សូរដូច-សទិសសូរ-សូររលឿ
សូរដូច - ផ្សា ផ្សារអ្នកចូលចិត្តផ្សា(រ)មួយណា?
សូមមើល សទិសសព្ទ
វចនានុក្រមខ្មែរ ១៩៦៧ ពុទ្ធសាសនបណ្ឌិត្យ៖- ផ្សា ១ កិ. ឬ គុ. ឈឺចាប់ពើតរោលឆៀបៗដោយមុខសស្ត្រា, របួស, ដាច់, រលាត់, ប៉ះពាល់ត្រូវ, ប្រទះនឹងជាតិជូរ, ប្រៃ, ហឹរ...។ ផ្សាខ្លោច ឬ ខ្លោចផ្សា កើតទុក្ខសង្រេងដោយសេចក្ដីស្ដាយស្រណោះឬដោយសេចក្ដីអាល័យហាក់ដូចជាឆេះខ្លោចឈឺផ្សាក្នុងចិត្ត។
- ផ្សា ២ អា. និ. (ព. បុ.) ព្រោះ, ហេតុតែ, ដោយហេតុ; តាមតែ, តាមតែចង់, ព្រោះតែចំណង់ : ផ្សានឹងបាន ចង់តែនឹងបាន។ (ព. កា.) : លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្ដាន បង្ហិនធនធាន ចើកអាសមាយា។... (កាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា...) ។ មើលពាក្យកាព្យ ស្រី ទៀតផង ។
- ផ្សា ៣ កិ. ផ្សងតាមកម្ម, ផ្សងព្រេង; ទ្រាំទ្រ, ទ្រាំអត់; កាត់ក្ដីសន្ដោសតាមមានតាមបាន : ផ្សាជាអ្នកកម្សត់ទុគ៌ត (ម. កណ្ឌមហារាជបព្វៈ) ។
- ផ្សារ ១ ន. (ក្លាយមកពីពាក្យបរទេសថា ប៊ៈហ្សារ) ទីប្រជុំទិញលក់របស់ផ្សេងៗ គឺប្រជុំផ្ទះឬរានតូចធំដែលគេដាក់ទំនិញលក់ដូរ។ បុរាណប្រើពាក្យនេះថា អាប័ណ (ម.ព.នេះផង)។ ផ្សារផ្សោ ផ្សារស្ដុកស្ដម្ភនិងផ្សាររាយរងនៅលាយចម្រុះគ្នា (ព.សា.) ។
- ផ្សារ ២ កិ. ភ្ជាប់ភ្ជិតដោយទឹកបន្សារ : ផ្សារឆ្នាំងស្ពាន់, ផ្សារឡតស័ង្កសី។
- ផ្សារ ភ្ជាប់ភ្ជិតដោយទឹកបន្សារ។ នោះយើងនឹងអាចស្វែងរកពាក្យឫសដូចខាងក្រោម
- ប + សារ > ប្សារ > ផ្សារ
ផ្នត់ដើម [ប៑-] ស្ដែងន័យថា ធ្វើឱ្យ, ចំណែក សារ គឺប្រសើរ ដូច្នេះ ផ្សារ គឺធ្វើឱ្យប្រសើរ។
- ប + សា > ប្សា > ផ្សា
ចំពោះផ្នត់ដើមដូចគ្នា ប៉ុន្តែពាក្យឫសខុសគ្នា សា ដែលមានន័យថា កើតឡើងវិញ ដូច្នេះ ផ្សា គឺធ្វើឱ្យកើតឡើងវិញ។
បើយោងតាមន័យនៃពាក្យខាងលើ យើងអាចធៀបនឹងរបស់ក្នុងលោកៈដែលវាស្ដែងឡើង ផ្សា(រ) គឺរបស់ដែលមិនទាន់មាន ឬមានហើយ តែមិនល្អ មិនប្រសើរ ដើម្បីឱ្យរបស់នោះកើតមាន ហើយប្រសើរឡើង គេត្រូវការផ្សារ។ ផ្សារស្ពាន់ គឺបិទភ្ជិតកន្លែងដែលធ្លុះ គឺមិនប្រសើរ ទៅ ប្រសើរ។ ផ្សារស្នួរ គឺយកដែកបិទភ្ជាប់ឱ្យចេញជារូបរាងស្នួរ គឺពីរបស់មិនមានសារៈទៅជាមានសារៈ។
ដូច្នេះផ្សារ ដែលមានន័យថាភ្ជាប់ភ្ជិតដោយទឹកបន្សារក្លាយមកពីបន្សំរវាងផ្នត់ដើម[ប៑-]ទម្រង់/ព-/+ពាក្យឫស[សារ]>ផ្សារ។



Comments
Post a Comment