ការអានពាក្យ សព្វ-សព្ទ
សព្ទ-សព្វ
![]() |
| សព្ទ/សព្វ |
បើសិនជាយើងយកការសង្កេតជាទូទៅ រាល់ពាក្យដែលកម្ចីពីភាសាសំស្ក្រឹតឬបាលី ហើយមានជើង នោះជាធម្មតាគេអាន -ា បន្តក់ ហើយផ្ដួលសូរទៅតាមមូលភេទអអ៊។
មូលភេទ អ __ សព្ទ (សាប់), ខណ្ឌ (ខាន់), ឆត្រ (ឆាត់), ចក្ក (ចាក់)
មូលភេទ អ៊ __ ភណ្ឌ (ភាន់), ធម្មតា (ធាម់មៈដា > ធាំមៈដា) មិត្រភក្តិ (មិត ភាក់)
ប៉ុន្តែយើងឃើញមានពាក្យប្រកបនឹង ង្/ន្ មានជើងខ្លះអានផ្សេងពីករណីខាងលើដូចជា អង្គ (អង់), ចតុរង្គ (ចាក់.តុ.រ៉ង់)។ គង្គ (គង់), ប្រពន្ធ (ប្រ.ពន់) ដោយសារតែបែបនេះហើយបានជាគេប្រើសំយោគសញ្ញា (-័) ។ ប៉ុន្តែយើងមិនវិភាគលើករណីអាននេះទេ គោលបំណងយើងគឺសាកគិតតែទៅលើពាក្យ សព្ទ/សព្វ តែប៉ប៉ឹណ្ណោះ ព្រោះប្លែកគួរឱ្យយកមកពិចារណា។
សព្ទ -- មិនមានបញ្ហាអ្វីដែលយើងត្រូវវិភាគទេ ព្រោះវាស្ថិតនៅក្នុងក្រុមដែលមានលក្ខណៈទូទៅដោយអានថា សាប់។
ចំណែកឯពាក្យ សព្វ ប្លែកចេញពីលក្ខណៈទូទៅ មូលហេតុអាចមកពី ១) វចនានុក្រមបង្គាប់ឱ្យអាន សប់ ២) ដោយខ្លាចច្រឡំនឹងពាក្យ សព្ទ បើសិនជាឱ្យអានថា សាប់(សព្វ) ៣) អាចក្លាយមកពីពាក្យកម្ចីសំស្ក្រឹតមុនគឺ សារពើ ៤) ឬមានលក្ខណៈឆ្លងតាមពាក្យ សព។
បើសិនជាយើងមើលទៅលើគំនិតទាំង៤ខាងលើ ចំណុចទី២) ដូចជាមិនអាចទៅរួចទេ ចំណែកចំណុចទី១) អាចដែរ ប៉ុន្តែវចនានុក្រមយកអ្វីដែលគេប្រើមកចងក្រង ដូច្នេះក៏មិនសូវជាយោបល់គួរទទួលយកបានដែរ មានតែករណីទី៣) និងទី៤) ទេដែលអាចយកមកពិចារណាបាន។ ហើយបើយើងមើលលើគំនិតទី៤) ក៏ឃើញថាគ្រប់គ្រាន់ហើយ មិនចាំបាច់ពន្យល់វែងឆ្ងាយទេ។ មានតែចំណុចទី៣)ទេ ដែលត្រូវការពន្យល់តាមបែបសូរវិទ្យា។
សារពើ < សព៌េ < សវ៌េ (វចនានុក្រមខ្មែរ, ១៩៦៧, ពុទ្ធសាសនបណ្ឌិត្យ)
សព៌ < សវ៌ ហើយបើសិនជាយើងកត់ពាក្យ សព៌ តាមវិធីបែប សរ្ព នេះវិញ នោះយើងនឹងអាចអានបានពីរយ៉ាង ១)អានថា ស ២)អានថា សប់ ដោយយកលក្ខណៈឆ្លងពីពាក្យ ព្រហ្ម (ព្រំ) គ្រាន់តែខុសមូលភេទអអ៊ប៉ុណ្ណោះ។
បើសិនជាយើងសាកល្បងផ្ដួលពីសូរ សព៌ > សព៌ៈ > សៈពៈ > សព់ > សប់ យ៉ាងដូច្នេះ។
ហេតុអ្វីបានជាយើងពន្យល់តាមបែបសំស្ក្រឹតមិនពន្យល់តាមបែបបាលី ព្រោះពាក្យនេះខ្ចីពីបាលី? ចំពោះយើង យើងជឿថាពាក្យនេះខ្ចីពីសំស្ក្រឹត ក្រោយមកយកសំណេរបាឡីមកជាក្រោយ ដូច្នេះហើយបានជាយើងពន្យល់ចេញពីសំស្ក្រឹត បើសិនជាមកពីបាលី នោះអំណានប្រហែលជាមិនអាចចេញពីលំអានទូទៅបានទេ ព្រោះជាពាក្យខ្ចីសម័យក្រោយៗមក ដោយសារតែពាក្យនេះមានខុសលំនាំដើម ទើបយើងយល់ថាជាពាក្យកម្ចីតាំងពីយូរយារណាស់មក គឺខ្ចីពីសំស្ក្រឹត។

Comments
Post a Comment