ដឹង
ដឹង [ɗɘŋ]
អ្វីជាដឹង? ដឹងដែលយើងនិយាយទីនេះមិនមែនសំដៅដល់របស់ប្រើប្រាស់ដែលមានរាងស្រដៀងនឹងចបកាប់ដោយគ្រាន់តែមុខវាតូចជាង ហើយមានក្បាលស្រួចវែងទៅលើនោះទេ គឺនិយាយអំពីលក្ខណៈន័យដូចខាងក្រោម៖
១- អំណោយន័យពីវចនានុក្រមខ្មែរ
- ដឹង ១ កិ. បានដំណឹង, ចូលចិត្តជាក់, ជ្រាប់ច្បាស់ក្នុងចិត្ត, យល់ជាក់ : ដឹងការណ៍ពិត។ (វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ ទំ.៣០៧។
- ដឹង ១ [ដឹង] កិ. បានដំណឹង, ចូលចិត្តជាក់, ជ្រាប់ច្បាស់ក្នុងចិត្ត, យល់ជាក់ : ដឹងការណ៍ពិត។ ដឹងចិត្តដឹងថ្លើម [ដឹង-ចិត-ដឹង-ថ្លើម] កិ. (សំនួន.) ស្គាល់ឬយល់ចិត្តគ្នាច្បាស់លាស់ : ជាសំឡាញ់រាប់ឆ្នាំដឹងចិត្តដឹងថ្លើមគ្នាអស់ហើយ។ ឱ្យដឹងសខ្មៅ [អោយ-ដឹង-ស-ខ្មៅ] កិ. (សំនួន.) ឃើញជាក់ស្ដែង, ដឹងពិតប្រាកដ : ស្អែកដឹងសខ្មៅហើយ, ប្រកួតគ្នាឱ្យដឹងសខ្មៅ។ (វចនានុក្រមខ្មែរ ២០២២ ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ទំ.៣០៩។
ក/ ខ្ញុំដឹងថាគាត់ចូលចិត្តរឿងខ្មែរ។
ខ/ ខ្ញុំដឹងអ្នកសរសេរសៀវភៅនេះ។
គ/ ដឹងទេ ថាបងនឹងអូន។
ឃ/ ខ្ញុំដឹងហើយ កុំមាត់។
ង/ អ្នកមានជំងឺទឹកនោមផ្អែមគួរដឹងរឿងទាំងនេះ។
បើយោងតាមឧទាហរណ៍ខាងទាំង៥ខាងលើ ដឹង គឺជាការទទួលបានព័ត៌មានប្រាកដជាក់ច្បាស់នៅក្នុងចិត្តឬក្បាល ឬក៏មានដំណឹងឬព័ត៌មានដែលប្រាកដអំពីដំណើរការរបស់វា ប៉ុន្តែមិនមានចេញជាសកម្មភាពនោះទេ។
ដូច្នេះ ដឹង[ទទួលបានឬមានដំណើរការជាព័ត៌មាន ឬក៏មានដំណើរការជាដំណឹង] ប៉ុន្តែអាចបញ្ចេញជាសកម្មភាពមកខាងក្រោយបានឬមិនបានអាស្រ័យលើមនុស្សមានចំណេះជំនាញបន្ថែមទៀត។
មានឃ្លាមួយដែលគាំទ្រសន្និដ្ឋានខាងលើ "វាដឹងគ្រប់រឿង"។
នៅក្នុងផ្នែកនេះយើងគ្រាន់តែឈ្វេងយល់ជាដំបូងសិន ព្រោះនឹងត្រូវវិភាគប្រៀបធៀបនឹងពាក្យផ្សេងៗដូចជា៖ ស្គាល់ យល់។
Comments
Post a Comment