ចេះ-ដឹង-យល់-ស្គាល់

 ចេះ-ដឹង-យល់-ស្គាល់

បើយើងមើលតាមអំណោយន័យ និងការប្រើប្រាស់ក្នុងបរិបទខ្លះ យើងពិតជារកភាពខុសគ្នាមិនឃើញទេ ប៉ុន្តែយើងនៅតែអាចរកភាពខុសគ្នាបានខ្លះដោយយោងទៅតាមកម្រងទិន្នន័យភាសា។

  • ចេះ - ដឹងជាក់ យល់ជាក់
  • ដឹង - បានដំណឹង ចូលចិត្តជាក់ យល់ជាក់ ជ្រាបច្បាស់
  • យល់ - ឃើញដោយប្រាជ្ញ គិតឃើញច្បាស់
  • ស្គាល់ - ចាំបាន ចាំជាក់ ដឹងបាន ដឹងច្បាស់
បើសិនជាយើងពិនិត្យនិងសាកល្បងយកពាក្យមកពន្យល់តាមវចនានុក្រម នោះយើងនឹងឃើញថា៖ យល់ > យល់ជាក់/ដឹង > ដឹងច្បាស់/ស្គាល់។ ដឹងជាក់ យល់ជាក់ / ចេះ។

ដូច្នេះ ដឹង + យល់ = ចេះ, យល់ > ដឹង > ស្គាល់។

តាមសេចក្ដីសន្និដ្ឋានខាងលើ យើងអាចទាយចេញជាមូលដ្ឋានយ៉ាងដូច្នេះ យល់មានព័ត៌មាននៅនឹងក្បាល ប៉ុន្តែមិនអាចបញ្ចេញសកម្មភាពបាន។ ចំណែក ដឹង មានព័ត៌មាននៅនឹងក្បាលដែលជាដំណើរការមួយអាចនឹងបញ្ចេញជាសកម្មភាពមកខាងក្រៅបាន។ រីឯ ចេះ គឺមានព័ត៌មាន និងអាចបញ្ចេញសកម្មភាពមកខាងក្រៅដោយស្ទាត់ជំនាញ។ ដោយយើងផ្ទៀងផ្ទាត់ដោយឃ្លា៖
  1. ខ្ញុំយល់អំពីទម្រង់វេយ្យាករណ៍របស់ភាសាអង់គ្លេស។ 
  2. ខ្ញុំដឹងអំពីភាសាអង់គ្លេស។ 
  3. ខ្ញុំចេះភាសាអង់គ្លេស។
នៅក្នុងឃ្លាទីមួយ គឺមនុស្សនេះមិនអាចប្រើប្រាស់ភាសាអង់គ្លេសដើម្បីទំនាក់ទំនងបានទេ។ ចំណែកឃ្លាទីពីរ គាត់យល់ ហើយគាត់អាចប្រើប្រាស់ភាសាអង់គ្លេសបានឬមិនបាន ប៉ុន្តែគាត់មានទិន្នន័យដែលអាចឱ្យគាត់យល់ជាក់ថាវាជាភាសាអង់គ្លេស។ ឯចំពោះឃ្លាទី៣ គាត់មិនត្រឹមតែយល់ និងដឹងថាវាជាភាសាអង់គ្លេសប៉ុណ្ណោះទេ គឺគាត់អាចប្រើបានទៀតផង។

ជាចុងក្រោយ ចេះ ជាសមត្ថភាពដែលមាននៅខាងក្នុង ហើយអាចបង្ហាញជាសកម្មភាពបាន។ ចំណែក ស្គាល់ ជារូបភាពដែលទទួលបានតាមរយៈភ្នែក ហើយចាំបានក្នុងក្បាលឬចិត្ត។

Comments

Popular posts from this blog

ឈឺ ចុក ចាប់ ផ្សា ក្រហាយ

តាត្រសក់ផ្អែម - ស្ដេចកន

សង្គមភាសា-ការប្រើប្រាស់ពាក្យ