វណ្ណយុត្ត-ធ្មេញកណ្ដុរ

 វណ្ណយុត្ត-ធ្មេញកណ្ដុរ/មូសិកទន្ត

វណ្ណយុត-ធ្មេញកណ្ដុរ/មូសិកទន្ត
ដូចដែលយើងដឹងហើយថាលក្ខណៈនៃប្រព័ន្ធសំណេររបស់ភាសាខ្មែរយើងមានលក្ខណៈពិសេស ដោយឡែកផ្ទាល់ខ្លួន ហើយមានការកែសម្រួលដើម្បីសម្រួលដល់ការសិក្សារៀនសូធ្យ ប៉ុន្តែការកែសម្រួល នោះបានោះស្រាយបញ្ហាបាន ឯខ្លះទៀតបែរជាបង្កបញ្ហាទៅអនាគតវិញ ឬក៏មិនទាន់អាចដោះស្រាយបាន ជាមូលមតិគ្នានៅឡើយដោយមានការជជែកពិភាក្សាគ្នាបន្តទៀតដូចជា៖ អាម៉េរិក/អាមេរិក ទាំងពីរសុទ្ធតែ ធ្លាប់ឃើញដូចគ្នា។ ចំពោះសំណេរបែបនេះនាំឱ្យយើងចោទសួរជាសំណួរថា៖
១) បើសរសេរ អាម៉េរិក តើសំឡេង -រិក ត្រូវអានយ៉ាងដូចម្ដេច -រិក/-រ៉ិក?
២) បើសរសេរ អាមេរិក តើសំឡេងអានយ៉ាងដូចម្ដេច អាម៉េរ៉ិក/អាមេរិក?
ហេតុអ្វីបានជាត្រូវអានដូចនោះ? 
តើមានប្រព័ន្ធណាមួយដែលអាចឱ្យយើងដឹងដោយប្រាដកឬទេ?

ដើម្បីនឹងឆ្លើយសំណួរខាងលើ យើងគួរគាប្បីពិនិត្យមើលលើការសិក្សានានាជាមុនសិន ដើម្បី ជាទុនដល់ការសិក្សាមួយខិតទៅជិតភាពត្រឹមត្រូវ។ វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ
ក្នុងនិទានសម្រាប់បោះគ្រាទី៥ ត្រង់ខ៩_ អក្សរជាអឃោសៈនៅពីខាងដើមឬពីខាង អក្សរដែលត្រូវសម្លាប់ ទើបមានសំឡេងតូចគឺ ង, ញ, ន, ម, យ, រ, ល, វ មិនត្រូវសម្លាប់ដោយ មូសិកទន្ត(៉)នេះទេ ដូចជា កិរិយា, ចរិយា, សម្ងាច, សម្ញែង, ខ្នាត, ក្មេង, សន្យា, ស្រេក, ស្លា, ស្វាយ ជាដើម។ ប៉ុន្តែ សម៉, ម៉ដ្ឋ ជាដើម ត្រូវសរសេរយ៉ាងនេះ។
មូសិកទន្ត (មូសិកៈទ័ន) ន. (បា. < មូសិក “កណ្តុរ” + ទន្ត “ធ្មេញ”; សំ. មូឞិក–)។ ធ្មេញកណ្ដុរ។ ខ្មែរប្រើពាក្យនេះជាវណ្ណយុត្តិមួយប្រភេទមានរូបជាគំនូសក្បៀសពីរ សណ្ឋានស្រដៀងនឹងធ្មេញ កណ្ដុរ(៉) នេះសម្រាប់ប្រើសម្លាប់បំបែរសំឡេងព្យញ្ជនៈ៩តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ ឱ្យមាន សំឡេងជា ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; និងប្រើដាក់ពីលើស្រៈ ិ ឱ្យជា ឺ។ (ម.ព. ធ្មេញកណ្ដុរ ផង)។
ធ្មេញកណ្ដុរ ន. ឈ្មោះគ្រឿងវណ្ណយុត្តិមួយប្រភេទ(៉) សម្រាប់សម្លាប់៩តួគឺ ង, ញ, ន, ប, ម, យ, រ, ល, វ បំបែរសូរឱ្យខុសពីសំឡេងប្រក្រតីគឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉; ប៉ុន្តែបើមានស្រៈឬនិគ្គហិតនៅពីលើត្រូវយកធ្មេញកណ្ដុរមកដាក់ខាងក្រោមវិញ ដូចយ៉ាង ង៉ិកង៉ក់, ញ៉ាំញ៉ើ, ប៉ិនប៉ៅ ជាដើម (ម.ព. មូសិកទន្ត ផង)។
បើយើងមើលលក្ខណៈទូទៅរបស់វចនានុក្រម យើងឃើញថា៖ កាលបើព្យញ្ជនៈនៅខាងដើម ហើយត្រូវកត់សំឡេងដែលបន្លឺចេញជាពួកអ នោះត្រូវប្រើធ្មេញកណ្ដុរ ដូចជា ម៉ែ ដោយយើងបន្លឺតាមពួកអ ដូច្នេះ ម ត្រូវ ប្ដូរសំឡេងដោយប្រើធ្មេញកណ្ដុរដើម្បីឱ្យ ែ មានសំឡេងអ។
មិនមានសំណេរប្រើធ្មេញកណ្ដុរលើព្យញ្ជនៈ ល ន ទេ ប៉ុន្តែឆ្លើយតបនឹងនិយាយត្រង់ខ៩។ យើងឃើញរបៀបផ្សេងវិញដោយមិនប្រើធ្មេញកណ្ដុរ ដោយយកព្យញ្ជនៈផ្សេងត្រួតពីលើ ដូចជា៖ ហ្ល ហ្ន បែបនេះវិញ ហើយព្យញ្ជនៈផ្សេងៗមានការប្រើប្រាស់។ កាលបើព្យញ្ជនៈនៅកណ្ដាលឬ ព្យញ្ជនៈតម្រួតដូចជា ក្នុង ដូចនេះ ្ន មិនប្រើធ្មេញកណ្ដុរទេ ព្រោះមានព្យញ្ជនៈកត្រួតពីលើហើយ។ 
កាលបើព្យញ្ជនៈនៅជាប្រកបជាព្យាង្គទីពីរឡើងទៅមិនប្រើធ្មេញកណ្ដុរដែរដូចជា កុមារ កុមារី ដូចនេះ ដោយសារមានតួព្យញ្ជនៈក នៅព្យាង្គទីមួយជាពួកអហើយ។

នៅក្នុងការសិក្សាអំពីធ្មេញកណ្ដុរ យើងត្រូវយល់អំពីលក្ខណៈទូទៅនៃព្យញ្ជនៈខ្មែរជាមុនសិន ព្យញ្ជនៈខ្មែរទាំង៣៣តួ គេចែកជា២ក្រុម(ឃោសៈ អឃោសៈ) ឬមូលភេទអ-អ៊។ ចំពោះយើង យើងនឹងមិននិយាយឃោសៈអឃោសៈទេ ពីព្រោះន័យរបស់ពាក្យពីរនេះទាក់ទងនឹងសូរវិទ្យាដែលមាន សំឡេងញ័រចន្លោះខ្សែសំឡេង ដូច្នេះយើងមិនប្រើដើម្បីពន្យល់លក្ខណៈសំណេរនោះឡើយ។ យើងនឹង ប្រើពាក្យមូលភេទដែលមានគេប្រើយូរមកហើយដូចជាលោក កេង វ៉ាន់សាក់ជាដើម។ 
មូលភេទអ-អ៊ ជាលទ្ធផលដែលដូនតាបានដាំស្លចេញពីឫសដើមឃោសៈអឃោសៈពីប្រព័ន្ធ សំស្ក្រឹត៖ 
ក ខ គ ឃ ង
ច ឆ ជ ឈ ញ
ដ ឋ ឌ ឍ ណ
ត ថ ទ ធ ន
ប ផ ព ភ ម
យ រ ល វ 
ឝ ឞ ស ហ
អឃោសៈ១៣តួ - កខ ចឆ ដឋ តថ បផ ឝ ឞ ស
ឃោសៈ២០តួ - គឃង ជឈញ ឌឍណ ទធន ពភម យរលវ ហ។ (ហួត តាត វេយ្យាករណ៍សំស្ក្រឹត ១៩៥៦ ពុទ្ធសាសនបណ្ឌិត្យ)

បាលី៖
        ក ខ គ ឃ ង
ច ឆ ជ ឈ ញ
ដ ឋ ឌ ឍ ណ
ត ថ ទ ធ ន
ប ផ ព ភ ម
យ រ ល វ 
ស ហ ឡ -ំ
អឃោសៈ១១តួ - កខ ចឆ ដឋ តថ បផ ស
ឃោសៈ២១តួ - គឃង ជឈញ ឌឍណ ទធន ពភម យរលវ ហឡ
-ំ មិនរាប់ថាជាឃោសៈអឃោសឡើយ ហៅថាឃោសាឃោសវិមុត្ត។ (ជួន ណាត កច្ចាយនូបត្ថម្ភកៈ ភាគ១ ១៩៥១ គ្រា៥)

ខ្មែរ៖ 
        ក ខ គ ឃ ង
ច ឆ ជ ឈ ញ
ដ ឋ ឌ ឍ ណ
ត ថ ទ ធ ន
ប ផ ព ភ ម
យ រ ល វ 
ឝ ឞ ស ហ ឡ -ំ
ក្លាយមកបច្ចុប្បន្ន
        ក ខ គ ឃ ង
ច ឆ ជ ឈ ញ
ដ ឋ ឌ ឍ ណ
ត ថ ទ ធ ន
ប ផ ព ភ ម
យ រ ល វ 
ស ហ ឡ អ
មូលភេទអ១៥តួ កខ ចឆ ដឋណ តថ បផ សហឡអ
មូលភេទអ៊១៨តួ គឃង ជឈញ ឌឍ ទធន ពភម យរលវ

ជាគូរបស់មូលភេទអអ៊ កគ ខឃ ចជ ឆឈ ដឌ ឋឍ តទ ថធ ផភ ណន ឡល ឯផ្សេងទៀតមិនមានគូនៅក្នុងមូលភេទដូច្នេះដូនតាបង្កើតវណ្ណយុត្តធ្មេញកណ្តុរ ដើម្បីបង្គ្រប់គូឱ្យ ព្យញ្ជនៈមូលភេទអ៊គឺ ង៉ង ញ៉ញ ម៉ម យ៉យ រ៉រ វ៉វ ហើយនឹងបង្កើតវណ្ណយុត្តត្រីសព្ទដើម្បីនឹង បង្គ្រប់គូឱ្យព្យញ្ជនៈមូលភេទអគឺ សស៊ ហហ៊ អអ៊។ ចំពោះបវគ្គ(បផពភម) តាមលំដាប់ដើម បព ជាគូ១, ផភ ជាគូ១ ប៉ុន្តែសព្វថ្ងៃ បប៊ ប៉ព ដូចនេះធ្មេញកណ្ដុរបំលែងព្យញ្ជនៈមូលភេទណាមួយ ឱ្យក្លាយជាមូលភេទអ។ បើយើងយោងទៅលើសូរវិទ្យា បប៊ ជាព្យញ្ជនៈឃោសៈខ្យល់ស្ទះចូល, ប៉ព ជាព្យញ្ជនៈអឃោសៈខ្យល់ស្ទះចេញ។ 
សូមបញ្ជាក់- យើងមិនសិក្សាឱ្យស៊ីជម្រៅដល់ទំនាញសូរទេ ប៉ុន្តែជាធាតុមួយចាំបាច់ដែលមាន មតិទាក់ទងនឹងធ្មេញកណ្ដុរ ដូច្នេះយើងនឹងលើកយកមកទុកជាការបង្ហាញប្រៀបធៀបប៉ុណ្ណោះ។ 
កម្រិត២ ទំនាញសូរកើតឡើងនៅក្នុងកម្រិតនៃការកែប្រែសូរព្យញ្ជនៈពីក្រុម អ ទៅក្រុម អ៊ ដោយប្រើត្រីសព្ទឬការកែប្រែសូរពីព្យញ្ជនៈក្រុម អ៊ ទៅក្រុម អ ដោយប្រើមូសិកទន្ត។ មិនឃើញនិយាយដល់ព្យញ្ជនៈ ប ទេ។ ដូច្នេះយើងមិនដឹងថា ធ្មេញកណ្ដុរទាញព្យញ្ជនៈ ប ទៅជាមូលភេទអ្វីទេ ហើយក៏មិនដឹងថាលោកចាត់ទុក ព្យញ្ជនៈ ប នៅក្នុងមូលភេទអ្វីដែរ ប៉ុន្តែបើតាងតារាង ប ជាព្យញ្ជនៈស្ថិតនៅក្នុងមូលភេទ អ ហើយស្ថិតនៅក្នុងកម្រិត១នៃទំនាញសូរ។ (ច័ន្ទ សំណព្វ ២០១០ រាជបណ្ឌិតសភាកម្ពុជា ការបង្កើតពាក្យ កម្ចីពាក្យ បម្រើបម្រាស់ពាក្យ)
បើយោងតាមលទ្ធផលវិភាគលើទិន្នន័យប៉ប៉ុណ្ណេះ យើងឃើញថា៖ ធ្មេញកណ្ដុរកើតឡើងដើម្បីបង្គ្រប់គូ ឱ្យព្យញ្ជនៈដែលគ្មានគូ។ ហើយមានពីរករណី៖
ព្យញ្ជនៈ ង ញ ម យ រ វ គ្មានគូក្នុងមូលភេទ អ ដូច្នេះត្រូវទទួលធ្មេញកណ្ដុរដើម្បីមានគូ
ព្យញ្ជនៈ ប មានសូរកត់ត្រាពីរយ៉ាង ប(មូលភេទអ ខ្យល់ចូល, បាត់ បួន), ប(មូលភេទអ ខ្យល់ចេញ, បក្ស បដិសេធ ប្រទេស ក្នុងទម្រង់កម្ចីពីសំ.បា., ប្រាប់ ប្រែ ក្នុងទម្រង់ព្យញ្ជនៈតម្រួតដែលមានជើងនៅខាងក្រោម)។ ដូច្នេះធ្មេញកណ្ដុរមាននាទីបញ្ចែក ខ្យល់ព្យញ្ជនៈ ប ដែលជាមូលភេទអ។
តទៅនេះ យើងនឹងពិនិត្យមើលករណីធំនីមួយៗ ដោយយើងនឹងកំណត់លក្ខណៈជាទូទៅ មិនបានសិក្សាលំអិតគ្រប់ពាក្យនោះទេ ព្រោះអត្ថបទនេះសម្រាប់ជាគំនិតទូទៅជាជាងលំអិតឱ្យអស់ ឬអាចថាជាការនាំគំនិតអ្នកសិក្សាក៏បាន។

ករណី(ក) កាលណាយើងចង់កត់សូរមូលភេទអ ត្រូវប្រើធ្មេញកណ្ដុរ៖
១- ព្យញ្ជនៈប្រកបដើមជាពាក្យមួយព្យាង្គ
ង៉ក់ ញ៉ែ ម៉ែ យ៉ាង រ៉ូប វ៉ា
២- ព្យញ្ជនៈប្រកបតម្រួតដើមជាពាក្យមួយព្យាង្គ
ម្យ៉ាង ម្ល៉េះ ម៉្ងៃ
ពាក្យ ម៉្លេះ យើងមិនអាចដឹងច្បាស់ជាពាក្យតែមួយឬពាក្យផ្សំទេ។ បើថា ម + ល៉េះ ដូចជាមិន អាចទៅរួម ត្បិតមិនឆ្លើយន័យគ្នា តែបើថា ម៉េះ + ល ដូចជាអាចទៅរួច ដោយសារ យើងអាច ប្រើនៅក្នុងឃ្លាថា យូរម៉េះ!? តើផ្នត់ជែក [-ល-] ស្ដែងន័យក្នុងវេយ្យាករណ៍យ៉ាងម៉េច? ពិតជាពិបាករកថា ដូច្នេះយើងមិនអាចវិភាគបានទេ ទាល់តែយើងសិក្សាពាក្យកម្លាយតាមរយៈ ផ្នត់ច្បាស់សិន។ ប៉ុន្តែយើងអាចវិភាគលើពាក្យ ម្យ៉ាង ម៉្ងៃ។
ម្យ៉ាង < មួយ + យ៉ាង ; ម៉្ងៃ < មួយ + ង៉ៃ ដូច្នេះពាក្យទាំងពីរជាពាក្យសមាសដោយប្រើ វិធីសំណេរកាត់តាមសំណូរ។ បើយោងតាមលក្ខណៈនេះ ធ្មេញកណ្ដុរ ជារបស់ជើង មិនមែនរបស់ព្យញ្ជនៈ ឬពញ្យញ្ជនៈនិងជើងទាំងពីរទេ។ 
៣- ព្យញ្ជនៈប្រកបដើមព្យាង្គនៃព្យាង្គបន្ទាប់ក្នុងពាក្យច្រើនព្យាង្គមិនមានមូលភេទអ
ហ្គារ៉ាស ស៊ីម៉ងត៍ ប៉ុន្តែស៊ីញេ មិនឃើញមានប្រើប្រើធ្មេញកណ្ដុរទៅវិញ។ ចំពោះចំណុចនេះ ច្រើនតែជាពាក្យកម្ចីពីភាសាផ្សេងពីសំ.បា. ពោលគឺបារាំង អង់គ្លេស។ ដូច្នេះហើយបានជា មានចំណុចដែលត្រូវពិចារណាច្រើន។ ឧទាហរណ៍៖
អាម៉េរិក 
ការ៉ុត
ក្រវ៉ាត់
ក្នុងករណីនេះ យើងឃើញមានប្រើធ្មេញកណ្ដុរទោះបីជាមានព្យញ្ជនៈពួកអនៅខាងមុខហើយក៏ដោយ។ ដែលខុសពីលក្ខណៈពាក្យខ្មែរសុទ្ធសាធដូចយ៉ាង៖ ច្រវា ក្រមា សុទ្ធតែមានលក្ខណៈដូចគ្នា តែមិនប្រើធ្មេញកណ្ដុរ។ ចំពោះយើង ប្រសិនបើមានពាក្យដូចលក្ខណៈ ច្រវា ក្រមា គួរតែសរសេរមិនប្រើធ្មេញកណ្ដុរ ដូច្នេះ អាមេរិក ការុត ក្រវាត់។ ឯចំពោះពាក្យ ហ្គារ៉ាស ស៊ីម៉ងត៍ ត្រូវប្រើជាចាំបាច់ ព្រោះមិនស្ថិតនៅក្នុងលក្ខណៈខាងលើ។ 
ហ្គារ៉ាស - ហ្គ - ហ្ក ជាសទ្ទតាថ្មី ហើយក៏មិនទាន់មានការសិក្សាណាមួយឱ្យល្អិតដែរ។ ហ្គ ជាសទ្ទតាក្រុមអ៊ ដោយយោងតាមជើងគ ឯហ្ក ជាសទ្ទតាក្រុមអ ដោយយោងតាមជើងក។ បើគេសរសេរ ហ្គារ៉ាស ត្រូវអាន ហ្គៀរ៉ាស ដូច្នេះ រ៉ាស ត្រូវមានធ្មេញកណ្ដុរ ព្រោះមានសូរ/អា/ ប៉ុន្តែបើសិនជាគេសរសេរប្រើ ហ្ក វិញនោះ ត្រូវនឹងលក្ខណៈ របស់ពាក្យ ច្រវា ក្រមា ដូច្នេះមិនត្រូវសរសេរ ហ្ការ៉ាស ទេ ត្រូវសរសេរ ហ្ការាស។
ស៊ីម៉ងត៍ - ស៊ី សូរស្រៈ/អ៊ី/ ឯ ម៉ងត៍ សូរស្រៈកប់តួ/អ/ ដូច្នេះការប្រើធ្មេញកណ្ដុរ ជាការត្រឹមត្រូវតាមសូរអាន។
បញ្ជាក់៖ កុំច្រឡំនឹងពាក្យពីរឬច្រើនផ្សំចូលគ្នាបង្កើតបានជាមួយពាក្យ។ ក្នុងវិស័យវេយ្យាករណ៍យើងហៅថាពាក្យសមាស។ ឧទាហរណ៍៖ ការងារ 
ករណី(ខ) កាលណាយើងចង់កត់សូរមូលភេទអ ខ្យល់ស្ទះចេញបបូរមាត់ ត្រូវប្រើធ្មេញកណ្ដុរ៖
មានតែមួយករណី ប៉ (ប៉ា ប៉េងប៉ោះ ប៉ុន្តែ)

ករណី(គ) កាលណាមានស្រៈឬវណ្ណយុត្តខាងលើ ធ្មេញកណ្ដុរត្រូវកាឡារូបជាបុកជើង (សណ្ឋានដូច ស្រៈអុ(-ុ))។ តាមការប្រើប្រាស់ជាក់ស្ដែងប្រើជាមួយស្រៈ -ិ, -ី, -ឹ, -ឺ, េ-ី; វណ្ណយុត្ត -័, -ំ)។
ប៉ី ម៉ឺន នំប៉័ង ម៉ាំ

សន្និដ្ឋាន៖ បើយោងតាមលក្ខណៈនៃសូរអានភាសាខ្មែរ និងសេចក្ដីខាងលើ យើងអាចទាញបាន-
ពាក្យនៅខាងមុខជាព្យញ្ជនៈពួកអ៊ តែមានសំឡេងអានជាពួកអ ត្រូវប្រើធ្មេញកណ្ដុរ
ម៉ោង
ពាក្យដែលមានព្យញ្ជនៈក្រុមអនៅខាងមុខព្យញ្ជនៈក្រុមអ៊ជា(ង ញ ន ម យ រ ល វ) មិនត្រូវប្រើធ្មេញកណ្ដុរទេ
ច្រវា សំរាម
ពាក្យពីរព្យាង្គមានសូរអានខុសក្រុមគ្នាដោយមានសូរក្រុមអ៊នៅខាងមុខ ត្រូវប្រើធ្មេញកណ្ដុរ
ស៊ីម៉ងត៍ 
ពាក្យផ្សំពីរដោយឡែកពីគ្នាជាករណីផ្សេង
ការងារ
ពាក្យនៅខាងមុខជាព្យញ្ជនៈអ មានលក្ខណៈច្រើនដែលត្រូវសិក្សា ព្រោះវចនានុក្រមពេលខ្លះ មានប្រើធ្មេញកណ្ដុរ ពេលខ្លះមិនមានប្រើ ដូច្នេះត្រូវការសិក្សាមួយដោយឡែក តែចំពោះយើង គួរតែមិនប្រើធ្មេញកណ្ដុរក្នុងករណីមានព្យញ្ជនៈ(ង ញ ន ម យ រ ល វ)នៅខាងក្រោយ។

ញ៉.ផ.សុផេន
០៥ មករា ២០២៥

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ