស្រៈកប់តួ អ ខ្លី ; sɒːŋ > sɒŋ
កាត់សូរស្រៈកប់តួ អ៊ វែង ទៅជាស្រៈកប់តួ អ៊ ខ្លី ឬ សូរស្រៈថ្មី គឺ អ៊ុ/ អួៈ ; kɔːŋ > kɔŋ / kʊŋ / kʊɜŋ
កាត់សូរស្រៈទាញយារ (-ា) សំឡេង អា វែងឱ្យទៅជាសំឡេងខ្លី ; ka:n > kan
ប្ដូរសូរស្រៈទាញយារ (-ា) មានព្យញ្ជនៈប្រកបចុងជា ក ឬ ង ប្ដូរសំឡេង អៀ វែងទៅជាសំឡេងវែងថ្មីមួយទៀត អេ-អា; riɜʔ > reaʔ។
ប្ដូរសូរស្រៈទាញយារ (-ា) មានព្យញ្ជនៈចុងជា ច ញ ត ន ប ល ស ប្ដូរសំឡេង អៀ វែងទៅជាសំឡេងថ្មីមួយទៀត អ៊-អា ; liɜn > lɔan
ពាក្យដែលសរសេរបន្តក់ជាមួយព្យញ្ជនៈប្រកបចុង ច និង ញ មិនសូវមាន
ពាក្យដែលសរសេរទាញយារផ្សំនឹងព្យញ្ជនៈប្រកបចុង ង មិនប្រើបន្តក់ ប្រើនិគ្គហិត(-ំ)ជំនួសវិញ។

បើយោងទៅលើភាពទូទៅនៃសំណេរនិងសំណូរអានខាងលើ យើងអាចទាញចេញជាលក្ខណៈឆ្លងលើព្យញ្ជនៈប្រកបចុងជា ម យ វ
១៣.១- កម សម ; ច្រម ប្លម ថ្នម
១៣.២- ខំ សំ ; ច្រំ ស្អំ
១៣.៣- គម ជម ; ល្មម ជ្រម ល្មម ទ្រម
១៣.៤- លំ អ៊ំ ; ភ្នំ គ្រំ
១៣.៥- សាម ដាម ហាម ; ឆ្លាម ស្នាម 
១៣.៦- សាំ ដាំ ; ស្រាំ ឆ្នាំ ថ្នាំ
១៣.៧- រាម ពាម ឈាម ទាម ;  ព្រាម ភ្លាម
១៣.៨- រាំ នាំ ពាំ ; ព្រាំ ជ្រាំ ឃ្លាំមើល ទ្រាំ
ករណី(ថ) ១៣.១ និង ១៣.២ យើងនឹងយកពាក្យពីរមកសិក្សាជាគម្រូគឺ សម និង សំ។ សម មាន ស ជាព្យញ្ជនៈមុខ ហើយព្យញ្ជនៈ ស មានស្រៈកប់តួ អ វែង រួចផ្សំនឹងព្យញ្ជនៈក្រកបចុង ម បង្កើតបានជាពាក្យសូរស្រៈកប់តួ អ វែង ; sɒ:m។ ចំណែក សំ មានវណ្ណយុត្តឬនិគ្គហិត(-ំ) ដែលហៅថាស្រៈ អំ។ ប៉ុន្តែបើយោងតាមសូរព្យញ្ជនៈប្រកបមុខ ស មានស្រៈកប់តួ អ ខ្លី រួចផ្សំនឹងសូរ ម ឬ ព្យញ្ជនៈប្រកបចុង ម បង្កើតបានជាសូរស្រៈកប់តួ អ ខ្លី ; sɒ:m។
ដូច្នេះ សម មានស្រៈកប់តួ អ វែង, ហើយ សម់ មានស្រៈកប់តួ អ ខ្លី ដោយសារបន្តក់កាត់សូវវែង អ ទៅជាសូរខ្លីវិញ។ ករណីបែបនេះ ក្នុងសំណេរភាសាពាក្យខ្មែរត្រូវដូរព្យញ្ជនៈប្រកបចុង ម ជាវណ្ណយុត្តដំលើ(-ំ)។  យើងបាន (-ំ = -ម៑)

ករណី(ទ) ១៣.៣ និង ១៣.៤ ព្យញ្ជនៈប្រកបចុង ម មានទម្រង់និងប្រែរូបពី ម ទៅជានិគ្គហិតជំនួសឱ្យប្រើសញ្ញាវណ្ណយុត្តបន្តក់នៅពីលើព្យញ្ជនៈ ម។ ប៉ុន្តែនៅក្នុងបំណកស្រាយ យើងនឹងប្រើតួព្យញ្ជនៈ ម ដើម្បីញែកពន្យល់ ដោយយើងលើកយកពាក្យ គម ដែលមានព្យញ្ជនៈ គ + ស្រៈកប់តួ អ៊ + ម ; kɔ:m។ បើយើងធ្វើស្រៈកប់តួ អ៊ ដោយបន្តក់ នោះយើងបាន គម់ ; kɔm។ ករណីនេះ គម់ / គំ មានការបន្លឺពីរយ៉ាង ១) kɔm នៅរក្សាសូរ អ៊ ដដែលគ្រាន់តែវែងនិងខ្លី ២) kʊm ប្ដូរសូរបន្លឺឬការអានពី អ៊ > អ៊ុ ដូចគ្នានឹងករណីខាងលើៗដូចយ៉ាងករណី(ញ) លែកលែងតែការបន្លឺបែបនេះ គួម ; kʊɜm ត្បិតតែមិនដែលជួបប្រទះ ប៉ុន្តែលទ្ធភាពបន្លឺសូរបែបនេះអាចមាន ឬក៏មានផងក៏ថាបានគ្រាន់តែខ្ញុំមិនដែលដឹង?។

ករណី(ធ) ១៣.៥ និង ១៣.៦ មិនមានអ្វីប្លែកខ្លាំងទេ ដោយគ្រាន់តែដូរពីស្រៈ -ា (សូរ អា) វែងទៅជា ស្រៈ -ា (សូរ អា) ខ្លីប៉ុណ្ណោះ។ ហើយ ម ផ្លាស់ជានិគ្គហិត (-ំ)ដូចករណី(ថ) (ទ)ដែរ។

ករណី(ន) ១៣.៧ និង ១៣.៨ យើងយកពាក្យ រាម និង រាំ មកវិភាគ។ រាម មាន រ + ា + ម ; riɜm។ ចំណែក រាំ មាន រ + ា + ំ ; rɔam។ យើងយោងទៅលើករណីខាងលើៗក្នុងទម្រង់ ព្យ.ពួកអ៊ផ្សំនឹងទាញយារផ្សំនឹងបន្តក់ផ្សំនឹងព្យញ្ជនៈចុងណាមួយ ; ព្យ.អ៊ + ា់ + ព្យ. ; -ា៊ > អោ-អា ; iɜ > ɔa។ 
សន្និដ្ឋាន៤៖ ព្យញ្ជនៈក្រកបចុង ម អាចទទួលបន្តក់បាន ប៉ុន្តែនៅក្នុងសំណេរមិនប្រើ ដោយយកវណ្ណយុត្តដំលើឬនិគ្គហិតជំនួសវិញ។

១៤.១- កយ សយ ; – –
១៤.២- – – –  
១៤.៣- គយ ញយ រយ ; ព្រយ 
១៤.៤- – – –
១៤.៥- កាយ សាយ បាយ ; ស្រាយ ក្លាយ
១៤.៦- កៃ សៃ ; ថ្លៃ 
១៤.៧- រាយ លាយ ; ជ្រាយ ព្រាយ ធ្លាយ
១៤.៨- – – – 

១៥.១- – – – 
១៥.២- – – – 
១៥.៣- – – –
១៥.៤- – – –
១៥.៥- កាវ អាវ ចាវ ; ត្រាវ ស្រាវ 
១៥.៦- កៅ ចៅ ; ស្មៅ / ត្រូវ ស្រូវ ផ្លូវ
១៥.៧- គាវ រាវ ; ជ្រាវ ព្រាវ ភ្លាវ
១៥.៨- រាងរៅ នៅ ទៅ ; ជ្រៅ ព្រៅ ភ្លៅ ភ្នៅ

ករណី(ប) ពីចំណុច១៤.១ដល់១៥.៨ យើងមិនទាន់ហ៊ានសន្និដ្ឋានបានទេ ដោយសារលក្ខណៈនៃអំណាននិងសំណេរប្លែកគ្នាខ្លាំងពេក ដូច្នេះយើងមិនសិក្សាបន្តទៅ ដោយយើងនឹងលើកទៅសិក្សាប្រៀបធៀបក្នុងពេលដែលយើងសិក្សាអំពីវណ្ណយុត្តផាត់លើ(-័) បើសិនជាមានតម្រុយណាមួយច្បាស់ការណ៍ យើងនឹងវិភាគវែកញែកឱ្យស៊ីជម្រៅ។

ញ៉.ផ.សុផេន
០៧ ធ្នូ ២០២៤


Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ