សម្ព័ន្ធវិទ្យា-ទន្សាយរត់បុកគល់ឈើងាប់

សម្ព័ន្ធវិទ្យា
ទន្សាយរត់បុកគល់ឈើងាប់
នៅក្នុងឃ្លាខាងលើ ខ្ញុំបានស្ដាប់អាយ៉ៃតាព្រហ្មម៉ាញ និងយាយយ៉យ(នួនសារី) ដោយសារការស្ដាប់នោះនៅតាមផ្លូវ ដូច្នេះមិនដឹងប្រភពច្បាស់លាស់នោះទេ តែដឹងសំឡេងថាពួកគាត់ទាំងពីរខាងលើ។ 

ពេលតាម៉ាញបង្កើតបរិបទ៖ មានលោកសង្ឃនិមន្តបិណ្ឌបាត្រ ហើយទន្សាយឃើញលោកសង្ឃក៏ផ្អើល"រត់បុកគល់ឈើងាប់"។ តើលោកសង្ឃមានបាបឬទេ? យាយយ៉យឆ្លើយថា៖ បាប ព្រោះទន្សាយងាប់ដោយសារផ្អើលព្រះសង្ឃ។ តាម៉ាញថា៖ បាបអី? បើវារត់បុកគល់ឈើងាប់ហ្នឹង។ ទន្សាយរត់ទៅទៀតទៅ។

ក្នុងករណីនេះបរិបទដូចនេះយើងមិនដឹងថាច្បាស់ថាឃ្លានេះចង់និយាយអំពីអ្វីច្បាស់ទេ ទាល់តែមានបំណកស្រាយបន្ថែម។ 

ទោះបីជាយ៉ាងណាក៏យើងអាចវែងញែកតាមរចនាសម្ព័ន្ធបានដូចខាងក្រោម៖
១- ទន្សាយ បោលបុក គល់ឈើងាប់។
ក្នុង១- យើងឃើញថា ងាប់ ជាកិរិយា ប៉ុន្តែមានមុខងារជាកម្មបទបញ្ជាក់លក្ខណៈឱ្យនាមខាងមុខវាគឺ គល់ឈើ បង្កើតបានជាកន្សោមនាម(កន)ដែលមានមុខងារជាកម្មបទរងអំពើពីកិរិយា(កិ) បោលបុក ដែលសម្ដែងពីឬបម្រាប់កន្សោមនាមដើម(ទន្សាយ)ដែលមានមុខងារជាប្រធាន។
នេះជាឃ្លានិងន័យដែលតាម៉ាញចង់ស្ដែងន័យឡើង។

ចំណែកយាយយ៉យ គាត់បានចាញ់បន្លំគំនិតរបស់តាម៉ាញត្រង់មានព្រះសង្ឃ និងបាប ដែលជាហេតុនាំឱ្យគាត់យល់ដល់ន័យមួយផ្សេងដូចខាងក្រោម៖
២- ទន្សាយ បោលបុក គល់ឈើ ងាប់។ 
ក្នុង២- យើងឃើញថាមានកិរិយាពីរក្នុងកន្សោមកិរិយា(កកិ) ហើយមានមុខងារបម្រាប់ប្រធានដូចគ្នា ដូច្នេះ បោលបុក ជាកិរិយាមួយ ដែលមាន គល់ឈើ ជាកម្មបទ។ ហើយ ងាប់ ជាកិរិយាមួយដែរ ប៉ុន្តែគ្មានកម្មបទ ទាំងបោលបុកគល់ឈើ និងងាប់ សុទ្ធតែស្ដែងន័យឱ្យកនដើម(ទន្សាយ)ដែលជាប្រធានដូចគ្នា។ 

ក្រោយពីបកស្រាយទម្រង់សម្ព័ន្ធនេះហើយ បានធ្វើឱ្យខ្ញុំនឹកឃើញរឿងមួយទាក់ទងនឹងជីវិតប្រចាំថ្ងៃ ដែលមនុស្សមួយចំនួនបានយល់ភាសាឬដឹងសម្ដីរបស់អ្នកស្រុកផ្សេងមិនបានច្បាស់ ក៏កើតចិត្តខឹង។ សូម្បីតែសម្ដេចហ៊ុនសែនក៏គេថាគាត់ឈ្លើយដែរព្រោះតែប្រើពាក្យ ពូឯង បងឯងជាដើម ដែលគេយល់ថាមិនល្អ។ មួយវិញទៀត ខ្ញុំនឹកដល់ភាសាវិទូខ្មែរដែលបញ្ចេញទស្សនាទានតាមរយៈរឿងធនញ្ជ័យ បើសិនជាមានឱកាស ខ្ញុំនឹងសាកល្បងបកស្រាយ។



Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ